BREAKING NEWS
Search

សម្តេច​តេ​ជោ ៖ ​មេដឹកនាំ​ប្រទេស​ជាច្រើន​សុទ្ធតែ​តស៊ូ​ពី​ក្រៅ​ប្រទេស​ដើម្បី​រំដោះ​ទឹកដី តើ​ការ​ពឹង​វៀតណា​ម ឲ្យ​មកជួយ​រំដោះជាតិ ជាការ​ខុស​ដែរ​ឬ?

ត្បូងឃ្មុំ​ ៖ ​សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បានធ្វើការ​បកស្រាយ​លើ​ហេតុផល​ដែល​សម្តេច​ត្រូវ​ជ្រើសរើស​ប្រទេស​វៀតណាម​ជា​គោលដៅ​ដែល​ត្រូវ​ភៀសខ្លួន​ដើម្បី​ឈានទៅ​បង្កើត​ចលនា​តស៊ូ​រំដោះ​ជាតិ​ចេញពី​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ដោយ​សម្តេច​បានលើកឡើង​ថា មេដឹកនាំ​ប្រទេស​ជាច្រើន​សុទ្ធតែ​តស៊ូ​ពី​ក្រៅប្រទេស​ដើម្បី​រំដោះទឹកដី មិនមែន​តស៊ូ​ក្នុងប្រទេស​ទេ​ដូច្នេះ​តើ​ការពឹង​វៀតណាម​ឲ្យ​មកជួយ​រំដោះជាតិ​ជាការ​ខុស​ដែរ​ឬ ? បើ​គ្មាន​កងទ័ព​វៀតណាម​ជួយ​តើ​យើង​អាច​រំដោះ​បានទេ​?

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ​បាន​ធ្វើការ​បកស្រាយ​ហេតុផល​បែបនេះ កាលពី​ព្រឹក​ថ្ងៃទី ២១ ខែ មិថុនា ក្នុង​ទិវា​ចងចាំ​ឆ្ពោះ​ទៅ​ការ​រំដោះ​ជាតិ​ចេញពី​របប​ប្រល័យពូជសាសន៍​ប៉ុល ពត ដែល​បាន​ប្រារព្ធ​ធ្វើ​នៅ​ភូមិ កោះ​ថ្ម ឃុំ​ទ​ន្លូ​ង ស្រុក​មេមត់ ខេ​ត​ត្បូងឃ្មុំ។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​លើក​ហេតុផល​ថា ហេតុអ្វី​ត្រូវ​ជ្រើសរើស​ប្រទេស​វៀតណាម​ជា​គោលដៅ​ដែល​ត្រូវ​ទៅ ដោយសារតែ​ប្រទេស​វៀតណាម​មាន​ភូមិសាស្ត្រ​នៅ​ជិត​កម្ពុជា​ជាងគេ ចំណែក​ប្រទេស​ឡាវ​មាន​ចម្ងាយ​ប្រមាណ ២០០ គីឡូម៉ែត្រ​ពី​កម្ពុជា បញ្ហា​សំខាន់​តើ​ឡាវ​មានលទ្ធភាព​ឬទេ។ បើ​ទៅ​ពឹង​ថៃ​ដែល​នៅ​ម្ខាង​ប្រទេស​តើ​ថៃ​មានលទ្ធភាព​ទេ។ ​សម្រាប់​វៀតណាម​គឺ​នៅ​កៀក​តែ​ប៉ុន្មាន​គីឡូម៉ែត្រ​ពី​កម្ពុជា ​ហើយ​វៀតណាម​ក៏​មិនមែន​ជា​រឿង​ថ្មី​ទេ។ ព្រះមហាក្សត្រ​នរោត្តម​សីហនុ ក៏​ធ្លាប់​ពឹង​វៀតណាម​ឲ្យ​ជួយ​រំដោះ​ប្រទេស​ពី​របប លន់ ណុល។ ម្យ៉ាងទៀត​រឿងរ៉ាវ​ដែល​យើង​ត្រូវ​ដឹង​ដើម្បី​ឲ្យ​មនុស្ស​មួយ​ចំនួន​ស្គាល់​បញ្ហា​មេដឹកនាំ​ប្រទេស​ជាច្រើន​សុទ្ធតែ​តស៊ូ​ពី​ក្រៅ​ប្រទេស​ដើម្បី​រំដោះ​ទឹកដី មិនមែន​តស៊ូ​ក្នុង​ប្រទេស​ទេ។ វៀតណាម​ក៏​ធ្លាប់​បាន​ពឹង​កម្ពុជា​ឲ្យ​ជួយ​រំដោះទឹកដី​ដែរ ដូច្នេះ​មេដឹកនាំ​វៀតណាម​តែងតែ​បាន​សំដែង​ការ​ដឹងគុណ​ចំពោះ​កម្ពុជា​កាលពី​សង្គ្រាម​ជាមួយ​វៀតណាម​ខាងត្បូង។

