ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​តេ​ជោ ហ៊ុន សែន ស្នើ​ឲ្យ​រុស្ស៊ី​ធ្វើ​ទំនើបកម្ម​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​ឲ្យ​បាន​ឆាប់​

ភ្នំពេញ ៖ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ស្នើ​ឲ្យ​រុស្ស៊ី​ពិនិត្យ​លទ្ធភាព​ចាប់ផ្ដើម​អនុវត្តន៍​គម្រោង ទំនើបកម្ម​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​នៅក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​ព្រោះ​មន្ទីរពេទ្យ​នេះ​ជា​និមិត្តរូប​នៃ​មិត្តភាព​រយៈពេល​យូរអង្វែង​រវាង​ប្រទេស​ទាំង ពីរ​កម្ពុជា​សហព័ន្ធរុស្ស៊ី​។ នេះ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់លោក កៅ គឹមហួន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី។

លោក កៅ គឹមហួន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បាន​ថ្លែង​ឲ្យ​ដឹង​បន្ទាប់ពី​ជំនួប​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ជាមួយ​លោក ឌី​មី​ទ្រី មី​ដ​វី​ដេ​វ​( Dmitry Medvedev)​នាយករដ្ឋមន្ត្រី​នៃ​សហព័ន្ធរុស្ស៊ី​កាលពី​រសៀល​ថ្ងៃទី​៣ ខែវិច្ឆិកា ២០១៩ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​ក្នុងខណៈ ដែល​មេដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៥ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​នៅ​ទីនោះ​។

បើ​តាម​លោក កៅ គឹមហួន បាន​មានប្រសាសន៍​ឲ្យ​ដឹង​ទៀតថា ជាការ​ឆ្លើយតប​ទៅ​សំណើ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ពាក់ព័ន្ធ​នឹង​មន្ទីរពេទ្យ​មិ​ត្ដ​ភាព ខ្មែរ​-​សូ​វៀត លោក ឌី​មី​ទ្រី មី​ដ​វី​ដេ​វ គូស​បញ្ជាក់​ថា ​នេះ​ជា​គម្រោង​ដ៏​សំខាន់​ហើយ​យើង​នឹង​ខិតខំ​ប្រឹងប្រែង​នៅក្នុង​ការធ្វើការងារ​នេះ​ឲ្យ​បាន​ឆាប់​កាន់តែ​ល្អ។

ក្នុង​ឱកាស​នេះ​ លោក​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ជាពិសេស​ក្នុងការ​ជំរុញ​កិច្ចសហការ​លើ​វិស័យ​ជាច្រើន​រវាង​ប្រទេស​ទាំងពីរ​ជាពិសេស​ នៅ​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​ដែល​កម្ពុជា​បាន​ចូលរួម​យ៉ាង​ច្រើន​នៅ​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​និង​រុស្ស៊ី​ដើម្បី​កិច្ចសហការ​បន្តទៀត​។

គួរ​បញ្ជាក់​ថា ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​ត្រូវបាន​កសាង​ឡើង​នៅ​ទសវត្សរ៍​ឆ្នាំ ១៩៥០ ហើយ​ត្រូវបាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​១៩៦០​ដោយ​ដាក់​ឈ្មោះ​ថា ​មន្ទីរពេទ្យ​កម្ពុជា​-​សូ​វៀត​។ សព្វថ្ងៃ​មន្ទីរពេទ្យ​នេះ​មាន​ឈ្មោះថា​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​គឺជា​គ្រឹះស្ថាន​សាធារណរដ្ឋ បាល​និង​ជា​មន្ទីរពេទ្យ​ថ្នាក់​ជាតិ​មាន​ការផ្តល់សេវា​ចំនួន​២៦​ផ្នែក​ឯកទេស​គ្របដណ្ដប់​គ្រប់​ឯកទេស​វេជ្ជសាស្ត្រ​ទាំងអស់​។

សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​មានប្រសាសន៍ថា​ សម្ដេច​ពិតជា​រីករាយ​ដែល​បាន​ជួប​លោកនាយក​រដ្ឋមន្ត្រី​សាជាថ្មី​ដែល​លើក​ចុង​ក្រោយ​បាន​ជួប​គ្នា​នៅ​ទីក្រុង​ព្រុ​ច​សែ​ល។ ចំពោះ​ទំនាក់ទំនង​ទ្វេភាគី​សម្ដេច​តេ​ជោ​បាន​ចាត់ទុកថា​ ប្រទេស​ទាំងពីរ​មាន​ទំនាក់​ទំនងជា​យូរលង់​និង​ជិតស្និទ្ធ​គ្នា​ថែម​ទៀត។ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​ថ្លែង​អំណរ​អរគុណ​ដល់​ប្រទេស​រុស្ស៊ី​ក្នុង​ការ​បន្ត​ត្រៀម​ធ្វើ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​មួយ​ចំនួន​រួម​ទាំង វិស័យ​វប្បធម៌​ផង​ដែរ​ដោយ​សម្ដេច​បញ្ជាក់​ថា ​កម្ពុ​ជា​ត្រៀមខ្លួន​រួចរាល់​ក្នុងការ​ផ្ដល់​កិច្ចសហប្រតិបត្តិការ​ក្នុងការ​រៀបចំ​ទិវា​វប្បធម៌​រុស្ស៊ី​នៅក្នុង​ឆ្នាំ​២០២០​នៅ កម្ពុជា។ ជា​មួយ​គ្នា​នេះ​សម្ដេច​តេ​ជោ​ក៏បាន​អរគុណ​រុស្ស៊ី​ដែល​គាំទ្រ​កម្ពុជា​ឲ្យ​ក្លាយ​ជា​ប្រទេស​សង្កេតការណ៍​នៃ​អង្គការ​កិច្ច​សហប្រតិបត្តិការ​សៀង​ហៃ ហើយ​ផ្ដល់នូវ​វគ្គ​បណ្ដុះបណ្ដាល​ដល់​មន្ត្រី​យោធា​កម្ពុជា និង ផ្ដល់​ជំនួយ​បច្ចេកទេស​ក្នុង​វិស័យ​កម្ចាត់មីន​ដល់​កម្ពុជា​ផងដែរ។

សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ ក៏បាន​សម្ដែង​នូវ​ការ​រីករាយ​ចំពោះ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ដែល​មាន​ការ​កើន​ឡើង​កន្លង​មក​នេះ ក្នុង​ន័យ​នេះ​ដើម្បី​ពង្រឹង​ទំហំ​ពាណិជ្ជកម្ម​បន្ថែម​ទៀត​នោះ​សម្ដេច​តេ​ជោ​ក៏បាន​ស្នើ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី​រុស្ស៊ី​ជួយ​ជំរុញ​វិនិយោគិន​រុស្ស៊ី​ឲ្យ​មក​វិនិយោគ​បន្ថែម​ទត​នៅ​ប្រទេស​កម្ពុជា​ក្នុង​វិស័យ មួយ​ចំនួន​ដូចជា​វិស័យ​កែច្នៃ​ម្ហូបអាហារ កសិឧស្សាហកម្ម ឧស្សាហកម្ម​អេឡិចត្រូនិក ឧស្សាហកម្ម​បង្គំ និង ឧស្សាហកម្ម​ផលិត​គ្រឿង​ម៉ាស៊ីន​ជាដើម។

ដោយឡែក​ពាក់ព័ន្ធ​នឹង​ការចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា​និង​សហភាព​សេដ្ឋកិច្ច​អឺ​រ៉ាស៊ី​កម្ពុជា​ក៏​សូម​ថ្លែងអំណរគុណ​ចំពោះ​ការ​គាំទ្រ​ជា​គោលការណ៍​របស់​រុស្ស៊ី​ចំពោះ​កិច្ចប្រឹងប្រែង​ឲ្យ​មាន​ការចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា​និង​សហភាព​សេដ្ឋកិច្ច​អឺ​រ៉ាស៊ី​នេះ​។

ទន្ទឹម​នេះ កម្ពុជា​ក្នុងនាម​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប​លើក​ទី ១៣ នៅ​ឆ្នាំ​២០២០ ខាងមុខ​សម្ដេច​តេ​ជោ​ក៏បាន​អញ្ជើញ​លោកនាយក​រដ្ឋ​មន្ត្រ​រុស្ស៊ី​ចូលរួម កិច្ចប្រជុំ​នេះ​ផង​ដែរ​។

​លោក Dmitry Medvedev នាយករដ្ឋមន្ត្រី​រុស្ស៊ី​ក៏បាន​គូស​បញ្ជាក់​ថា ​ប្រទេស​រុស្ស៊ី​ចង់​សហការ​ជាមួយ​កម្ពុជា​លើ​វិស័យ​ជាច្រើន​រួម​ទាំង​វិស័យ​ឧស្សាហកម្ម ហើយ​ចង់​បន្ត​ផ្ដល់​ការ​គាំទ្រ​ដល់​កម្ពុជា​នៅ​ក្នុង​កិច្ចសហការ​លើ​វិស័យ​ថាមពល វិស័យ​ប្រេង វិស័យ​ទូរគមនាគមន៍ ជលផល និង ការ​បង្កើត​កិច្ច​សហ​ប្រតិ ប​ត្តិ​ការ​ផ្សេងៗ​ទៀត​នៅ​កម្ពុជា​។​ ចំពោះ​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា​និង​សហភាព​សេដ្ឋកិច្ច​អឺ​រ៉ាស៊ី​លោក​បាន​គូសបញ្ជាក់​ថា ​នេះ​ជា​កិច្ចការ​មាន​សារៈសំខាន់ ណាស់​ហើយ​ជា​គំនិត​ផ្ដួចផ្ដើម​ដ៏​ល្អ​ដែល​យើង​អាច​ចុះ​កិច្ចព្រមព្រៀង​នៅ​ពេល​ខាងមុខនេះ​ក្រោយពី​ការចរចា​រួច​ហើយ​នោះ។

