ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​តេ​ជោ ហ៊ុន សែន សុំ​ឲ្យ​ប្រជាពលរដ្ឋ​យោគយល់​ចំពោះ​បញ្ហា​ខ្វះខាត​អគ្គិសនី​នៅក្នុង​រាជធានី​ភ្នំពេញ​ជាថ្មី​ម្តងទៀត​នៅ​ឆ្នាំ​ក្រោយនេះ

ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បានបង្ហាញ​ពី​កង្វល់​អំពី​ការខ្វះខាត​ថាមពល​អគ្គិសនី​ប្រើប្រាស់​ជាថ្មីទៀត​នៅក្នុង​រាជធានី​ភ្នំពេញ​នៅក្នុង​ឆ្នាំក្រោយ នេះ​។ តែ​ទោះបីយ៉ាងណា​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ជំរុញ​ឲ្យ​ក្រសួង​រ៉ែ​និង​ថាមពល​ធ្វើការ​ទាំងយប់​ទាំង​ថ្ងៃ​ដើម្បី​ឲ្យ​ការសាងសង់​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ចំហេះ ៤០០ មេ​ហ្គា​វ៉ា​ត់​ដំណើរការបាន​នៅក្នុង​ខែឧសភា​ឆ្នាំ ២០២០។

សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​សំដែង​ការ​កង្វល់​នេះ​នៅ​ព្រឹក​ថ្ងៃទី ៧ ខែវិច្ឆិកា ២០១៩ នៅក្នុង​ពិធី​ប្រកាស​ដាក់​ឲ្យ​ប្រើ​«​ផែនការ​យុទ្ធ សាស្ដ្រ​អភិវឌ្ឍន៍​ជាតិ (​ផ​.​យ​.​អ​.​ជ​.) ២០១៩-២០២៣»​នៅ​ព្រឹក​ថ្ងៃទី ៧ ខែវិច្ឆិកា​នេះ​នៅ​រាជធានី​ភ្នំពេញ​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា​៖«​អ្វីដែល​ជាការ​កង្វល់​គឺ​នៅត្រង់ថា​វា​រី​អគ្គិសនី​របស់​យើង​ចាប់ផ្ដើម​ខ្វះខាត​ទឹក​ទៀតហើយ​។​បើតាម​តួលេខ​ដែល​លោក ស៊ុយ សែម បាន​ផ្ញើ​ឲ្យ​ខ្ញុំ​ជា​រៀងរាល់ឆ្នាំ​ឥឡូវនេះ​នៅពេល​ម្សិលមិញ​នេះ​ការផលិត​អគ្គិសនី​របស់​យើង​ដែលមាន​កំលាំង​រហូតដល់ ១,៣២៨ ម៉េ​ហ្គា​វ៉ា​ត់​ឥឡូវ​ដើរ​បានតែ ១៨៤ មេ​ហ្គា​វ៉ា​ត់ទៅ ៦៨៧ មេ​ហ្គា​វ៉ា​ត់​តែប៉ុណ្ណោះ​អញ្ចឹងទេ​ស្ថានភាព​នេះ​មិនទាន់​ដល់​ខែប្រាំង​ផង ។ ប៉ុន្តែ​ស្ថានភាព បាន​ធ្លាក់ចុះ​ហើយ​អញ្ចឹងទេ​អគ្គិសនី​របស់​យើង​នឹងមាន​បញ្ហា​ទៀត​»​។

សម្តេច​តេ​ជោ​បាន​បន្តថា ពិត​ហើយ​យើង​បាន​បង្កើន​នូវ​ថាមពល​មួយចំនួន​ជា​រោងចក្រ​ដើរ​ដោយ​ធ្យូងថ្ម ជា​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ និង ការ​នាំចូល​បន្ថែម ទៀត​។ សម្តេច​បាន​ឲ្យ​ដឹងថា​សម្តេច​បាន​ជួប​ជាមួយ​លោក ថង​លួ​ន ស៊ី​សូលី​ត នាយករដ្ឋមន្ត្រី​ឡាវ​អំពី​ការផ្តល់​អគ្គិសនី​ពី​ដន​សា​ហុង​របស់​ឡាវ ២០០ មេ ហ្គា​វ៉ា​ត់ ប៉ុន្តែ​បច្ចុប្បន្ននេះ​ទឹក​វា​ទាប​មិនអាច​រុញ​ទូ​ប៊ី​ន​បាន​ទៀត​។ ប៉ុន្តែ​នាយករដ្ឋមន្ត្រី​ឡាវ​បាន​សន្យាថា និង​ទាញ​ភ្លើង​ពី​កន្លែង​ផ្សេង​ផ្តល់​ឲ្យ​កម្ពុជា​ឲ្យ​បាន ២០០ មេ​ហ្គា​វ៉ា​ត់ ។ ដូច្នេះ​យើង​ត្រៀម​ទិញ​ភ្លើង​ពី​វៀតណាម​បន្ថែមទៀត និង ពី​ឡាវ​បន្តទៀត​។

