BREAKING NEWS
Search

សម្តេច​តេ​ជោ ហ៊ុន សែន ៖ ចាងហ្វាង​គណៈ​ដឹកនាំ​ជាន់ខ្ពស់​នៃ​សាសនា​ឥស្លាម​កម្ពុជា​ប្រៀប​បាន​នឹង​សម្តេច​សង្ឃ​ក្នុង​ព្រះពុទ្ធសាសនា ដែល​ត្រូវ​ផ្តល់​កិត្តិយស​សមរម្យ

ភ្នំពេញ​ ៖​ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ បាន​មានប្រសាសន៍ថា ដោយសារតែ​ចាងហ្វាង​គណៈ​ដឹកនាំ​ជាន់ខ្ពស់​នៃ​សាសនា​ឥស្លាម​កម្ពុជា បើ​និយាយ​ពី​តួនាទី​គឺ មិន​ខុសពី​សម្តេច​សង្ឃ​ខាង​ព្រះពុទ្ធ​នោះទេ ដូច្នេះ​គួរ​តែ​មាន​កន្លែង​ដ៏​សមរម្យ​មួយ​សម្រាប់​សាសនា​អ៊ីស្លាម។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​បែបនេះ កាលពី​ល្ងាច​ថ្ងៃ​ទី ២៣ ខែ មិថុនា ក្នុង​ឱ​កាស​ដែល​សម្តេច​បាន​អញ្ជើញ​ចូលរួម​ពិ​ធី​ស្រាយ​បួស ខែ រ៉ា​ម៉ា​ឌន ជាមួយ​បងប្អូន​ខ្មែរ​-​ឥស្លាម ជិត ១ ពាន់​នាក់ នៅ​វិហារ​ធំ​គីឡូម៉ែត្រ​លេខ​៩ (K.M9 Mosque) ស្ថិត​ក្នុង​សង្កាត់​ច្រាំង​ចំរេះ ខណ្ឌឫស្សី​កែវ រាជធានី​ភ្នំពេញ ដែល​នេះ​ជា​លើក​ទី​២ បន្ទាប់ពី​ប្រមុខ​រាជរដ្ឋាភិបាល​បាន​អញ្ជើញ​ពិធី​ស្រាយ​បួស​ថ្នាក់ជាតិ​ខែ​រ៉ា​ម៉ា​ឌន ដែល​បាន​រៀប​ចំ​ធ្វើ​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​ កាលពី​ល្ងាច​ថ្ងៃទី​១៥ ខែមិថុនា កន្លងទៅ​។

នៅក្នុង​ពិធី​នោះ​ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ ត្រូវ​បាន​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ឥស្លាម និង​បាន​អញ្ជើញ​ថ្វាយ​បង្គំ​នៅក្នុង​ព្រះវិហារ​ផងដែរ។

នៅ​ក្នុង​ឱកាស​នោះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ ក៏​បានផ្តល់​អគារសិក្សា​មួយ​ខ្នង​កម្ពស់ ៤ ជាន់​ស្មើ​និង ២៤ បន្ទប់ ដល់​សាលា​ឌូ​បៃ​ភ្នំពេញ បង្រៀន​ផ្នែក​សាសនា និង បានសម្រេច​ឲ្យ​វាយចោល​អគារ​ចាស់ និង សាងសង់​អគារ​១​ខ្នង​កម្ពស់ ៤ ជាន់ សម្រាប់​ចាងហ្វាង​គណៈ​ដឹកនាំ​ជាន់ខ្ពស់​នៃ​សាសនា​ឥស្លាម​កម្ពុជា។ ជាមួយ​នេះ សម្តេច​តេ​ជោ​ក៏​បានផ្តល់​ថវិកា ៥០លាន​រៀល​ដល់​ព្រះវិហារ​នេះ​ដើម្បី​បន្ត​អភិវឌ្ឍន៍។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា ដោយសារតែ​ចាងហ្វាង​គណៈ​ដឹកនាំ​ជាន់ខ្ពស់​នៃ​សាសនា​ឥស្លាម​កម្ពុជា បើ​និយាយ​ពី​តួនាទី​គឺ មិន​ខុស​ពី​សម្តេច​សង្ឃ​ខាង​ព្រះពុទ្ធ​នោះ​ទេ ដូច្នេះ​គួរ​តែ​មាន​កន្លែង​ដ៏​សមរម្យ​មួយ​សម្រាប់​សាសនា​ឥស្លាម។ ជាមួយ​នេះ​ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ បាន​ផ្តល់​សិទ្ធិ​ឲ្យ​និស្សិត និង បញ្ញា​វ័​ន្ត ឥស្លាម​កម្ពុជា​ជា​អ្នក​គូស​ប្លង់​អគារ​នេះ​ដែល​ទទួលបាន​ការបណ្តុះ​បណ្តាល និង ផលប្រយោជន៍​ពី​សុខ​សន្តិភាព​ ដែល​គណបក្ស​ប្រជាជន​កម្ពុជា​បានផ្តល់​ជូន​បងប្អូន។