លោក​បាន​បន្ដ​ថា ​យើង​អាច​មាន​កិច្ចសហការ​យ៉ាង​ល្អ​លើ​វិស័យ​ឧស្សាហកម្ម វិទ្យាសាស្ត្រ និង​វិស័យ​ផ្សេងៗ​ទៀត​ជាពិសេស​នៅក្នុង​ការ​ដោះមីន និង​ក្នុង​វិស័យ​ការពារ​ជាតិ​ដែល​ប្រទេស​រុស្ស៊ី​ចង់​បន្ត​ក្នុងការ​បណ្ដុះបណ្ដាល​ផ្នែក​មន្ត្រី​យោធា​កម្ពុជា។

ពាក់ព័ន្ធ​នឹង​កិច្ចប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប​នៅ​ឆ្នាំ​២០២០​ លោក​បាន​ថ្លែងអំណរគុណ​សម្ដេចតេ​ជោ​នាយករដ្ឋមន្ត្រី​ចំពោះ​ការ​អញ្ជើញ​លោក​ទៅ​ចូលរួម​កិច្ចប្រជុំ​នៅ​ទីក្រុង​ភ្នំពេញ​នៅ​ឆ្នាំ​ក្រោយនេះ​ដោយ​លោក​នឹង​អញ្ជើញ​ចូល​រួម​។

ពាក់ព័ន្ធ​នឹង​វិស័យ ការ​បណ្ដុះបណ្ដាល​លោកនាយក​រដ្ឋមន្ត្រី​រុស្ស៊ី​បាន​បញ្ជាក់​ថា ​ប្រទេស​រុស្ស៊ី​នឹង​បន្ត​ជួយ​ដល់​វិស័យ​អប់រំ​និង​ការ​បណ្ដុះបណ្ដាល​ដល់ក​ម្ពុ​ជា​ហើយ​ជាពិសេស​ទៀត​នៅ​ឆ្នាំក្រោយ​ឆ្នាំ ២០២០​ប្រទេស​រុស្ស៊ី​នឹង​បង្កើន​ចំនួន​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​ផងដែរ​។

នៅក្នុង​ជំនួប​នេះ​ដែរ ​សម្ដេច​តេ​ជោ​ក៏បាន​មានប្រសាសន៍ថា សម្ដេច​ពិតជា​រីករាយ​ដែល​កិច្ច​សហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​ដំណើរការ​ទៅ​យ៉ាង​ល្អ ហើយ​ប្រទេស​ទាំងពីរ​នឹង​បន្ត​ពង្រីក​និង​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​ឲ្យ​កាន់តែ​ស៊ីជម្រៅ​បន្ថែម​ទៀត។ ពាក់ព័ន្ធ​នឹង​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស សម្ដេច​តេ​ជោ​បាន​លើក​ឡើង​ថា ​នេះ​គឺជា​វិស័យ​អាទិភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ហើយ​សម្ដេច​ក៏បាន​ថ្លែងអំណរគុណ​លោកនាយក​រដ្ឋមន្ត្រី​ដែល​បាន ជំរុញ​ក្នុង​ការផ្ដល់​បន្ថែម​អាហារូបករណ៍​ក៏ដូចជា​ការបណ្ដុះបណ្ដាល​ធនធានមនុស្ស​កម្ពុជា​។

លោកនាយក​រដ្ឋមន្ត្រី​រុ​ស្ស៊ី​បាន​បន្ថែម​ថា ​ការងារ​ទាំងអស់នេះ​ជាពិសេស​ការ​បណ្ដុះបណ្ដាល​នេះ​ជា​មូលដ្ឋាន​នៃ​មិត្តភាព​រវាង​ប្រទេស​យើង​ទាំងពីរ​ហើយ​យើង​គោរព​គ្នា​ទៅវិញទៅមក​និង​មានការ​យោគយល់​គ្នា​ទៅវិញទៅមក​ផងដែរ​៕
ណា រី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114