BREAKING NEWS
Search

សម្តេច​តេ​ជោ​ហ៊ុនសែន ចាត់ទុកថា ភាពសេរី​សម្រាប់​ពួក​ប្រឆាំង​ទាល់តែ​គេ​ដើរចូល​ផ្ទះ​នាយករដ្ឋមន្ត្រី ឬ សម្លាប់​នាយករដ្ឋមន្ត្រី ទើប​ហៅថា សេរី

ភ្នំពេញ​ ៖​ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា និង ជា​ប្រធាន​គណបក្ស​ប្រជាជន​បាន​ថ្លែង​ថា គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រកាស​ទទួលយក​ល​ទ្ធ​ផល​បោះឆ្នោត​នេះ​ដោយ​បាន​ចាត់ទុកថា ជាការ​បោះឆ្នោត​ដោយ​សេរី​ត្រឹមត្រូវ​និង​យុត្តិធម៌។ ប៉ុន្តែ​បែរជា​គណបក្សនយោបាយ​មួយ​និង​អង្គការ​ក្រៅ រដ្ឋាភិបាល​មួយ​ចាត់ទុកថា នៅ​មាន​បន្ទុក​មិនទាន់​សេរី​ទេ។ ដូច្នេះ​ខ្ញុំ​ចាត់ទុកថា ភាព​សេរី​របស់គេ​នៅពេលដែល​គេ​ដើរចូល​ផ្ទះ​នាយករដ្ឋមន្ត្រី ឬ សម្លាប់​នាយករដ្ឋមន្ត្រី​នៅ​នឹងកន្លែង​ទើប​ហៅថា សេរី​ហើយ។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​លើកឡើង​បែបនេះ នៅ​ក្នុង​ឱកាស​អញ្ជើញ​ប្រគល់​វិញ្ញាបនបត្រ ដល់​សិស្សសាលា​ភូមិន្ទ​រដ្ឋបាល​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០១៧ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ។ សម្តេច​បាន​ថ្លែង​ថា លទ្ធផល​បោះ​ឆ្នោត​ត្រូវ​បាន គ ជ ប ប្រកាស​លទ្ធផល​ពី​ថ្ងៃ​ទី ២៥ មិថុនា ហើយ បក្ស​ណា​ទទួល​បាន​ប៉ុន្មាន? បក្ស​ណា​ទទួល​បាន​ប៉ុន្មាន ? គឺ​ទទួល​យក​បាន​ទាំងអស់​គ្នា​ហើយ។ ប៉ុន្តែ​មាន​បក្ស​នយោបាយ​មួយ​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​មួយ ធ្វើការ​បោះឆ្នោត​ថា​មិនទាន់​សេរី ដោយសារតែ​គេ​លើកឡើង​ថា ដោយសារ​នៅមាន​អ្នក​ជាប់ពន្ធនាគារ។

សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​បន្ត​ថា ឥឡូវ​បន្ទោស​អី​ទៀត រឿង​ឡាំប៉ា នេះ​គឺ​មិន​ចេះ​ចប់​ទេ ទាល់តែ​ដំណាក់​កាលដែល​គេ​អាច​ចូល​ទៅ​ក្នុង​វិមាន​សន្តិភាព​បាន អា​ហ្នឹង​បាន​ល្អ ត្រឹម​ប៉ុណ្ណឹង​មិន​ស្កប់​ទេ ផែនការ​ដណ្តើម​យក​តំណែង​ប្រធាន​ព្រឹទ្ធសភា​ដើម្បី​ក្លាយ​ជា​ប្រមុខ​រដ្ឋស្តីទី​ក្នុង​ពេល​អវត្តមាន​ព្រះមហាក្សត្រ បាន​រលាយ​បាត់​ទៅ​ហើយ ដែល​ស្មើ​សម្លេង​ឆ្នោត ៦០ ភាគរយ ដោយសារ​មិន​សម្រេច​ផែនការ​នេះហើយ​បានជា​គេ​ថា មិន​សេរី​នោះ។

ជា​មួយ​នេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​ថ្លែង​ពាក់ព័ន្ធ​ទៅ​បន្ទប់​ស្ថានការណ៍​ថា “​ល្មម​បាន​ហើយ​អស់លោក ខ្ញុំ​ក៏​ដឹង​ដែរ​ថា អស់លោក​រៀបចំ​ស្អី​យ៉ាងម៉េច​នោះ ? អស់លោក​បាន​រៀប​ចំ​ផែនការ អាក្រក់​អា​ក្រី​ណាស់​”។ សម្តេច​បន្តថា ខ្ញុំ​ថ្កោលទោស​ចំពោះ​ការ​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា និង ជនបរទេស​ដែល​មក​ធ្វើ​ចារកម្ម​លើ​ទឹកដី​កម្ពុជា​ក៏ត្រូវ​ចាប់​ផ្តន្ទាទោស។

