BREAKING NEWS
Search

សម្តេច​តេ​ជោ​ហ៊ុន សែន ​ប្រាប់​ពលរដ្ឋ​និង​អង្គការ​សង្គម​ស៊ីវិល​ថា​ ច្បាប់​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​មិន​រឹត​ដ្បិត​សេរីភាព​នៃ​ការ​បញ្ចេញមតិ​នោះ​ឡើយ​

ភ្នំពេញ ៖​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ទី ៣១ មីនា ២០២០ នេះ​បាន​អញ្ជើញ​ដឹក នាំ​កិច្ចប្រជុំ​គណៈ​អចិន្ត្រៃយ៍​គណៈរដ្ឋមន្ត្រី​នៅ​វិមាន​សន្តិភាព​ទី​ស្តី​ការ​នាយករដ្ឋមន្ត្រី​ ដើម្បី​ពិនិត្យ​សេចក្តី​ព្រាង​ច្បាប់​គ្រប់​គ្រ​ប្រទេស ជាតិ​ស្ថិត​ក្នុង​ភាព​អាសន្ន។ ប្រមុខ​រាជរដ្ឋាភិបាល​បាន​ប្រាប់​ពលរដ្ឋ​និង​អង្គការ​សង្គម​ស៊ីវិល​ផង​ដែរ ​កុំ​ឲ្យ​មានការ​ព្រួយបារម្ភ​ច្បាប់​នេះ ​ព្រោះ​មិនមែន​បង្កើត​ឡើង​មក​ដើម្បី រឹត​ដ្បិត​សេរីភាព​របស់​ប្រជាពលរដ្ឋ​និង​សេរីភាព​នៃ​ការ​បញ្ចេញមតិ​នោះ​ឡើយ​។​

​ប្រភព​ព័ត៌មាន​បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា ​សេចក្តី​ព្រាង​ច្បាប់​គ្រប់​គ្រ​ប្រទេសជាតិ​ស្ថិតក្នុង​ភាព​អាសន្ន មិន​ត្រូវ​បាន​ដាក់​នៅ​ក្នុង​កិច្ច​ប្រជុំ​ពេញ​អង្គ​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃ​ទី​៣ ខែ​មេសា ​ខាងមុខនេះ​ទេ តែ​នឹង​ដាក់​ជូន​កិច្ច​ប្រជុំ​ពេញ​អង្គ​គណៈរដ្ឋមន្ត្រី​នៅ​ពេល​ខាងមុខ។​

​ក្នុង​កិច្ចប្រជុំ​ដែល​ធ្វើឡើង​នៅ​វិមាន​សន្តិភាព​ទីស្តី​ការ​នាយករដ្ឋមន្ត្រី​ក្នុង​កិច្ចប្រជុំ​បិទទ្វារ​ ដែល​បាន​ចំណាយ​ពេល​អស់​ប្រមាណ​៣​ម៉ោង​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មាន ប្រសាសន៍​ទៅកាន់​គណៈអចិន្រៃ្តយ៍ គណៈ​រដ្ឋមន្ត្រី​ពិនិត្យ​ពិភាក្សា​ទៅលើ​សេចក្តី​ព្រាង​ច្បាប់​គ្រប់គ្រង​ប្រទេសជាតិ​ស្ថិត​ក្នុង​ភាព​អាសន្ន​ ក្នុង​ខណៈប្រទេសជាតិ ​ក៏ដូចជា​ពិភពលោក​ទាំងមូល​កំពុង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ មាន​លក្ខណៈ​ជា​សកល​នោះ​។​