សម្តេច​ក៏បាន​លើកឡើង​ផង​ដែរ ​អំពី​ចលនា​តស៊ូ​នៅ​លើ​ពិភពលោក មិនមែន​តែ​នៅ​ឥណ្ឌូចិន​ទេ នៅ​ប្រទេស​អឺរ៉ុប​ក៏​មាន​ដូច្នេះ​ដែរ​ដូចជា​ប្រទេស​បារាំង​ត្រូវ​អាល្លឺម៉ង់​ឈ្លានពាន ​រដ្ឋាភិបាល​បារាំង​សម័យ​នោះ​ឆ្នាំ ១៩៤០ បាន​ចុះចាញ់​អាល្លឺម៉ង់​ហើយ​រៀបចំ​រដ្ឋាភិបាល​ចំណុះ​ឲ្យ​អាល្លឺម៉ង់ លោក ហ្សា​ឌឺ​ហ្គោល ដែល​ជា​មេដឹកនាំ​របស់​បារាំង​បាន​ភៀសខ្លួន​ទៅកាន់​ប្រទេស​អង់គ្លេស​ហើយ​បានចេញ​សេចក្តី​ថ្លែងការណ៍​ពី​ប្រទេស​អង់គ្លេស នៅ​ថ្ងៃ ១៨ មិថុនា ១៩៤០ ដើម្បី​តស៊ូ​រំដោះប្រទេស​ពីក្រោម​ការគ្រប់គ្រង​រប​ស់​អាល្លឺម៉ង់។ គាត់​បាន​ដឹកនាំ​ចលនា​តស៊ូ​រំដោះ​ទីក្រុង​ប៉ារីស នៅ​ថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ១៩៤៤ ដោយមាន​កិច្ចសហការ​ជួយ​គាំទ្រ​ពី​ប្រទេស​អង់គ្លេស​ផងដែរ។

ដូចនេះ​មិនមែន​មានតែ ហ៊ុន សែន ទេ​ដែល​ចាក​ចេញពី​កម្ពុជា​ទៅ​ពឹង​វៀតណាម​ឲ្យ​ជួយ ហ្សា​ឌឺ​ហ្គោល ក៏បាន​ភៀសខ្លួន​ទៅ​អង់គ្លេស​ដឹកនាំ​ចលនា​តស៊ូ​រំដោះប្រទេស ​ពីក្រោម​ការត្រួតត្រា​របស់​អាល្លឺម៉ង់ ដោយមាន​កម្លាំង​ពី​ខាងក្រៅ​មក​ជួយ​អន្តរាគមន៍​មិនមែន​តែ​កងទ័ព​បារាំង​តែឯង​នោះទេ។

ចុះ​ហ៊ុន សែន ខុស​ដែរ​ទេ​ដែល​ទៅ​ពឹង​វៀតណាម​មក​ជួយ​រំដោះប្រទេស​នោះ​បើ​កុំ​មាន​វៀតណាម​ជួយ​តើ​យើង​អាច​រំដោះប្រទេស​បានទេ។

​សម្តេច​តេ​ជោ​បន្ត​ថា ​វា​មិនមែន​ជា​រឿងនិទាន​មួយ​ទេ នៅ​កម្ពុជា​សុំ​មើល​ឲ្យ​ច្បាស់​ក្នុង​ឯកសារ​ដែល​មាននៅ​បន្សល់​រូបថត​ជាច្រើន​បានបង្ហាញ​តួអង្គ​នៃ​ការបង្កើត​កងកម្លាំងប្រដាប់អាវុធ​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ។