សម្តេច​តេ​ជោ ក៏បាន​ថ្លែង​កោតសរសើរ​ចំពោះ គ ជ ប នៅ​គ្រប់​កម្រិត​ទាំងអស់​ដែល​បាន​ធ្វើ​កិច្ចការ​ដ៏​ល្អ​នេះ ពិតមែន​ហើយ​មានការ​ដាក់​ការសង្ស័យ​នេះ សង្ស័យ​នោះ ដូចជា​ការ​បោះពុម្ព​សន្លឹកឆ្នោត​ច្រើន​ក៏​បង្កើត​ទៅជា​បញ្ហា។ បញ្ហា​ទឹកខ្មៅ​កាលពី​ឆ្នាំ ២០១៣ ក៏មាន​បញ្ហា​ដែរ អ្នក​ប្រកាស​ថា ទឹកខ្មៅ​លប់​ជ្រះ​ក៏​គួរតែ​មានទោស​ដែរ។ សម្តេច​ក៏បាន​កោត​សរសើ​រ​ចំពោះ​គណៈកម្មការ​សុវត្ថិភាព​សម្រាប់​ការបោះឆ្នោត​ដែល ដឹកនាំ​ដោយ​សម្តេច​ក្រឡាហោម ស ខេង បានល្អ។ ​បើ​ទោះ​បី​មាន​ករណី​ហិង្សា​ខ្លះ តែ​មិន​មាន​ឈាន​ដល់ មាន​ឃាតកម្ម​នោះ​ទេ បរិយា​ការបោះឆ្នោត​ស្ថិត​ក្នុង​ស្ថានភាព​ល្អប្រសើរ។

សេដ្ឋកិច្ច​ក៏​មិនបាន​ធ្វើ​ឲ្យ​មាន​អតិផរណា​ដែរ បើ​ទោះបី​ថា កម្រិត​នៃ​ការទិញ​ផ្ទះ​មានការ​ធ្លាក់​ចុះ​តែ​ដោយសារតែ​មនុស្ស​ទិញ​ច្រើន​ទៅ​ហើយ។ សណ្តាប់ធ្នាប់​ត្រូវ​បាន​ធានា​នៅ​គ្រប់កន្លែង​ទូទាំងប្រទេស។ សម្តេច​តេ​ជោ បាន​អរគុណ​គណបក្សនយោបាយ​ទាំងអស់​ដែល​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ដ៏​សំខាន់​របស់​ប្រទេស​យើង នេះ​ជា​ដំណើរការ​ដ៏​ទៀងទាត់​នៃ​ដំណើរការ​ប្រជាធិបតេយ្យ​របស់​កម្ពុជា។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ឲ្យ​ដឹង​ទៀត​ថា ការ​បរិច្ឆេទ​សម្រាប់​ការបោះឆ្នោត ព្រឹទ្ធសភា​នឹង​ប្រព្រឹត្ត​ធ្វើ​នៅ​ថ្ងៃអាទិត្យ ទី ១៤ ខែ មករា ២០១៨។ ការប្រកាស​កាលបរិច្ឆេទ​ការបោះឆ្នោត គឺ​ដើម្បី​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ត្រៀមខ្លួន ហើយ​ខាង​រាជរដ្ឋាភិបាល​ត្រៀម​ថវិកា​ដើម្បី​ជូន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​។ នៅ​ពេល​ខាងមុខ ក៏​មាន​ការ​ចុះឈ្មោះ​បោះឆ្នោត​ជាថ្មី​ទៀត​សម្រាប់​ក្មួយៗ​ដែល​ដល់​អាយុ​បោះឆ្នោត។ សម្តេច​ក៏បាន​អំពាវនាវ​ឲ្យ​អ្នក​គ្រប់​អាយុ​ត្រូវ​ទៅ​ចុះឈ្មោះ​បោះ ឆ្នោត និង ចុះ​នៅតាម​កន្លែង​ដែល​ត្រូវ​បោះ ដោយ​ត្រូវ​ផ្ទេរ​ទៅ​កន្លែង​ខ្លួន​ធ្វើការ ឬ រៀនសូត្រ។

សម្តេច​តេ​ជោ​បាន​បន្ត​ឲ្យ​ដឹង​ថា អាសនៈ​សភា ​នឹង​កើន​ឡើង​ពី​១២៣ ដល់ ១២៥ អាសនៈ ដោយ​ឡើង ២​អាសនៈ នៅ​ខេត្ត​ព្រះសីហនុ និង កើន​ឡើង​ពី ១ អាសនៈ ទៅ ៣ អាសនៈ​នៅ​អាណត្តិ​ទី​៦។ ដូចនេះ​អាសនៈ​ព្រឹទ្ធសភា​ក៏​ត្រូវ​កើន​ឡើង​១​កៅអី​ថែមទៀត។

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ក៏បាន​បញ្ជាក់​ថា នៅ​ខែកក្កដា ឆ្នាំ​២០១៨​ខាងមុខនេះ ក៏​ជា​ការ​បោះឆ្នោត​តំណាងរាស្ត្រ ដែល​នេះ​ជា​ដំណើរការ​ប្រជាធិបតេយ្យ​ទៀងទាត់​របស់​កម្ពុជា ហើយ​សម្តេច​ក៏បាន​បញ្ជាក់​ថា ពុំ​មាន​ការ​ពន្យារពេល​ការបោះឆ្នោត​នោះ​ឡើយ៕

         



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114