​វត្តមាន​នៃ​កិច្ចប្រជុំ​គណៈអចិន្ត្រៃយ៍​គណៈរដ្ឋមន្ត្រី​នា​ព្រឹក​នេះ​គេ​សង្កេតឃើញ​មាន​វត្តមាន​ឧបនាយករដ្ឋមន្ត្រី និង រដ្ឋមន្ត្រី​ព្រមទាំង​ក្រុមអ្នកច្បាប់​របស់​រាជរ​ដ្ឋា​ភិ​បាល​ក៏បាន អញ្ជើញ​ចូលរួម​ផងដែរ។ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ថ្លែង​បើ​កិច្ចប្រជុំ​ ដោយ​បាន​រំលឹក​ពី​សារ​បាន​ដែល​នាំទៅដល់​ការ រៀបចំ​សេចក្តី​ច្បាប់​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន នេះ​ឡើង។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​ថា ​កម្ពុជា​មិនទាន់​មាន​ច្បាប់​គ្រប់គ្រង​ប្រទេសជាតិ​ក្នុង​គ្រា​មាន​អាសន្ន​នៅឡើយ​នោះទេ ដូច្នេះ​ការបង្កើត​ច្បាប់​នេះ​ឡើង​ដើម្បី​ជា​ឧបករណ៍​ផ្នែក​ច្បាប់​មួយ​គ្រប់គ្រង​ប្រទេសជាតិ​ក្នុង​គ្រាអាសន្ន។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​និង​អង្គការ​សង្គម​ស៊ីវិល​ផង​ដែរ ​កុំ​ឲ្យ​មានការ​ព្រួយ​បារម្ភ​ច្បាប់​នេះ​ព្រោះ ​មិនមែន​បង្កើត​ឡើ​ងមក​ដើម្បី​រឹត​ដ្បិត​សេរីភាព ​របស់​ប្រជាពលរដ្ឋ​និង​សេរីភាព​នៃ​ការ​បញ្ចេញមតិ​នោះ​ឡើយ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​«​យើង​បាន​ធ្វើ​សេចក្តីព្រាងច្បាប់​នេះ ​រួចរាល់​ហើយ​មាន​ទាំង​សេចក្តីថ្លែងហេតុ​ប្រុងប្រៀប។ យើង​នឹង​មាន​ការបែងចែក​ថា អ្វីខ្លះ​ដែល​ត្រូវ​ធ្វើ អ្វីខ្លះ​ដែល​មិន​ត្រូវ​ធ្វើ ហើយ​ពេលនោះ​ដាក់​ចេញ​វិធាន​ការ​បិទ​ទីតាំង​សាធារណៈ និង ឯកជន​ណាមួយ ​ដែល​មាន​ភាពចាំបាច់​ដើម្បី​ឆ្លើយតប​» ។

​សម្តេច​តេ​ជោ​បានបញ្ជាក់​ផងដែរ​ថា​ សេចក្តីព្រាងច្បាប់​គ្រប់គ្រង​ប្រទេសជាតិ​ស្ថិតក្នុង​ភាព​អាសន្ន​ត្រូវ​បាន​រៀបចំ​ដោយ​លោក កើត រិ​ទ្ធ រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​ថ្មី​ព្រមទាំង បាន​បញ្ជូន​ទៅ​បណ្តា​ឧបនាយករដ្ឋមន្ត្រី​ទាំងអស់​ផង​ដែរ។ តាម​រដ្ឋធម្មនុញ្ញ​រប​ស់​កម្ពុជា​បានចែង​ថា​ ការដាក់​ប្រទេស​ឲ្យ​ស្ថិត​នៅ​ក្នុង​គ្រាអាសន្ន​ គឺជា​ការអនុវត្ត​តាម​មា​ត្រា ២២ នៅពេលដែល​ប្រទេសជាតិ​ស្ថិតនៅក្នុង​គ្រោះថ្នាក់​ ដែល​មិន​អាច​ព្យាករណ៍​បាន។ ប៉ុន្តែ​ទោះជា​យ៉ាង​នេះ​ក្តី​ រដ្ឋធម្មនុញ្ញ​របស់​ក​ម្ពុ​ជា​មិន​បានចែង​ច្បាស់​និង​លម្អិត​អំពី អត្ថន័យ​ឬ​សកម្មភាព​ការ​ដាក់​ប្រទេសជាតិ​ឲ្យ​ស្ថិត​នៅក្នុង​គ្រាអាសន្ន​នោះទេ​។ មាត្រា ២២​ថ្មី ចែងថា «​នៅ​ពេល​ប្រជាជាតិ​ប្រឈមមុខ​នឹង​គ្រោះថ្នាក់​ព្រះមហាក្សត្រ​ទ្រង់​ប្រកាស​ប្រទាន​ដំណឹង​ជា​សាធារណៈ ​ដាក់​ប្រទេសជាតិ​ស្ថិត​នៅ​ក្នុង​ភាព​អាសន្ន ក្រោយពី​បាន​មតិ​ឯកភាព​ពី​នាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា និង​ប្រធាន​ព្រឹទ្ធសភា​»។

