សម្តេច​តេ​ជោ ហ៊ុន សែន ​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​ពិសេសស្តីពី​កូ​វីដ​-១៩ តាមរយៈ Video Conference
BREAKING NEWS
Search

សម្តេច​តេ​ជោ ហ៊ុន សែន ​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​ពិសេសស្តីពី​កូ​វីដ​-១៩ តាមរយៈ Video Conference

​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាធិបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​បូក​បី​ពិសេស ស្តីពី​ជំងឺ​កូ​វីដ​-១៩ ដែល​កិច្ចប្រជុំ​នេះ ធ្វើឡើង​តាមរយៈ Video Conference នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ នា​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០២០។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ក្រសួងការបរទេស ចុះ​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០២០​។​

​ការចូលរួម​កិច្ចប្រជុំ​ខាងលើនេះ តប​តាម​ការ​អញ្ជើញ​របស់​លោក​ង្វៀន ​សួន​ហ្វុ​ក​នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ដែល​ជា​ប្រធាន​អាស៊ាន ឆ្នាំ​២០២០ ហើយ​អញ្ជើញ​អម​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ នៅក្នុង​កិច្ចប្រជុំ​តាមរយៈ​ប្រព័ន្ធ​វីដេអូ រួមមាន លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​, លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បណ្ឌិតសភា​ចា​រ្យ ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា និង​លោក​ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ព្រមទាំង​ឥស្សរជន​ជាន់ខ្ពស់​នៃ​រាជ​រដ្ឋាភិបាល​មួយចំនួន​ផងដែរ​។​

​នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​ពិសេស និង​កិច្ចប្រជុំ​កំពូល​អាស៊ាន​បូក​បី​ពិសេស ស្តីពី​កូ​វីដ​-១៩ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា​ដ៏​មាន​អត្ថន័យ​ចំនួន​២​ស្តីពី​ផលប៉ះពាល់​នៃ​កូ​វីដ​-១៩ ទៅលើ​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម និង​កំណើន​សេដ្ឋកិច្ចពិភពលោក​។​ ព្រមទាំង​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​នៃ​កូ​វីដ​-១៩ ទៅលើ​សន្តិសុខ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម និង​កិច្ចការ​សង្គម​ជារួម ដែល​ទាមទារ​កិច្ចប្រឹងប្រែង​រួមគ្នា​ជា​អន្តរជាតិ​ប្រកបដោយ​ប្រសិទ្ធិភាព និង​ទាន់ពេលវេលា ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​គំរាមកំហែង​នៃ​កូ​វីដ​-១៩​នេះ​។​

​កិច្ចប្រជុំ​កំពូល​ពិសេស​ទាំងពីរ​នេះ គឺជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​បន្ថែម​ទៀត ដែល​ឆ្លុះបញ្ចាំង​អំពី​ការរួបរួម​របស់​អាស៊ាន​តាមរយៈ​សកម្មភាព​រួម​នៃ​ការជួយ​គ្នា​ទៅវិញទៅមក​ការលើកកម្ពស់​ការ​ឆ្លើយ​តប​ដោយ​ធ្វើ​សកម្មភាព​យ៉ាង​ឆាប់រហ័ស​និង​ប្រកបដោយ​ប្រសិទ្ធភាព​នៅក្នុង​ការគ្រប់គ្រង​ជំងឺ និង​ការពង្រឹង​ភាពរឹងមាំ​របស់​តំបន់​ស្របពេល​ ជាមួយ​ការត្រៀម​លក្ខណៈ​រួចជាស្រេច​។ ក្នុងការ​រិះរក​កិច្ចសហប្រតិបត្តិការ​ជាមួយ​ដៃគូ​ខាងក្រៅ​របស់​អាស៊ាន និង​សហគមន៍​អន្តរជាតិ​ក្នុងការ​លើកកម្ពស់​ការ​ត្រៀមខ្លួន​ជាស្រេច និង​វិធានការ​ឆ្លើយតប ដើម្បី​កាត់បន្ថយ និង​លុបបំបាត់​ផល​ប៉ះពាល់​ដោយសារ​កូ​វីដ​-១៩៕

អត្ថបទ៖ កោះ​កែវ​