BREAKING NEWS
Search

សម្តេច​តេ​ជោ ហ៊ុន សែន ឲ្យ​សមត្ថកិច្ច​តាម​ចាប់ខ្លួន​អ្នក​បង្ហោះ​ហ្វេ​ស​ប៊ុ​កថា សម្តេច​ស្លាប់

ភ្នំពេញ​ ៖​ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ចេញ​បញ្ជា​ឲ្យ​ចាប់​ជន​ដែល​បាន​ប្រមាថ អាយុ ជីវិត​ស​ម្តេចទៅ​តុលាការ ហើយ​សម្តេច​ក៏បាន​លើក​ជា​សំណួរ​ទៅកាន់​មន្ត្រីការទូត​នៃ​បណ្តា​ប្រទេស​ប្រចាំ​នៅ​កម្ពុជា ថា តើ​នេះ​ជា​សិទ្ធិ​បញ្ចេញមតិ​មែន​ទេ ?

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​លើក​ឡើង​បែបនេះ​នៅ​ក្នុង​ពិធី​បិទ​វគ្គ​ប្រគល់​វិញ្ញាបនបត្រ​ដល់​កម្មសិក្សាការី​ជាន់ខ្ពស់​-​មធ្យម ឆ្នាំ ២០១៦ សិក្ខាកាម​វគ្គ​ខ្លី និង បើក​វគ្គ​បណ្តុះបណ្តាល​ឆ្នាំ ២០១៧ របស់​សាលា​ភូមិន្ទ​រដ្ឋបាល​ចំនួន ៧៥១ អង្គ​/​នាក់ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​នា​ព្រឹក​ថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០១៧ ។

ប្រតិកម្ម​របស់​តេ​ជោ​បាន​ធ្វើឡើង​បន្ទាប់ពី​មាន​អា​ខោ​ន​ហ្វេ​ស​ប៊ុ​កមួយ​ ដែល​មាន​ឈ្មោះថា “​កម្មវិធី​ឡប់ៗ​តែ​សប្បាយ​” បាន​សរសេរ​បង្ហោះ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ដោយមាន​វីដេអូ​មួយ រួម​និង​រូបថត​៣​សន្លឹក ថា សម្តេច ហ៊ុន សែន បាន​ស្លាប់​ហើយ បងប្អូន​ការ​ពី​ម្សិលមិញ​វេលា​ម៉ោង ១១និង៣០​នាទី​ ថ្ងៃ​ទី២៤ ខែមិថុនា ដោយ​ធ្លាក់​យន្តហោះ​ពេល​ដែល​លោក​ធ្វើដំណើរ​មកពី​ប្រទេស​វៀតណាម។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា “​ថ្ងៃនេះ​បើ​យោង​ទៅ​លើ​អ្វីដែល​គេ​បាន​ធ្វើឡើង​សម្រាប់​រូប​ខ្ញុំ​នោះ ខ្ញុំ​គឺជា​ខ្មោច​ទេ មក​និយាយ​នេះ ព្រោះ​ខ្ញុំ​ត្រូវ​បាន​ធ្លាក់​យន្តហោះ​ស្លាប់​តាំងពី​ម៉ោង ១១និង៣០​នាទី​ថ្ងៃ​ទី២៤ ខែមិថុនា​” ។ សម្តេច​តេ​ជោ បាន​បន្ត​ទៀត​ថា “​អញ្ចឹង បានជា​ខ្ញុំ​សូម​និយាយ​ដោយ​ត្រង់ៗ​ជាមួយ​អស់លោក​ ដែល​ជា​មន្ត្រីការ​ទូត​ប្រទេស​កម្ពុជា នៅ​មាន​ហានិភ័យ​ខ្ពស់​ណាស់ សន្តិភាព​គឺ​សន្តិភាព​ហើយ ស្ថិរភាព​គឺ​ស្ថិរភាព​ហើយ។ ប៉ុន្តែ​ហេតុអ្វី​បានជា​ខ្ញុំ​នៅតែ​និយាយ​ពី​បញ្ហា​លទ្ធភាព​នៃ​ជម្លោះ​ប្រដាប់​អាវុធ អ្នកខ្លះ​អះអាង​ថា ខ្ញុំ​អត់​មាន​អាវុធ​ទេ តើ​សង្គ្រាម​ជាមួយ​អ្នកណា។ ប៉ុន្តែ​ខ្ញុំ​ឲ្យ​សង្កេតមើល​ចំណុច​ជម្លោះ​កើតមាន​នៅ​ក្នុង​តុលាការ តើ​វា​កើត​ចេញពី​ស្អី ? ចាប់​ផ្តើម​ពី​ពាក្យសំដី​ព្រហើន ប្រមាថ​គ្នា​នោះ​ឯង ដែល​វា​នាំ​ទៅ​ដល់​ក្តីក្តាំ​នៅក្នុង​តុលាការ​”។