​សម្តេច​បាន​ឲ្យ​ដឹង​ទៀតថា អគ្គិសនី​ដែល​រាជរដ្ឋាភិបាល​បាន​ទិញ​សម្រាប់​បំរើ​ឲ្យ​រាជធានី​ភ្នំពេញ​ចំនួន ៤០០ មេ​ហ្គា​វ៉ា​ត់ គឺ​រៀបចំ​តាម​ការគ្រោង​រួចរាល់​នៅ ចុងខែ​មេសា​ឆ្នាំ ២០២០ រដ្ឋាភិបាល​បាន​បោះ​លុយ​ចេញ​ជិត ៤០០ លាន​ដុល្លារ ដោយ​ទិញ​ម៉ាស៊ីន​អគ្គិសនី​ពី​អាល្លឺម៉ង់​ចំនួន ២០០ មេ​ហ្គា​វ៉ា​ត់​និង​ពី​ហ្វាំ​ង​ឡង់​ដ៍​ចំនួន ២០០ មេ​ហ្គា​វ៉ា​ត់​សរុប​ទាំងអស់​៤០០​មេ​ហ្គា​វ៉ា​ត់​យកមក​ដាក់​ជាប់​នៅ​ភ្នំពេញ នៅ​ល្វាឯម​ដើម្បី​រុញ​ភ្លើង​ចូល​ទីក្រុង​ភ្នំពេញ​ដើម្បី​ធានា​ថា​ភ្នំពេញ​មិនត្រូវ​កាត់​ភ្លើង​ទៀត​ទេ​។

ជាមួយនេះ​សម្តេច​តេ​ជោ​ក៏បាន​ឲ្យ​លោក ស៊ុយ សែម បង្កើន​ការសាងសង់​រោងចក្រ​នៅ​ល្វាឯម​នេះ​ទាំងយប់​ទាំង​ថ្ងៃ​ដើម្បី​ឲ្យ​អគ្គិសនី ៤០០ មេ​ហ្គា​វ៉ា​ត់​នេះ រវាម​កបាន​លឿន​ជាង​មុន​កុំ​ធ្វើការ​តែ​ថ្ងៃ​គឺ​ត្រូវ​បង្កើន​ការធ្វើការ​ទាំងថ្ងៃទាំងយប់​បង្កើន​ចំនួន​កម្មករ​ចូលធ្វើ​នៅ​ការដ្ឋាន​នោះ។ សម្តេច​បន្តថា​ការ​កាត់​ភ្លើង ទីក្រុង​ភ្នំពេញ​វា​លំបាក​ណាស់​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​អំពាវនាវ​ឲ្យ​ម្ចាស់​សណ្ឋាគារ​ទាំងឡាយ​ដែលមាន​ម៉ាស៊ីនភ្លើង​ខ្លួនឯង​នៅពេលដែល​មានការ​ចាំបាច់​ហើយ​ត្រូវ​កាត់​ភ្លើង នោះ​ត្រូវ​ប្រើប្រាស់​ម៉ាស៊ីន​របស់ខ្លួន​បណ្ដោះអាសន្ន​សិន​ទម្រាំ​ដល់​រដ្ឋ​រឹង​ដៃ​រឹង​ជើង​តម្លើង​អគ្គិសនី​បាន គឺ​យើង​ផ្គត់ផ្គង់​អគ្គិសនី​ចូល​បាន​ចាប់ពី​ខែឧសភា ឆ្នាំ ២០២០ ដើម្បី​ដោះស្រាយបាន​បញ្ហា​ហើយ​យើង​មិនមាន​ការ​កាត់​ភ្លើង​នៅ​រាជធានី​។​

