សម្តេច​តេ​ជោ​បើកភ្លើង​ខៀវ​ ឲ្យ​កីឡា​មួយ​ចំនួន​មាន​សកម្មភាព​ប្រកួត​ឡើងវិញ តែ​ត្រូវ​បិទទ្វារ​
BREAKING NEWS
Search

សម្តេច​តេ​ជោ​បើកភ្លើង​ខៀវ​ ឲ្យ​កីឡា​មួយ​ចំនួន​មាន​សកម្មភាព​ប្រកួត​ឡើងវិញ តែ​ត្រូវ​បិទទ្វារ​

​កីឡា​មួយ​ចំនួន​ ដែល​បាន​ផ្អាក​សកម្មភាព​ទាំង​ការ​ហ្វឹកហាត់ ទាំង​ការ​ប្រកួត​មួយ​រយៈ​នៃ​ការទប់ស្កាត់​និង​បង្ការ​ជំងឺ​កូ​វីដ​-១៩ អស់​រយៈពេល​ជាង ២ ខែ​កន្លងមក​នោះ​ ពេលនេះ​ត្រូវ​បាន​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន សែន ​នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រ​កម្ពុជា បាន​ផ្តល់​ភ្លើង​ខៀវ​ ឲ្យ​កីឡា​មួយ​ចំនួន​ ដែល​មាន​កម្មវិធី​ប្រកួត​នោះ ត្រូវ​មាន​សកម្មភាព​ប្រកួត​ឡើងវិញ ​ប៉ុន្តែ​ត្រូវ​ធ្វើ​ការប្រកួត​ដោយ​បិទទ្វារ ពោល​គឺ​ហាម​មិន​ឲ្យ​មាន​អ្នកទស្សនា​មើល​នោះ​ឡើយ​។

​នៅ​ក្នុង​សារ​ជា​សំឡេង​ដើម​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែ​ឧសភា​ ឆ្នាំ២០២០​នេះ បាន​ឲ្យ​ដឹង​ថា ឯកឧត្តម​ម៉ម ប៊ុន​ហេង ​រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​ឯកឧត្តម​ថោង ​ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ និង​ឯកឧត្តម​ហង់ ​ជួនណា​រ៉ុ​ន​ រដ្ឋ​មន្ត្រីក្រសួង អប់រំ​យុវជន​និង​កីឡា គប្បី​ធ្វើការ​ពិភាក្សា​គ្នា ​ដើម្បី​បើក​ឲ្យ​មាន​ការប្រកួត​កីឡា​មួយ​ចំនួន​ឡើងវិញ​។​ សម្ដេច​តេ​ជោ​បាន​មានប្រសាសន៍ថា​ កន្លងមក​ទាក់ទង​វិស័យ​កីឡា គឺ​យើង​បាន​អនុញ្ញាត​ឲ្យ​តែ​កីឡាប្រដាល់​ធ្វើការ​ប្រកួត​ដោយ​បិទទ្វារ ឯ​កីឡា​ដទៃ​ទៀត ​គឺ​ស្ងប់ស្ងាត់​។

​សម្រាប់​ពេលនេះ យើង​ពិនិត្យ​ឃើញ​ថា​ យើង​គួរ​ចាប់ផ្ដើម​ឲ្យ​មាន​សកម្មភាព​កីឡា​គ្រប់​ប្រភេទ​គ្រប់​ទម្រង់​ទាំង​បាល់ទាត់​បាល់ ទះ​បាល់បោះ​និង​កីឡា​ប្រភេទ​ដទៃ​ទៀត​ ប៉ុន្តែ​ប្រសិនជា​មានការ​ប្រកួត ក៏​ប្រកួត​បិទ ទ្វារ​ដដែល​។ សម្ដេច​យល់ថា ហានិភ័យ​នៅ​កន្លែង​ការប្រកួត​កីឡា​មិន​ជា​មាន​ច្រើន​ប៉ុន្មាន​ទេ ដោយ​យើង​កំណត់​ទាក់ទិន​នឹង​ការប្រកួត​ដូចជា​បាល់ទាត់​ យើង​មិន​ត្រូវ​ឲ្យ​មាន​អ្នក​ដែល​ត្រូវ​ចូល​ទៅ​មើល​ទេ គឺ​ក្នុង​១​កន្លែង​ប្រកួត​ហ្នឹង យ៉ាង​ច្រើន​ប្រើ ប្រាស់​បើ​ថា​បាល់ទាត់​វា​អាច​ថា​៥០​ឬ​៦០ នាក់​ប៉ុណ្ណោះ ទាំង​គ្រូ​បង្វឹក​ទាំង​កីឡាករ​ ហើយ​ទីធ្លា​ក៏​ធំ​ដែរ ហើយ​បាល់ទះ​ក៏​ដូច្នេះ​ដែរ​ គឺ​វា​មិន​ច្រើន​ទេ​បាល់ទះ បាល់បោះ​ហើយ​ប្រភេទ​កីឡា​ផ្សេងៗ​ទៀត​ ក៏​ដូចគ្នា​ដែរ​។