សម្តេច​តេ​ជោ​បាន​បន្ត​ថា អគារ​នេះ​សម្តេច​ជា​អ្នក​ចេញលុយ​សាងសង់ ដោយ​ក្រុម​វិស្វកម្ម​របស់​សម្តេច​ជា​អ្នក​សាងសង់​ដោយ​គោរព​ទៅតាម​រចនាបថ​ដែល​បងប្អូន​ឥស្លាម​ចង់បាន។

គួរ​បញ្ជាក់​ថា ឆ្នាំនេះ​ជា​ឆ្នាំ​ទី​៤​ហើយ​ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​រៀប​ចំ​ធ្វើ​ពិធី​ស្រាយ​បួស​ប្រចាំ​ឆ្នាំ​ថ្នាក់​ជាតិ ​សម្រាប់​សាសនិក​ឥស្លាម​នៅ​កម្ពុជា​ដែល​លើក​ទី១ ធ្វើឡើង​កាលពី​ឆ្នាំ​២០១៤។

នៅ​ក្នុង​ពិធី​ស្រាយ​បួស​ថ្នាក់​ជាតិ​រៀបចំឡើង​ដោយ​រាជរដ្ឋាភិបាល​កាលពី​ថ្ងៃទី​១៥ ខែ មិថុនា ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​មានប្រសាសន៍ថា បញ្ហា​សំខាន់​របស់​យើង​នៅទីនេះ​គឺ​សុខដុម​ភាវូបនីយកម្ម​ជនជាតិ​និង​សាសនា ជា​បញ្ហា​មួយ​ដែល​មិន​អាច​មើល​រំលង​បានទេ។ នៅក្នុង​ប្រទេស​មួយ​ចំនួន​ដែលមាន​ការ​បែកបាក់​និង​ជម្លោះ​ក៏​មាន​ចំណុច​ចាប់ផ្ដើម​ពី​ការ​ព្រងើយកន្តើយ ការរើសអើង និង ការ​មិន​យកចិត្តទុកដាក់​ទៅលើ​បញ្ហា​ការធ្វើ​សុខដុម​ភាវូបនីយកម្ម​រវាង​ជាតិ​សាសន៍​និង​សាសនា។

ចំណុច​នេះ​ ក៏​យើង​ត្រូវ​ធ្វើ​ការសិក្សា​ផង​ដែរ​ពាក់ព័ន្ធ​ជាមួយនឹង​បញ្ហា​ការកើតឡើង​នូវ​ទម្រង់​ហិង្សា​ផ្សេងៗ​ដែល​វា​បាន​ផ្ទុះ​ចេញ​ជាតិ​សាសន៍ និង​សាសនា។