​គួររំលឹកថា ​នៅ​រដូវប្រាំង​កន្លងទៅនេះ​ប្រទេស​កម្ពុជា​បាន​ជួប​បញ្ហា​ខ្វះខាត​អគ្គិសនី​ប្រមាណ ៤០០ មេ​ហ្គា​វ៉ា​ត់​នៅ​ទូទាំងប្រទេស​។ ប្រការនេះ​ធ្វើ​ឲ្យ​អគ្គិសនី​កម្ពុជា​បិទ​តំបន់​មួយ​បើក​តំបន់​មួយទៀត​ឆ្លាស់គ្នា​ដើម្បី​បាន​អគ្គិសនី​ប្រើប្រាស់​ទាំងអស់គ្នា​ក៏ប៉ុន្តែ​នៅពេល​យប់​ឬ​ថ្ងៃ​ឈប់សម្រាក​មិនមាន​ការ​កាត់​ភ្លើង​ទេ​។

ស្ថានភាព​អគ្គិសនី​នៅ​ទូទាំងប្រទេស​បាន​វិល​មក​ស្ទើរ​ប្រក្រតី​វិញ​ បន្ទាប់ពី​មានការ​ខ្វះខាត​រយៈពេល​៣​ខែ​នៅក្នុង​រដូវប្រាំង​និង​មាន​លក្ខណៈ​ល្អប្រសើរ​ឡើង វិញ​នៅក្នុង​ពាក់កណ្តាល​ខែឧសភា​។ ថាមពល​អគ្គិសនី​បាន​កើនឡើង​វិញ​បន្ទាប់ពី​រដូវវស្សា​ឈានចូល​មកដល់​ធ្វើ​ឲ្យ​វា​រី​អគ្គិសនី​មានទឹក​រុញ​តួប៊ីន​ផ្តល់​ថា​មពល​អគ្គិសនី​ខ្ពស់​រួមផ្សំ​ជាមួយ​ថាមពល​អគ្គិសនី​ដែល​បានមកពី​ប្រភព​ផ្សេងៗ​ទៀត​។

តាម​ក្រសួង​រ៉ែ​និង​ថាមពល​សមត្ថភាព​ផ្គត់ផ្គង់​អគ្គិសនី​បច្ចុប្បន្ននេះ​មាន​ចំនួន​១,៦៥០ ម៉េ​ហ្គា​វ៉ា​ត់​ក្នុងនោះ​បានមកពី​ប្រទេសជិតខាង​ចំនួន​ជាង​៤០០​ម៉េ​ហ្គា វ៉ា​ត់​ថាមពល​វា​រី​អគ្គិសនី​ប្រមាណ​ពី ៤៥០ ទៅ ៥៥០ ម៉េ​ហ្គា​វ៉ា​ត់​រួម​នឹង​អគ្គិសនី​ដែល​ដើរ​ដោយ​ថាមពល​ធ្យូងថ្ម​ចំនួន ៥០០ ម៉េ​ហ្គា​វ៉ា​ត់​ទៀត​។​

កាលពី​ខែមិថុនា​កន្លងទៅនេះ​រាជរដ្ឋាភិបាល​កម្ពុជា​បានអនុញ្ញាត​ឲ្យ​មាន​ការទិញ​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ចំហេះ​ទំហំ​៤០០​មេ​ហ្គា​វ៉ាត​ពី​ប្រទេស​អាល្លឺម៉ង់ ២០០​មេ​ហ្គា​វ៉ា​ត់​និង​ប្រទេស​ហ្វាំ​ង​ឡង់​ចំនួន​២០០​មេ​ហ្គា​វ៉ា​ត់​ដែល​គ្រោង​ចំណាយ​ថវិការ​វិនិយោគ​ប្រមាណ​៣៥០​លាន​ដុល្លារ​អ​មេ​រិ​ក​គ្រោង​សាងសង់ នៅ​ស្រុក​ល្វាឯម​ខេត្តកណ្តាល​ដើម្បី​ផលិត​ថាមពល​អគ្គិសនី​ផ្គត់ផ្គង់​ដល់ទី​ក្រុងភ្នំពេញ​។​ក្នុងនោះ​ទិញ​ម៉ាស៊ីនភ្លើង​មកពី​ហ្វាំ​ង​ឡង់​ក្នុង​រង្វង់​ទឹកប្រាក់​១៧៧,៥​លាន​ដុល្លារ​និង​មកពី​ប្រទេស​អាឡឺម៉ង់ ១៨០​លាន​ដុល្លារ​។

