សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ជួប​ស្ថាបនិក វេទិកា​សេដ្ឋកិច្ចពិភពលោក
BREAKING NEWS
Search

សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ជួប​ស្ថាបនិក វេទិកា​សេដ្ឋកិច្ចពិភពលោក

ភ្នំពេញ​៖ បន្ទាប់ពី​បាន​ពិសា​អាហា​ការងារ​ថ្ងៃត្រង់​រួច ហើយ នៅ​រសៀល​ម៉ោង ២:១៥​នាទី ថ្ងៃទី២០ ខែមកា ឆ្នាំ២០១៧ ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួបពិភាក្សា​ការងារ​បន្ត​ជាមួយ លោក​សាស្ត្រ​ចា​រ្យ Klaus Schwab ស្ថាបនិក និង​ជា​ប្រធាន (World Economic Forum-WEF) នៅ​សាល Congress Center​។

លោក Klaus Schwab បាន​ស្វាគមន៍​វត្តមាន សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដែល​បាន​ដឹកនាំ​គណៈប្រតិភូ អញ្ជើញ​មក​ចូលរួម​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ប្រចាំឆ្នាំ​២០១៧ នៅ​ទីក្រុង​ដា​វ៉ូស ប្រទេស​ស្វី​ស​។ លោក​នឹង អ​ញ្ជើញ​ទៅ​ទស្សនកិច្ច នៅ​ប្រទេស​កម្ពុជា ក្នុងពេលដែល​កម្ពុជា​យើង​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក ស្តីពី​អាស៊ាន នៅក្នុង​ខែឧសភា​ខាងមុខនេះ។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ចំពោះ​លោក​សាស្ត្រាចារ្យ និង​សហការី​ដែល​ជួយ​កម្ពុជា ក្នុង​ការ​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ស្តីពី​អាស៊ាន​។ សម្តេច​តេ​ជោ រីករាយ បន្ត​សហការ​ជាមួយ លោក​សាស្ត្រាចារ្យ និង​សហការី​ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​កិច្ចប្រជុំ​នៅពេល​ខាងមុខនេះ​ទទួលបាន​ជោគជ័យ​។

សម្តេច​តេ​ជោ​ បាន​ប្រកាសថា នៅ​ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ស្តីពី​អាស៊ាន​ដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​គឺ រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​ថា ទី​១)-​មិន​យក​កម្រៃ​លើ​ទិដ្ឋាការ​(VISA) ទី​២)-​មិន​យក​កម្រៃ​លើ​សំបុត្រ​ធ្វើដំណើរ​ពី​រាជធានី​ភ្នំពេញ​ទៅ​ទស្សនា​ខេត្ត​សៀមរាប និង ទី​៣)-​មិន​យក​កម្រៃ​ការចូល​ទស្សនា​ប្រាសាទ​បុរាណ​ខ្មែរ​ទាំងអស់ ជូន​ដល់​វាគ្មិន​បរទេស និង​អ្នកសេដ្ឋកិច្ច​ទាំងឡាយ​ដែល​នឹង​អញ្ជើញ​ទៅ​ចូលរួម​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ស្តីពី​អាស៊ាន នៅ​ប្រទេស​កម្ពុជា​។ អ្វី​ដែល​សម្តេច​តេ​ជោ​ចង់​ឃើញ​គឺ វេទិកា​នេះ​នឹង​បញ្ចប់​ដោយ​ជោគជ័យ​ប្រកប​ដោយ​អត្ថន័យ​ដែល​មិនអាច​បំភ្លេចបាន​ពី​សំណាក់​អ្នកចូលរួម និង​រួមទាំង​ការ​ស្នាក់នៅ​ក្នុងប្រទេស​ក​ម្ពុ​ជា​ប្រកប​ដោយ​សុវត្ថិភាព។ ការ​ប្រារព្ធ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​នៅ​ក្នុង​ប្រទេស​កម្ពុជា​ខាងមុខ គឺ​ដើម្បី​អបអរសាទរ​ខួប​៥០​ឆ្នាំ​របស់​អាស៊ាន និង​ការ​ប្រមើលមើល​ពី​អនាគត​របស់​អាស៊ាន​ផងដែរ​។

បន្ទាប់ពី​បាន​ជួបពិភាក្សា​ជាមួយ​លោក​សាស្ត្រាចារ្យ​ហើយ នៅ​រសៀល​ថ្ងៃ​ដដែល​នេះ សម្តេច​តេ​ជោ ហ៊ុន សែន រួមជា​មួយ​មេដឹកនាំ​នៃ​ប្រទេស​នានា​បាន​អញ្ជើញ​ចូលរួម​វេទិកា​ស្តី​ពី “​តើ​អាស៊ាន​ជា​សហគមន៍​មួយ​ហើយ​ឬ​នៅ​?” ដែល​បាន​ផ្សាយ​ផ្ទាល់ (LIVE) មុន​នេះ​បន្តិច​ពី​សាល​។ នេះ​ជា​កម្មវិធី​ចុងក្រោយ​នៃ វេទិកា​សេដ្ឋកិច្ច​ពិភពលោក​នៅ​ទីក្រុង Davos, Switzerland​។

​សម្តេច​តេ​ជោ នឹង​ដឹកនាំ​គណៈប្រតិភូ រាជរដ្ឋាភិបាល​កម្ពុជា​អញ្ជើញ​វិលត្រឡប់​មកដល់​កម្ពុជា​វិញ​នៅ​ព្រឹក ថ្ងៃទី ២២ មករា នេះ៕

  



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114