អរគុណ​អ្នក​ទាំងឡាយ​ដែល​បាន​មក​កាន់​ទីនេះ​ដើម្បី​ស្គាល់​នូវ​ប្រវត្តិ​ដើម ​នៃ​ការចាប់ផ្តើម​នៃ​តួអង្គ​មួយ​ក្នុងចំណោម​តួអង្គ​ផ្សេងទៀត​ដែល​បាន​បង្កើត​នូវ​ការ​រស់រានមានជីវិត​របស់​ប្រជាជន​កម្ពុជា​ការសង្គ្រោះ​ប្រទេស​ចេញពី​របប​ប្រល័យពូជសាសន៍ ហើយក៏​កំពុង​នាំ​យក​ឧក្រិដ្ឋជន​សង្គ្រាម ឧក្រិដ្ឋជន​ប្រល័យពូជសាសន៍​យកទៅ​កាត់ទោស ប្រសិនបើ​គេ​ចាត់ទុកថា​ការកាត់ទោស​នេះ​ត្រឹមត្រូវ​មានន័យថា​ខ្ញុំ​តស៊ូ​ផ្តួលរំលំ របស់​ប្រល័យពូជសាសន៍​ប៉ុល ពត និង ការជួយ​របស់​វៀតណាម​គ្មានអ្វី​ខុស​ទេ។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា នេះ​គឺជា​ទិវា​នៃ​ការ​ចងចាំ​ហើយ​ចេញពី​ចំណុច​នេះ​ហើយ ​ដែល​អង្គការ​ចាប់​តាំង​ខាង​យោធា​ត្រូវ​បាន​បង្កើត​ឡើង​ខុស​ពី​ឆ្នាំ ១៩៧០​។ ឆ្នាំ១៩៧០ អង្គការ​ចាប់​តាំង​ខាង​នយោបាយ​បាន​កើតមុន​តាមរយៈ​ការ​បង្កើត​រណៈសិរ្ស​រួបរួម​ជាតិ ដឹកនាំ​ដោយ​សម្តេចព្រះ​នរោត្តម សីហនុ និង រាជរដ្ឋាភិបាល​នៅពេលនោះ​ដឹកនាំ​ដោយ​សម្តេច ប៉ែន នុត ចំណែក​កម្លាំងយោធា​មិនទាន់​មាន​ទេ។ ឯ​ការសង្គ្រោះ​ជាតិ​ចេញពី​របប​ប្រល័យពូជសាសន៍​ប៉ុលពត អង្គការ​ចាត់តាំង​ខាង​យោធា បាន​កើត​មុន អង្គការ​ចាត់តាំង​នយោបាយ ហើយ​ដែល​អង្គការ​ចាត់តាំង​យោធា​នោះ​គឺមាន​ខ្ញុំ​ជា​មេបញ្ជាការ​ដឹកនាំ​កងទ័ព​រៀបរយ​នេះ។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្ត​ថា ពាក្យ​សង្គ្រោះ​ជាតិ​ជា​ពាក្យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ហេតុផល​បើ​មាន​ប្រជាធិបតេយ្យ ឬ មានការ​ផ្តល់​ឱកាស​ដូច​សព្វថ្ងៃ​គ្មាន​ការចាំបាច់​ទៅ​សង្គ្រោះ​អី​ទេ មានតែ​សាង​គ្រោះ​ឲ្យ​ជាតិ​មាន​មែន។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ​បាន​ធ្វើ​ការព្រមាន​ផង​ដែរ​ថា ចំពោះ​អ្នក​ដែល​ចង់​បង្កើត​ឲ្យ​មាន​សង្គ្រាម ដោយ​សម្តេច​លើកឡើង​ថា ​វា​ពិបាក​ណាស់​ស្លាប់​អស់​ច្រើនណាស់​ដោយសារ​សង្គ្រាម ស​ម្តេចក៏​ពិការភ្នែក​ដោយសារ​តែរ​ដ្ឋ​ប្រហារ ១៨ មិនា ១៩៧០។ បើ​គ្មាន​រដ្ឋប្រហារ ១៩៧០ ក៏​មិន​មាន​របប​ប្រល័យពូជសាសន៍​ប៉ុលពត​ដែរ។ ដូចនេះ​អ្នក​កសាង​កំហុស​ទាំងឡាយ​ត្រូវ​ទទួលស្គាល់​ឲ្យ​ច្បាស់​នូវ​ប្រវត្តិសាស្ត្រ​នេះ​មិនមែន​ចាំ​តែ​មាន​កាំភ្លើង​ទេ​ អណ្តាត​របស់​អ្នកឯង​ក៏​អាចបង្កើត​សង្គ្រាម​បានដែរ ដរាបណា​អណ្តាត​របស់​អ្នកឯង ការសរសេរ​របស់​អ្នកឯង នៅតែ​ប្រមាថ​ម៉ាក់​ងាយ​ខ្ញុំ​នៅតែ​និយាយថា ​កម្ពុជា​នៅសល់​សង្គ្រាម​នៅឡើយ កងទ័ព​ត្រូវ​ត្រៀម​ជានិច្ច​ដើម្បី​បង្ក្រាប​រា​ល់​ចលនា​នៃ​ការផ្តួលរំលំ​និង​ការធ្វើ​ឲ្យ​ខូចខាត​ប្រទេសជាតិ។