ដើម្បី​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​នៅ​កម្ពុជា​ឲ្យ​មាន​សុវត្ថិភាព​ និង ​បរិមាណ​គ្រប់គ្រាន់​នោះ​រាជរដ្ឋាភិបាល​បានសម្រេច​នាំចូល​ថាមពល​អគ្គិសនី​ពី​ប្រទេស​ឡាវ​បន្ថែមទៀត​ក្រៅពី​ការអភិវឌ្ឍ​ប្រភព​ថាមពល​អគ្គិសនី​ក្នុងស្រុក​។ ក្រោយពី​បាន​ព្យាករ​លើ​តម្រូវ​ការវិនិយោគ​និង​អគ្គិសនី​នេះ​រាជរដ្ឋាភិបាល​ក៏បាន​សម្រេច​អនុម័ត​លើ​គម្រោង​ទិញ​ថាមពល​អគ្គិសនី​ផលិត​ដោយ​ធ្យូងថ្ម ២ ៤០០ មេ​ហ្គា​វ៉ា​ត់​ពី​រោងចក្រ​២​កន្លែង​ក្នុង​ប្រទេស​ឡាវ​ដែល​ត្រូវ​ផ្គត់ផ្គង់​ផ្ដាច់មុខ​មក​កម្ពុជា តាមរយៈ​ការភ្ជាប់​ផ្ទាល់​មក​ប្រព័ន្ធ​ផ្គត់ផ្គង់​អគ្គិសនី​របស់​កម្ពុជា​។ បើតាម​រដ្ឋាភិបាល​កម្ពុ​ជា​គម្រោង​វិនិយោគ​លើ​អគ្គិសនី​គឺមាន​ទំហំ​ទឹកប្រាក់​៤ ៩៧០​លាន ដុល្លារ​អាមេរិក​ដោយមាន​អាណត្តិ​នៃ​កិច្ចព្រមព្រៀង​ទិញ​-​លក់​អគ្គិសនី​រយៈពេល​៣០​ឆ្នាំ​។

គម្រោង​ទិញ​អគ្គិសនី​ពី​ប្រទេស​ឡាវ​នេះ​វា​ផ្ដល់​អត្ថប្រយោជន៍​៧​ចំណុច​ដល់​កម្ពុ​ជា​រួម​មាន ៖ ទី​១.​ការទទួលបាន​ថ្លៃ​អគ្គិសនី ៧,៧ សេន​ដុល្លារ​អាមេរិក​ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង​ដែលមាន​តម្លៃ​ទាប​បើ​ធៀប​នឹង​បណ្ដា​រោងចក្រ​ផលិត​អគ្គិសនី​ដុត​ធ្យូងថ្ម​ផ្សេងទៀត​នៅ​កម្ពុជា​និង​មាន​ថ្លៃ​ថេរ​ដែល​ឆ្លើយតប​នឹង​គោល នយោបាយ​បញ្ចុះ​ថ្លៃ​ភ្លើង​របស់​រាជរដ្ឋាភិបាល ។ ទី​២.​លក្ខខណ្ឌ​បច្ចេកទេស​និង​សេដ្ឋកិច្ច​នៃ​កិច្ចព្រមព្រៀង​ភាគី​ទាំងពីរ​មាន​លក្ខណៈ​ប្រសើរ​ជាង​កិច្ច​ព្រមព្រៀង​ដែល​ធ្លាប់មាន​កន្លងមក។ ទី​៣.​តម្លៃ​អគ្គិសនី​ទាប វា​ជួយ​ឲ្យ​កម្ពុជា​កាត់បន្ថយ​ការទិញ​ថាមពល​អគ្គិសនី ដែលមាន​តម្លៃ​ខ្ពស់​ពី​ប្រទេស​វៀតណាម និង​ថៃ នា​ពេល​បច្ចុប្បន្ន​។ ទី​៤ ប្រភព​អគ្គិសនី​ពី​ឡាវ​នេះ អាច​ធានាបាន​ការផ្គត់ផ្គង់​ថាមពល​បន្ថែម​ដល់​ប្រព័ន្ធ​អគ្គិសនី​ជាតិ​ឱ្យមាន​ស្ថិរភាព​ជាពិសេស​នៅ​រដូវប្រាំង ។ ទី​៥.​កម្មករនិយោជិត​អគ្គិសនី​កម្ពុជា​អាច​ទទួលបាន​ចំណេះដឹង​ពង្រឹង​ជំនាញ​បន្ថែមទៀត​តាមរយៈ​ការសិក្សា​ផ្ទាល់​នៅ​រោងចក្រ​អគ្គិសនី​ក្នុង ប្រទេស​ឡាវ ។ ទី​៦.​កម្ពុជា​អាចមាន​លទ្ធភាព​បន្ថែមទៀត​ក្នុងការ​វិនិយោគ​សាងសង់​ខ្សែ​បញ្ជូន​តង់ស្យុង​ខ្ពស់ ៥០០ គីឡូវ៉ុល​ដែល​អនុញ្ញាតឱ្យ​កម្ពុជា​អាច​ទិញ​ថាមពល​ដែលមាន​ថ្លៃ​ទាប​សមរម្យ​ពី​បណ្ដុំ​ស្ថានីយ​វា​រី​អគ្គិសនី​នៅ​ភាគខាងត្បូង​នៃ​ប្រទេស​ឡាវ​និង​ចុងក្រោយ​កម្ពុជា​ក៏​មិន​រង​ផលប៉ះពាល់​បរិស្ថាន​ដោ យ​សារ​អគ្គិសនី​ផងដែរ​។​

