BREAKING NEWS
Search

សម្តេច​តេ​ជោ ​អំពាវនាវ​ឲ្យ​ចូលរួម​ទប់ស្កាត់ ការ​យក​ឈ្មោះ​ថ្នាក់ដឹកនាំ​ទៅ​បង្កើត​ផេ​ក​ក្លែង​ក្លាយ

​ភ្នំពេញ ​៖​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ធ្វើការ​បញ្ជាក់​អំពី​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​និង​បាន​ឲ្យ​ដឹង​ថា មាន​អ្នក​បង្កើត​ជា​គណនី​និង​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​ ដោយ​ប្រើប្រាស់​ឈ្មោះ​និង​រូបថត​របស់​សម្តេច​ ក្នុង​ចេតនា​បន្លំ​ ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ ធ្វើ​ឲ្យ​សាធារណជន​មានការ​យល់​ច្រឡំ​ និង​បង្ក​បញ្ហា​ក្នុង​សង្គម​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​សរសេរ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច​នៅ​យប់​ថ្ងៃទី​១៥ ខែ​មេសា​ថា​៖ « ក្នុងពេលដែល​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វីដ​-១៩ ក៏​មាន​អ្នកបង្កើត Profile និង Page មិន​ពិតជា​ច្រើន​ក្នុង Facebook ដាក់ឈ្មោះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ក្នុង​ចេតនា​មិនល្អ ​រួម​ទាំង​បង្ហោះ​សារ​និង​ប្រឌិត​នូវ​ព័ត៌មាន​មិន​ពិតជា​ច្រើន​ ដើម្បី​បោកប្រាស់​បំភ័ន្ត​ភ្នែក​សាធារណជន ​ក្នុង​គោលបំណង​បំពុល​សង្គម​ជាតិ​ជាដើម​»​។

​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជាក់​ថា​៖ ហ្វេ​ស​ប៊ុ​ក​ឈ្មោះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជាមាន Profile និង Page ផ្លូវការ​តែមួយគត់​ក្នុង Facebook ដែល​មាន​សញ្ញា​គូស​ធិ​ក​(tick)​ពណ៌​ខៀវ​ដែល​បញ្ជាក់ ថា​ពិត (Verified) ពី​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក (Facebook)»​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​អំពាវនាវ​ទៅ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម Facebook មានការ​ទទួលខុសត្រូវ​និង​ប្រុងប្រយ័ត្ន​ខ្ពស់ ហើយ​កត់សម្គាល់ Profile/Page ពិត​និង Profile/Page ក្លែងក្លាយ​ដែល​ដាក់ឈ្មោះ​សម្តេច​តេ​ជោ ហ៊ុន សែន កំពុង​បង្ហោះ​សារ​និង​ព័ត៌មាន​មិន​ពិត​ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​កិត្តិយស​និង​សេចក្តីថ្លៃថ្នូរ​របស់​ប្រមុខ​ដឹកនាំ​ផងដែរ​។ បន្ថែម​ពីនេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ជំរុញ​ទៅ​ក្រសួង​ជំនាញ​ធ្វើការ​ស្រាវជ្រាវ ពិនិត្យ​និង​បិទ Profile/Page ក្លែងក្លាយ​ទាំងនោះ​ជាបន្ទាន់​ ដើម្បី​កុំ​ឲ្យ​បន្ត​ផ្សព្វផ្សាយ​សារ​និង​ព័ត៌មាន​បោក​បញ្ឆោត​បំពុល​បរិ​កាស​សង្គម​ជា​បន្ត​ទៀត។​

​គួរ​រលឹក​ថា ​កាលពី​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០១៦ សមត្ថកិច្ច​បាន​ចាប់ខ្លួន​ជនសង្ស័យ​ពីរ​នាក់​ដែល​រង​ការ​ចោទថា បាន​បង្កើត​ហ្វេ​ស​ប៊ុ​ក​ក្លែងក្លាយ ដោយ​ប្រើ​ឈ្មោះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ ជនសង្ស័យ​២​នាក់ មានឈ្មោះ ឈួន សារុន អាយុ​៣៩​ឆ្នាំ ជា​បុគ្គលិក​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​មួយ​ក្នុង​រាជធានី​ភ្នំពេញ និង ឈ្មោះ សួន ចាន់​រតនា អាយុ​២៤​ឆ្នាំ ជាជាង​ជួសជុល​ទូរស័ព្ទ​ ដែល​កងកម្លាំង​នគរបាល​ឃាត់ខ្លួន​ បាន​ពី​បទ​ក្លែងបន្លំ​ដោយ​ចេតនា​ ធ្វើ​ឲ្យ​សាធារណជន​យល់ ច្រឡំ Facebook ប្រើ​ឈ្មោះ​សម្តេច​តេ​ជោ ហ៊ុន សែន។ ទោស​នៃ​ការ​ក្លែងបន្លំ​ហ្វេ​ស​ប៊ុ​ក​នេះ​ អាច​នឹង​ជាប់ពន្ធនាគារ​ពី​៥​ទៅ​១០​ឆ្នាំ​ និង​មានការ​ពិន័យ​ជា​ប្រាក់​មួយ​ចំនួនទៀត៕
អត្ថបទ៖ ណា រី​

ចុចអាន៖ ស្អែកនេះ ព្រឹទ្ធសភា​បើ​កសម័យ​ប្រជុំ ពិនិត្យ​សេចក្ដី​ព្រាងច្បាប់ក្នុង​ភាព​អាសន្ន​