សម្តេច​តេ​ជោ​បាន​មានប្រសាសន៍​ទៀតថា សម្តេច​មិន​ស៊ី​កេរ​នៃ​របស់​ដែល​ហៅថា​ទិវា​នៃ​ការ​ចង់ចាំ​ទេ​តែ​រឿង​នេះ​ជា​ប្រវត្តិ​ពិត​ ហើយ​សម្តេច​បញ្ជាក់​ថា ​មានតែ​អ្នកឈ្នះ​ប៉ុណ្ណោះ​ដែល​ជា​អ្នកសរសេរ​ប្រវត្តិសាស្ត្រ បើ​អ្នកឯង​នៅតែ​ព្រហើន​ អ្នកឯង​ក៏ត្រូវ​តែ​រង់ចាំ​នូវ​អ្វីដែល​អ្នកឯង​គួរ​ទទួល។

សម្តេច​តេ​ជោ​ក៏​លើកឡើង​ពាក់ព័ន្ធ​ជាមួយ​ការនិយាយ​ប្រមាថ​ធ្ងន់ៗ​មកលើ​គ្រួសារ​សម្តេច។ សម្តេច​មានប្រសាសន៍ថា​ត្រកូល ហ៊ុន មិនមែន​សម្រាប់​អ្នកឯង​វ៉ៃ​លេង​ទេ ហើយ​ត្រកូល​ហ៊ុន​ជា​ត្រកូល​ដែល​រួមសុខ​រួមទុក្ខ​ជា​មួយ​ប្រជាជន​កម្ពុជា ត្រកូល​ហ៊ុន​មិនបាន​យក​ប្រទេស​នេះ​ធ្វើជា​ប្រទេស​ផ្តាច់មុខ​របស់ខ្លួន​ទេ តែ​ត្រកូល​ហ៊ុន​សុំ​ធានា​ការពារ នូវ​សន្តិភាព​សម្រាប់​ប្រទេស​នេះ ការពារ​រដ្ឋធម្មនុញ្ញ ការពារ​ព្រះមហាក្សត្រ ការពារ​នូវ​អ្វី​ដែល​ជា​សមិទ្ធផល​សង្គម​ជាតិ។

សូម​អស់លោក​កុំ​ញុះញង់​បង្កើត​ចលាចល ម្សិលមិញ​ខ្ញុំ​បាន​ឮ​លោកស្រី​និយាយ​រួចស្រេច​ទៅ ហើយ​ពាក់ព័ន្ធ​នឹង​រឿង​នេះ លោកស្រី​មាន​ដែល​បាន​តស៊ូ​ប្រឆាំង​ប៉ុល​ពត​ទេ បើ​លោកស្រី​មិន​ទទួលស្គាល់​ថា ​មាន​របប​ប៉ុលពត បាន​សេចក្តី​ថា ​លោកស្រី​ក៏​ជា​ប៉ុលពត ដែល​ជា​គោលដៅ​ដែល​យើង​ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​ពួក​នេះ​ដែរ សន្តិភាព​បាន​ផ្តល់​ ឱកាស​សម្រាប់​យើង៕

 

  

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114