មូលហេតុ​ដែល​នាំ​ឲ្យ​កម្ពុជា​ត្រូវការ​អគ្គិសនី​បន្ថែម​នេះ ដោយសារតែ​សកម្មភាព​វិនិយោគ​បាន​កើនឡើង​យ៉ាងគំហុក​ជាពិសេស​វិស័យ​សំណង់ ដែល​បាន​ជះឥទ្ធិពល​នៃ​ការប្រើប្រាស់​អគ្គិសនី​ទាំង​នៅក្នុង​ឆ្នាំ​២០១៩​នេះ​និង​នៅ​ឆ្នាំ​បន្តបន្ទាប់​ទៀត​កើនឡើង​លើសពី​ការគ្រោងទុក​។ នេះ​បើតាម​រដ្ឋាភិបាល​កម្ពុជា​។

​កន្លងមក​រាជរដ្ឋាភិបាល​បាន​បញ្ចេញ​មូលនិធិ​ឧបត្ថម្ភ​ធន​ដល់​វិស័យ​អគ្គិសនី​ជាង​១០០​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៩​ដើម្បី​អនុវត្ត​ផែនការ​អនុគ្រោះ​ថ្លៃ​អគ្គិសនី សម្រាប់​ជួយ​ដល់​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​ដែលមាន​ចំណូល​ទាប​និង​មធ្យម​។​សម្រាប់​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​អគ្គិសនី​ចាប់​១​គីឡូវ៉ាត់​ដល់​១០​គីឡូវ៉ាត់​ក្នុង​មួយខែ​ហើយ​ត្រូវ​បង់ថ្លៃ​៤៨០​រៀល​នោះ នឹងត្រូវ​បញ្ចុះតម្លៃ​មក​បង់​ត្រឹម​៣៨០​រៀល ។ ចំណែក​ពលរដ្ឋ​ប្រើប្រាស់​ពី​១១ ដល់​៥០​គីឡូវ៉ាត់​មួយខែ ដែល​ត្រូវ​បង់ថ្លៃ​៦១០​រៀល ត្រូវ​បញ្ចុះ​ថ្លៃ​មក​ត្រឹម​៤៨០​រៀល​វិញ នៅក្នុង​ឆ្នាំ​២០១៩ និង​ឆ្នាំ​២០២០​។

​សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​កំណត់​តម្លៃ​អគ្គិសនី​សម្រាប់​ពលរដ្ឋ​ដែល​ប្រើប្រាស់​អគ្គិសនី​ចាប់ពី​៥១​គីឡូវ៉ាត់​ឡើងទៅ​ដល់​២០០​គីឡូវ៉ាត់ ដែល​បញ្ចុះ​ពី​តម្លៃ​៧៧០​រៀល​នោះ នឹងត្រូវ​ចុះមក​ត្រឹម​៦១០​រៀល​វិញ​។ រីឯ​ពលរដ្ឋ​ដែល​ប្រើប្រាស់​ភ្លើង​ចាប់ពី​២០១​គីឡូវ៉ាត់​ឡើងទៅ ដែល​បង់ថ្លៃ​៧៧០​រៀល នឹងត្រូវ​ចុះមក​បង់ថ្លៃ​ត្រឹម​៧៤០​រៀល​នៅ​ឆ្នាំ​២០១៩ និង​តម្លៃ​៧៣០​រៀល នៅ​ឆ្នាំ​២០២០៕
ណា​រី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114