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​ថា ​បន្ទាប់ពី​ពិនិត្យ​ក្នុង​កិច្ចប្រជុំ​គណៈ​អចិន្ត្រៃយ៍​គណៈរដ្ឋមន្ត្រី​នៅ​ព្រឹក​នេះ​រួចហើយ​ សេចក្តី​ព្រាងច្បាប់​គ្រប់គ្រង​ប្រទេសជាតិ​ក្នុង​ភាព អាសន្ន​នឹងត្រូវ​លើក​មក​ពិភាក្សា​និង​សម្រេច​ ក្នុង​កិច្ចប្រជុំពេញអង្គ​របស់​គណៈរដ្ឋមន្ត្រី​នៅពេល​ខាងមុខ​។ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​បង្ហាញ​ក្តី​រំពឹង​ផងដែរ​ថា ​រដ្ឋសភា នឹង​ពន្លឿន​ក្នុងការ​ពិនិត្យ​និង​អនុម័ត​ទៅលើ​ សេចក្តីព្រាងច្បាប់​មួយ​នេះ ​បន្ទាប់ពី​គណៈរដ្ឋមន្ត្រី​ធ្វើការ​ពិនិត្យ​សម្រេច​ហើយ​នោះ។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ទី ៣០​មីនា ២០២០ បាន​អំពាវនាវ​ចំពោះ​ប្រជាពលរដ្ឋ​សូមកុំ​មានការ​ព្រួយបារម្ភ​ហើយ​គិតថា​កម្ពុជា​ត្រូវ​បិទ​ប្រទេស កម្ពុជា​នឹង​ប្រើ​ច្បាប់អាជ្ញាសឹក កម្ពុជា​ត្រូវ​ប្រើ​នេះ ធ្វើ​នេះ​ធ្វើ​នោះ។​ និយាយ​បានថា​ យើង​ចាំបាច់​ត្រូវ​មាន​ឧបករណ៍​ច្បាប់​នៅ​ក្នុង​ដៃ​។​ ប្រទេស​ជាច្រើន​បាន​អនុវត្ត​នូវ​វិធានការ ចាំបាច់​នានា​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​រីក​រាលដាល​នៃ COVID-19 នេះ។ ប្រទេស​មួយ​ចំនួន​បាន​អនុវត្ត​ដោយ​ប្រើប្រាស់​ទាហាន​ ដើម្បី​រារាំង​ប្រជាពលរដ្ឋ​មិន​ឲ្យ​មានការ​ជួប ជុំ​បំពាន​ទៅលើ​ការ​បម្រាម​របស់​រដ្ឋាភិបាល​របស់គេ។ ប្រទេស​ខ្លះ​ទៀត​ គឺ​បិទ​នេះ បិទ​នោះ បិទ​ប្រទេស បិទ​ខេត្ត បិទ​ស្រុក​ គឺ​សុទ្ធតែ​ធ្វើ​ឲ្យ​ស្រប​ជា​មួយ​នឹង​ច្បាប់​។​ សម្រាប់ កម្ពុជា​ឥឡូវនេះ ​មិន​ទាន់មាន​ច្បាប់​ណា​ ដើម្បី​នឹង​ត្រួតត្រា​សភាពការណ៍​ក្នុង​ពេល ដែល​ត្រូវ​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន​នោះ​ទេ​។ ដូច្នេះ​ច្បាប់​មួយ​ត្រូវតែ​បង្កើត​ឡើង។ បើ​ទោះ​បីជា​ចង់​ឬ​មិន​ចង់ យើង​ត្រូវ​មាន​ឧបករណ៍​ច្បាប់ ​នៅ​ក្នុង​ដៃ​ដើម្បី​ឲ្យ​រដ្ឋ​អនុវត្ត​ទៅ​ដោយ​រលូន​។​

​នៅ​ក្នុង​មាត្រា​ទី ២២ គឺ​ចែង​យ៉ាង​ខ្លី​ទាក់ទង​ជា​មួយ​នឹង​ករណី​ដែល​ប្រទេសជាតិ ​ជួបនឹង​គ្រោះ​មហន្តរាយ ព្រះមហាក្សត្រ ទ្រង់​ប្រកាស​ជា​សាធារណៈ​ដាក់​ប្រទេសជាតិ​ក្នុង គ្រា​មាន​អាសន្ន ដោយមាន​ការ​ឯកភាព​ពី​សំណាក់​នាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា និង ប្រធានព្រឹទ្ធសភា។ ក៏ប៉ុន្តែ​តើ​អ្វីខ្លះ​ជា​វិសាលភាព​កម្រិត​ណា និង វិធានការ​បែប ណា​ដែល​នឹង​ត្រូវ​ធ្វើ​នោះ ? ក្នុង​ក្រប​ខណ្ឌ​ជា​ព្រះរាជក្រឹត្យ​ មិន​អាច​ចាប់​បង្ខំ​រហូត​ទៅដល់​មានទោស​ទណ្ឌ​បានទេ។ ឧទាហរណ៍​ ទៅ​ពេល​ដែល​ប្រជាពលរដ្ឋ​លើស​ពី ១០ នាក់​ត្រូវ​ហាម​មិន​ឲ្យ​ជួបជុំ​ប្រមូល​ផ្ដុំ​គ្នា​ សួរ​ថា​តើ​យើង​មាន​ច្បាប់​ឯណា​ ដើម្បី​នឹង​ផ្ដន្ទាទោស​ សម្រាប់​អ្នក​បំពាន​ច្បាប់​បែបនេះ ? ឬក៏​ទាក់ទិន​ជា​មួយ​នឹង​ការបិទ​ប្រទេស ទាក់ទង​នឹង​ការ​បិទ​ផ្នែក​មួយ​នៃ​ដែនដី​ណាមួយ​នោះ ​ក៏​មិនទាន់​អាច​ធ្វើ​ទៅ​រួច​តាមរយៈ​នៃ​ព្រះរាជក្រឹត្យ​នោះ​ដែរ។​ ដូច្នេះ​ស្ថានភាព​(​នេះ​)​យើង​ធ្វើ​បាន​ក៏ប៉ុន្តែ​វា​ទាក់ទង​នឹង ធម្មនុញ្ញភាព​និង​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​។​