សម្តេច​តេ​ជោ​បាន​បន្ត​ថា ដូចជា​ថ្ងៃមុន អ្នកលេង​ហ្វេ​ស​ប៊ុ​កថា សម្តេច ហ៊ុន សែន បងប្អូន​កាលពី​ម្សិលមិញ​វេលា​ម៉ោង ១១និង៣០ នាទី​ថ្ងៃ​ទី​២៤ ខែមិថុនា បាន​ធ្លាក់​យន្តហោះ​ពេល​ដែល​លោក​ធ្វើដំណើរ​មកពី​ប្រទេស​វៀតណាម។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​លើក​ជា​សំណួរ​ទៅកាន់​អ្នកការទូត​ដែល​បាន​អញ្ជើញ​ចូលរួម​នៅ​ក្នុង​ពិធី​នោះ​ថា “​តើ​នេះ​ជា​សិទ្ធិ​បញ្ចេញមតិ​មែន​ទេ​? នៅ​ប្រទេស​របស់​អស់លោក​វា​ជា​សិទ្ធិ​បញ្ចេញមតិ​មែន​ទេ​? អា​ហ្នឹង​ត្រូវ​តាមរក​វា​ដើម្បី​នាំទៅ​តុលាការ។ នេះហើយ​ជា​រឿង​ក្តីក្តាំ​ដែល​នាំទៅដល់​តុលាការ មកពី​វា​ធ្វើ អស់លោក​មិន​ត្រូវ​មើលស្រាល​បញ្ហា​នេះ កន្លងទៅ​មិន​ហ៊ាន​ជេរ​ចំហ​ទេ តែ​ពេល​ហែ​ក្បួន ជេរ​ដដែល​លើក​ក្រោយ​តាម​ថត​វា​ឲ្យ​បាន​”។

​សម្តេច​តេ​ជោ​ បាន​លើក​ជា​សំណួរ​ថា តើ​ការប្រមាថ​នេះ​ទទួលយក​បានទេ​? នាយករដ្ឋមន្ត្រី​ប្រទេស​មួយ ស្លាប់ គឺ​រដ្ឋមន្ត្រី​នៅ​ក្នុង​រាជរដ្ឋាភិបាល​ត្រូវ​រំសាយ​ទាំងអស់ ហើយ​គណៈរដ្ឋមន្ត្រី​មួយ​ត្រូវ​រៀបចំ​ឡើងវិញ ដូចនេះ​វា​ធ្វើ​ឲ្យ​មាន​ភាព​ច្របូកច្របល់។ ការប្រមាថ​នេះ វា​នាំ​ទៅ​ដល់​ជម្លោះ​ក្នុង​ផ្លូវ​តុលាការ។ សម្តេច​ក៏បាន​ប្រាប់​ទៅ​អង្គទូត​ទាំងអស់​នោះ​ផង​ដែរ​ថា នៅ​ខាងក្រៅ​គេ​និយាយ​ជាមួយ​អស់លោក​គឺ​ល្អ​ណាស់ តែ​នៅ​ពេល​គេ​ប្រើ​ជា​ភាសា​ក្នុង​ហ្វេ​ស​ប៊ុ​ក និង ការឃោសនា​របស់​គេ គឺ​អាក្រក់​ខ្លាំង​ណាស់។

សម្តេច​តេ​ជោ​បន្ត​ថា អណ្តាត​របស់​ពួកគេ​នេះ​ហើយ​ ដែល​នាំ​ឲ្យ​មាន​ជម្លោះ​ក្នុង​តុលាការ ហើយ​អា​ជម្លោះ​វ៉ៃ​គ្នា​បែក​ក្បាល​នៅ​តុលាការ​ក៏​ចេញពី​អណ្តាត​នេះ​ដែរ គឺ​សំដី ដូចនេះ សង្គ្រាម​វា​ក៏​កើតចេញពី​សំដី​ដែរ បើ​លោក​ឯង​មិន​អប់រំ មិន​ថ្កោលទោស​ជាមួយ​អំពើ​អស់ទាំង​នេះ លទ្ធភាព​នៃ​សង្គ្រាម​វា​នៅ​តែ​មាន​អញ្ចឹង ហើយ​កុំ​បន្ទោស​ថា​ គេ​ប្រើ​អំណាចច្បាប់។

​គួរ​រំលឹក​ថា ករណី​ស្រដៀង​គ្នា​នេះ​ដែរ ​កាលពី​ឆ្នាំ​២០១៦ កន្លងទៅ​សាលាដំបូង​ខេត្តបាត់ដំបង​បាន ចោទប្រកាន់​ស្ត្រី​ម្នាក់​ឈ្មោះ ប៉ាង ស៊ីណា ពីបទ​ជេរប្រមាថ​គឺ​បន្ទាប់ពី​បង្ហោះ​សារ​មួយ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​គាត់​ដែល​ថា សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ស្លាប់​ក្នុង​ហេតុការណ៍​ធ្លាក់​យន្តហោះ​ក្នុង​ពេល​លោក​ធ្វើដំណើរ​ទៅ​ប្រទេស​ម៉ាឡេស៊ី៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114