សម្តេច​តេជោ នឹងដឹកនាំ​កិច្ច​ប្រជុំគណៈរដ្ឋមន្រ្តីព្រឹក​នេះ

សម្តេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា​ នៅថ្ងៃ​នេះ​នឹង​ដឹក​នាំ​កិច្ច​ប្រជុំគណៈរដ្ឋមន្រ្តី​ ដើម្បីឆ្លង​ និង​អនុម័តលើ​របៀប​វារៈមួយចំនួន។

តាមរយៈ​បណ្តាញសង្គមសម្តេចតេជោ បាន​សរសេរ​ថា​ “សុខសប្បាយជាទេបងប្អូនជនរួមជាតិ ថ្ងៃនេះខ្ញុំត្រូវដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ធមន្រ្តីនៅម៉ោង ៨:៣០ បន្តិចទៀតនេះ។ ខ្ញុំសូមជម្រាបបងប្អូនផងដែរអំពីសុខភាពរបស់ខ្ញុំគឺនៅល្អរឹងមាំដូចធម្មតា។ សូមអរគុណបងប្អូនដែលមានការព្រួយបារម្ភអំពីសុខភាពខ្ញុំ និងបានជូនពរខ្ញុំក្នុងពេលបំពេញបេសកកម្មការងារនៅកូរ៉េ និងនៅប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី ៣ ដល់ថ្ងៃទី៥ កុម្ភះកន្លងមកនេះ។ ច្បាស់ណាស់ កម្ពុជាគឺនៅកាន់តែជិតជាមួយមិត្តចិន ជាពិសេសក្នុងកាលៈទេសៈដ៏លំបាកនេះ ព្រោះថាមិត្តល្អមិនបោះបង់ចោលគ្នាក្នុងគ្រាអាសន្ន។សូមជូនពរបងប្អូនជនរួមជាតិ និងកូនក្មួយជួបតែសេចក្តីសុខ និងសំណាងល្អទាំងអស់គ្នា”។

យោងតាម​ហ្វេសបុកលោក ផៃ​ ស៊ីផាន​  អ្នក​នាំពាក្យ​ទីស្តីការគណៈរដ្ឋមន្រ្តីបាន​ឱ្យ​ដឹង​ថា គណៈរដ្ឋមន្រ្តីនឹងបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។
ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈដូចខាងក្រោម៖

១. សេចក្តីព្រាងច្បាប់ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។
២.សេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។
៣.គម្រោងអភិវឌ្ឍរោងចក្រអគ្គិសនីដុតធ្យូងថ្ម ២៦៥មេហ្គាវ៉ាត់ នៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ
គម្រោងអភិវឌ្ឍបណ្ដាញបញ្ជូន២៣០គីឡូវ៉ុល ពីរោងចក្រអគ្គិសនីធ្យូងថ្មខេត្តឧត្តរមានជ័យ មកអនុស្ថានីយសៀមរាប និងគម្រោងអភិវឌ្ឍរោងចក្រអគ្គិសនីដុតធ្យូងថ្ម៧០០មេហ្គាវ៉ាត់ នៅស្រុកបទុបសាគរ ខេត្តកោះកុង និងការអនុវត្តបន្តទៀត។
៤.បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើ៖
៤.១- សន្ធិសញ្ញាស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។
៤.២- សន្ធិសញ្ញាស្តីពីការផ្ទេរទណ្ឌិត រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។
៤.៣- ពិធីសារទីមួយ ដើម្បីធ្វើវិសោធនកម្មលើកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន។
៤.៤- ពិធីសារទីពិរ ស្តីពីវិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន។
៥.៥- ពិធីសារទីបី ស្តីពីវិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន។
ទីកន្លែង នៅទីស្តីការគណៈរដ្ឋមន្រ្តី (វិមានសន្ដិភាព)។