សម្តេច​តេ​ជោ​បាន​បន្ត​ថា ក្នុងនាម​គណបក្ស​ប្រជាជន​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​សំដែង​នូវ​ការ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​បងប្អូន​សាសនិក​ឥស្លាម ដែល​បាន​បោះឆ្នោត​គាំទ្រ​យ៉ាងច្រើន​លើសលប់​ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា។ សង្ឃឹមថា ការបន្ត​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​វា​មិន​ខុសពី​ការបោះឆ្នោត​ថ្វាយ​ព្រះ​អាឡោះ​និង​សម្រាប់​បងប្អូន​ឥស្លាម​ខ្លួនឯង​នោះទេ​។ នេះ​គឺជា​រឿង​ពិត​មួយ។

តាម​ការ​បញ្ជាក់​ពី​លោក អូស្មាន ហាស្សាន់ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង ជា​ប្រធាន​គណៈកម្មការ​រៀបចំ​ពិធី​ពិសា​អាហារ​ស្រាយ​បួស​បានឲ្យដឹងថា រ៉​ម៉ា​ឌន ជា​ខែ​បុណ្យ​ដ៏​វិសេស​ជាងគេ​របស់​សាសនិក​ឥស្លាម​ទូទាំង​សកលលោក ចំពោះ​អ្នក​ដែល​ពេញវ័យ​ត្រូវអនុវត្ត​ការ​បួស​តម​អាហារ និង តម​ការ​ទទួលទាន​អ្វី​ទាំងអស់​ប្រមាណ​១៤​ម៉ោង​ក្នុង​១​ថ្ងៃ ដែល​ចាប់​ផ្តើម​ពី​វេលា​ទាបភ្លឺ​រហូតដល់​ថ្ងៃ​លិច​។ ក្នុង​សាសនា​ឥស្លាម បួស​គឺជា​ការដាក់​ខ្លួន​ឱ្យ​ស្មើភាព​របស់​មនុស្ស​គ្រប់​ស្រទាប់វណ្ណៈ ទោះ​ក្នុងឋានៈ​ណា​ក៏​ត្រូវតែ​ទទួល​នូវ​ភាព​ហេវ​ហត់ អត់ឃ្លាន​នៅ​ពេល​ថ្ងៃ រយៈពេល​មួយ​ខែ​ពេញ ដូចជា​អ្នក​ក្រក្សត់​ដទៃ​ទៀត​ដែរ​។ កាលណា​គាត់​ដឹង​ពី​ទុក្ខ​លំបាក​នៃ​ការ​អត់​អាហារ គឺ​គាត់​ដឹង​ពី​ទុក្ខ​ធុរៈ​អ្នកដទៃ​ដែល​រស់នៅ​ក្នុង​ភាពខ្វះខាត ហើយក៏​ជា​ឱកាស​នៃ​ការ​បរិច្ចាគ​របស់​គាត់​ទៅ​ជនក្រីក្រ​ច្រើនជាង​ឱកាស​ផ្សេងៗ​ទាំងអស់​។

តាម​ក្បួនច្បាប់​របស់​សាសនា​ឥស្លាម​និយាយ​ថា បួស​មិនមែន​តែ​ការ​តម​អាហារ​ប៉ុណ្ណោះ​ទេ តែ​ជាការ​តម​នូវ​ការនិយាយស្តី​អាក្រក់ ការ​បៀតបៀន ការរំលោភ​លើ​សិទ្ធិ​សេរីភាព និង​កិត្តិយស​អ្នកដទៃ ក៏ដូចជា​ការប្រព្រឹត្តិ​នូវ​បទល្មើស​ទាំងឡាយ​ទោះ​តូច​ឬ​ធំ​ផង​ដែរ​។ បួស​ក៏​ជាការ​ដាក់​ឲ្យមាន​តុល្យភាព​របប​អាហារ​តាម​ពេលវេលា​ជាក់លាក់ ជាពិសេស​ការ​ចាត់​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ធ្វើការ​សម្អាត ការ​រំលាយ និង​ច្រោះ​ចេញ​នូវ​កាកសំណល់​ជាតិពុល​ទាំងឡាយ​ដែល​នៅ​សេសសល់​ក្នុង​ខ្លួន​មនុស្ស​ផងដែរ​៕

  



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114