​សម្តេច​តេ​ជោ​ហ៊ុនសែន​ក៏បាន​បញ្ជាក់​ផង​ដែរ​ថា​ ២៧ ឆ្នាំ​ហើយ​ចាប់​តាំង​ពី​ឆ្នាំ ១៩៩៣ រហូតមកដល់​ពេលនេះ ​ក្នុង​ឋានៈ​ជា​អ្នកគ្រប់គ្រង​អំណាច​រដ្ឋ​ជាប់​ជាប្រចាំ​សម្តេច មិនដែល​គិតដល់​ថា​ធ្វើ​ច្បាប់​បែបនេះ​នោះ​ទេ។​ ក៏ប៉ុន្តែ​ឥឡូវនេះ​សភាពការណ៍​តម្រូវ​ឲ្យ​ធ្វើ​ហើយ​ ដោយសារតែ​យើង​ពិនិត្យមើល​ស្ថានភាព​នៅ​លើ​ពិភពលោក​ទាំងមូល​ មិន​ទាន់​មាន​ប្រទេស​ណាមួយ​ដែល​ចាត់ទុកថា​ធូរស្រាល​នោះ​ទេ​ ក្រៅ​តែពី​ប្រទេស​ចិន​ ដែល​មាន​លទ្ធភាព​ធូរស្រាល …​។​

​យ៉ាងណាក៏ដោយ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​អះអាង​ ចំពោះ​ប្រជាពលរដ្ឋ ចំពោះ​ធុរកិច្ច ជា​អ្នក​វិនិយោគ​នៅ​ក្នុង​ប្រទេស​និង​អ្នក​វិនិយោគ​មកពី​ក្រៅ​ប្រទេស​ព្រមទាំង បងប្អូន​អាជីវករ​នៅក្នុង​ស្រុក អ្នកទេសចរ ដែល​នឹង​ស្វែងរក​ការ​ធ្វើ​ទេសចរណ៍ បន្ទាប់ពី COVID-19។ សម្តេច​នៅតែ​គិតថា​ បើទោះ​បី​មាន​ច្បាប់​ ហើយ​ក្ដី​ការប្រកាស​ដាក់ ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន​និង​ច្បាប់​គ្រប់គ្រង​ប្រទេស​ក្នុង​គ្រាអាសន្ន​ពុំមែ​ន​ជា​លទ្ធភាព​ ដែល​ត្រូវ​អនុវត្ត​ឬ​ដែល​ហៅថា​ភាព​ច្រើន​នៃ​ការអនុវត្ត​(​ច្បាប់​ដាក់​ប្រទេស​ក្នុង​គ្រា មាន​អាសន្ន​)​ទេ។ សម្តេច​នៅតែ​គិតថា​ នេះ​គ្រាន់តែ​ជា​មធ្យោបាយ​ឲ្យ​មាន​ក្នុង​ដៃ​តែប៉ុណ្ណោះ​ នៅ​ពេល​ដែល​សភាពការណ៍​ត្រួតត្រា​មិនបាន​ដោយ​អំណាច​របស់​សមត្ថកិច្ច ជា​កម្លាំង​នគរបាល​ឬ​អាវុធហត្ថ​ នៅ​ក្នុង​ការត្រួតត្រា​សភាព​ការណ៍​ យើង​អាច​នឹង​បញ្ចេញ​កងទ័ព ​ដើម្បី​ត្រួតត្រា​ក្នុង​ក្រប​​ខណ្ឌ​គ្រា​មាន​អាសន្ន​ឬ​និយាយ​មួយ​បែប​តាមរបៀប ក្រោម​ក្រប​ខណ្ឌ​នៃ​របប​អាជ្ញាសឹក ៕

 

 

អត្ថបទ៖ តារា​រិ​ទ្ធ​