​ដូច្នេះ​ហានិភ័យ​វា​មិន​ជា​ខ្ពស់​ទេ​ហើយ​ប្រយ័ត្ន​ទៀត​ យើង​ប្រគល់​ឲ្យ​សហព័ន្ធ​នីមួយៗ​ជាមួយ​ក្លឹប​ជា​អ្នកទទួលខុសត្រូវ​ ដែល​កន្លែង​ប្រកួត យើង​ក៏​ត្រូវ​មាន​វិធាន ការ​ម៉ឺងម៉ាត់​ទៅលើ​បញ្ហា​ការ​ត្រួតពិនិត្យ​កម្ដៅ ការ​ត្រួតពិនិត្យ​ផ្សេងៗ​មុននឹង​ឲ្យ​ចូល​ទៅ​ធ្វើការ​ប្រកួត​។ ​ដូច្នេះ​ស្នើ​ឲ្យ​ឲ្យ​ឯកឧត្តម​រដ្ឋមន្ត្រី​ទាំង​បី​ ពិនិត្យមើល​ដោយ​យើង​បើក​ជា​ជំហាន​ៗ ប៉ុន្តែ​នៅ​ក្លឹប​ហាត់ ប្រាណ​មិនទាន់​ឲ្យ​បើក​ទេ​វិស័យ​ឯកជន​ ដែល​ប្រមូលផ្ដុំ​កកកុញ​ដោយ​មនុស្ស​ទៅ​ហាត់ប្រាណ ហើយ​កន្លែង​ក្លឹប​ម៉ាស្សា​ខា​រ៉ាអូ​ខេ​ ក៏​មិនទាន់​ឲ្យ​បើក​ដែរ​។ ​សម្ដេច​តេ​ជោ​បាន​បញ្ជាក់​ថា រាជ​រដ្ឋាភិបាល​ចង់​ជំរុញ​វិស័យ​កីឡា​ឲ្យ​ចេញមុខ ដោយសារ​ហានិភ័យ​ហាក់​ដូចជា​ទាប​បើ​ប្រៀបធៀប​ នឹង​សកម្មភាព​ទេសចរណ៍​ ដែល​កំពុង​មាន​សព្វថ្ងៃហើយ​ម្យ៉ាងទៀត​វិធានការ​ការ​ការពារ​ គឺ​ត្រូវ​តែ​មាន​គ្រប់​ទីកន្លែង​ទាំងអស់​។

​ដូច្នេះ​គួរ​ពិចារណា​ឲ្យ​មានការ​ប្រកួត​ ដោយសារតែ​យើង​មាន​វគ្គ​ប្រកួត​នេះ ​វគ្គ​ប្រកួត​នោះ​ឬ​កម្មវិធី​ប្រកួត​ផ្សេងៗ ហើយ​ម្យ៉ាងទៀត​ធនធាន​ធនធាន​កីឡា​របស់​យើង​ បើសិន​យើង​ពន្យារ​ចោល​យូរពេក ​គឺ​ការ​ហ្វឹកហាត់​ក៏​មិនបាន​ធ្វើការ​ប្រកួត​ក៏​មិនបាន​ធ្វើ​និង​ធ្វើ​ឲ្យ​ផ្នែក​កីឡា​របស់​យើង​ចុះ​ខ្សោយ​ដែរ​។​ ដូច្នេះ​សូម​ពិចារណា​លើ​រឿង​នេះ​ ហើយ​បើ​ឯក​ភាព​គ្នា​ ហើយ​សូម​ផ្ដល់​មតិយោបល់​មក​សម្ដេច​វិញ ដើម្បី​នឹង​ប្រកាស​បើក​ឲ្យ​មានការ​ប្រកួត​តែម្ដង​។​ សម្ដេច​តេ​ជោ​បាន​បញ្ជាក់​ថា គឺ​វា​ល្មម​ដល់ពេល​វេលា​ហើយ​៕
អត្ថបទ៖ ​វិ​សិទ្ធ
​សូមចុចអាន៖ គ្រាន់តែ​ក្នុង​ខែ​មេសា​ឆ្នាំ​នេះ ចាប់បាន​រថយន្ត​ដឹក​លើស​ទម្ងន់ ២៩៨​គ្រឿង នឹង​ពិន័យ​ជាង ៥​រយ​លាន​រៀល​