BREAKING NEWS
Search

សម្តេច​តេ​ជោ ៖ អណ្តាត​របស់​ពួក​ប្រឆាំង គឺ ជា​មូលហេតុ​នៃ​សង្គ្រាម

ត្បូងឃ្មុំ ​៖ ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា អណ្តាត​របស់​ពួក​ប្រឆាំង​គឺជា​មូលហេតុ​នៃ​សង្គ្រាម ប្រសិនបើ​ពួកគេ​នៅតែ​បន្ត​និយាយ​ប្រមាថ និង បន្ត​គំរាម​សម្លាប់ អស់លោក​ត្រូវ​ត្រៀម​ក្តារ​មឈូស​ទុក​ឲ្យ​ហើយ ខ្ញុំ​សូម​ព្រមាន កម្ពុជា​មិន​ឲ្យ​របូត​ផុត​ពី​ដៃ​នូវ​សន្តិភាព​ទេ ដោយ​តម្លៃ​ណា​ក៏​ដោយ​កម្លាំង​ប្រដាប់អាវុធ​ត្រូវ​ក្តាប់​ឲ្យ​ជាប់។

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើ​ការ​ព្រមាន​ ចំពោះ​ក្រុម​អ្នកនយោបាយ​ប្រឆាំង​កាលពី​ព្រឹក​ថ្ងៃទី ២១ ខែ មិថុនា ក្នុង​ទិវា​ចងចាំ​ឆ្ពោះ​ទៅ​ការ​រំដោះ​ជាតិ​ចេញពី​របប​ប្រល័យពូជសាសន៍​ប៉ុល ពត ដែល​បាន​ប្រារព្ធ​ធ្វើ​នៅ​ភូមិ កោះ​ថ្ម ឃុំ​ទ​ន្លូ​ង ស្រុក​មេមត់ ខេ​ត​ត្បូងឃ្មុំ។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា​ “​ទោះបី​មាន​អ្នកវិភាគ​ខ្លះ​និយាយ​ថា ប្រសិនបើ​នៅតែ​និយាយ​អំពី​សង្គ្រាម​ និង ​ធ្វើ​ឲ្យ​កងទ័ព​បែកបាក់ តែ​សុំ​បញ្ជាក់​គឺ​ដោយសារតែ​អណ្តាត​របស់​លោក​នេះ​ហើយ ​គឺជា​មូលហេតុ​នៃ​សង្គ្រាម​នេះ ហើយ​បើសិនជា​អស់លោក​នៅតែ​និយាយ​អំពី​ការប្រមាថ អំពី​ការ​គំរាម​សម្លាប់ អស់លោក​ត្រូវ​ត្រៀម​ក្តារ​មឈូស​ទុក​ឲ្យ​ហើយ ខ្ញុំ​សូម​ព្រមាន កម្ពុជា​មិន​ឲ្យ​របូត​ផុត​ពី​ដៃ​នូវ​សន្តិភាព​ទេ ដោយ​តម្លៃ​ណាក៏​ដោយ​កម្លាំង​ប្រដាប់អាវុធ​ត្រូវ​ក្តាប់​ឲ្យ​ជាប់​”។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ធ្វើ​ការព្រមាន​ផង​ដែរ​ថា ពិបាក​ណាស់​ស្លាប់​អស់​ច្រើនណាស់ ដោយសារ​សង្គ្រាម ខ្ញុំ​ពិការ​ភ្នែក​ដោយសារតែ​រដ្ឋ​ប្រហារ ១៨ មិនា ១៩៧០។ បើ​គ្មាន​រដ្ឋប្រហារ ១៩៧០ ក៏​មិន​មាន​របប​ប្រល័យពូជសាសន៍​ប៉ុលពត​ដែរ។ ដូចនេះ​អ្នក​កសាង​កំហុស​ទាំងឡាយ​ត្រូវ​ទទួលស្គាល់​ឲ្យ​ច្បាស់​នូវ​ប្រវត្តិសាស្ត្រ​នេះ មិនមែន​ចាំតែ​មាន​កាំភ្លើង​ទេ​អណ្តាត​របស់​អ្នកឯង​ក៏​អាច​បង្កើត​សង្គ្រាម​បាន​ដែរ ដរាបណា​អណ្តាត​របស់​អ្នកឯង ការ​សរសេរ​របស់​អ្នកឯង នៅតែ​ប្រមាថ​ម៉ាក់​ងាយ ខ្ញុំ​នៅតែ​និយាយ​ថា ​កម្ពុជា​នៅសល់​សង្គ្រាម​នៅឡើយ កងទ័ព​ត្រូវ​ត្រៀម​ជានិច្ច​ដើម្បី​បង្ក្រាប​រាល់​ចលនា​ នៃ​ការ​ផ្តួលរំលំ​ និង ​ការ​ធ្វើ​ឲ្យ​ខូចខាត​ប្រទេសជាតិ។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្ត​ថា “​មាន​អ្នក ឲ្យ​ខ្ញុំ​បញ្ជាក់​ថា តើ​គេ​ស្ថិត​ក្នុង​ចំណោម​មនុស្ស ១០០ ឬ ២០០​នាក់ ដែល​ត្រូវ​កម្ចាត់​ទេ ខ្ញុំ​បាន​និយាយ​ថា​ ដើម្បី​ការពារ​សន្ដិភាព ការពារ​ប្រជាជន​រាប់​លាន​នាក់ បើ​ចាំបាច់​ត្រូវ​កម្ចាត់ ១០០ ឬ ២០០​នាក់​ក៏​ត្រូវតែ​កម្ចាត់​ដែរ អញ្ចឹង​សូម​អ្នក​ស្ដាប់​ឲ្យ​ច្បាស់​ បើ​អ្នក​មិន​ចូលរួម​បំផ្លាញ​សន្ដិភាព​ទេ អ្នក​មិនមែន​គេ​គោលដៅ​នៃ​ការ​កម្ចាត់​ទេ​។ អ្នកណា​ក៏ដោយ​ឲ្យ​តែ​មាន​គោលដៅ​បំផ្លាញ​សន្ដិភាព​នេះ អ្នក​នឹង​ទទួល​ផល​នូវ​អ្វី​ដែល​អ្នក​ចង់ អ្នក​ដក​ខ្លួន​ចេញទៅ​”៕

      



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114