BREAKING NEWS
Search

សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន រៀបចំ​ចំ​ពិធី​បុណ្យ​ទក្ខិណានុប្បទាន​គម្រប់​១០០​ថ្ងៃ ឧទ្ទិស​កុសល​ជូន​វិញ្ញាណក្ខន្ធ​មហា​ឧបាសិកា ប៊ុន ស៊ា​ង​លី

នៅ​ថ្ងៃ​អង្គារ ៧​រោច ខែស្រាពរណ៍ ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១១ ខែសីហា ឆ្នាំ២០២០ នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំង​ក្រុម​គ្រួសារ​បាន​រៀប​ចំ​ពិធីបុណ្យ​ទក្ខិណានុប្បទាន​គម្រប់ ១០០​ថ្ងៃ ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ​ជូន​អ្នកឧញ៉ា​ព្រឹទ្ធ​មហា​ឧបាសិកា​ធម្ម​ញ្ញាណ​វិ​វ​ឌ្ឍ​នា ប៊ុន ស៊ា​ង​លី ដែល​ត្រូវជា​មាតា​ក្មេក មាតា​បង្កើត និង​ជា​ជីដូន​ដែល​​បានទទួល​មរណភាព នៅវេលា​ម៉ោង ២និង១២​នាទី​ទៀបភ្លឺ ថ្ងៃ​១៣​កើត ខែ​ពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០២០ ក្នុង​ជន្មាយុ ៩៦​ឆ្នាំ ដោយ​ជរាពាធ​។

ពិធីបុណ្យ​ទក្ខិណានុប្បទាន​គឺ​រៀបចំ​ធ្វើឡើង​នៅ​គេហដ្ឋាន​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅ​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។

នៅ​វេលា​ម៉ោង ២និង៣០​នាទី​រសៀល​ថ្ងៃនេះ គឺមាន​ការជួបជុំ​ញាតិមិត្ត​បងប្អូន និង​ក្រុមគ្រួសា​របស់​សម្តេច​ទាំង​ទ្វេ បន្ទាប់មក​មាន​ពិ​ធី​ថ្វាយ​គ្រឿង​សក្ការៈបូជា​ព្រះ​ពុទ្ធរូប នមស្សការ​ព្រះ​រតនត្រ័យ សមាទានសីល និមន្ត​សម្តេច​ព្រះរាជ​គណៈ​ចំនួន ១២​អង្គ​ចម្រើន​ព្រះ​បរិត្ត និង​និមន្ត​សម្តេចព្រះ​វនរ័ត ណ​យ ច្រឹ​ក សម្តេចព្រះ​សង្ឃនាយករ​ង​ទី​២​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រទាន​ព្រះ​សទ្ធម្ម​វិសេស​ទេសនា​។

នៅ​ថ្ងៃ​ពុធ ៨​រោច ខែស្រាព​ណ៍ ឆ្នាំជូត ទោស័ក ព​.​ស​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១២ ខែសីហា វេលា​ម៉ោង ៨:៣០ ព្រឹកស្អែក​នេះ នឹងមាន​ពិធី​ថ្វាយ​គ្រឿង​សក្ការៈបូជា​ព្រះពុទ្ធ​រូប នមស្សការ​ព្រះ​រតនត្រ័យ​សមាទានសីល បន្ទាប់មក​សម្តេច​ព្រះរាជា​គណៈ​ចំនួន ១២​អង្គ ស្វាធ្យាយ​ព្រះ​សត្តប្បករណាភិធម្ម និង​ប្រគេន​សម្តេចព្រះ​រាជាគណៈ មន្ត្រី​សង្ឃ​ចំនួន ៩៦​អង្គ ព​ហូ​ទេវា​ឆ្លង ប​ត្តិ​ទាន​គាថា​។ បន្ទាប់ពីនោះ​នឹងមាន​ការយាង និង​និមន្ត​សម្តេចព្រះ​រាជាគណៈ មន្ត្រី​សង្ឃ​ចំនួន ៩៦​អង្គ បិណ្ឌ​បាត្រ ជា​កិច្ច​បង្ហើយ​បុណ្យ៕

         



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114