BREAKING NEWS
Search

សម្តេច​ប្រធានរដ្ឋសភា និង​លោកជំទាវ ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ឡាវ និង​ប្រទេស​វៀតណា​ម​

ភ្នំពេញ ​៖ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង​លោកជំទាវ បាន​ចាក​ចេញពី​កម្ពុជា នៅវេលា​ម៉ោង ៩​និង​៣០​នាទី ព្រឹក​ថ្ងៃទី២១ ខែមិថុនា​នេះ ក្នុង​ដំណើរ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​កម្ពុជា អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ និង​ជា​មិត្តភាព នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​ពី​ថ្ងៃទី​២១ ដល់​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១៧ និង​បន្តដំណើរ​ទៅ​ទស្សនកិច្ច​ជា​ផ្លូវការ និង​ជា​មិត្តភាព​នៅ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ចាប់ពី​ថ្ងៃទី​២៣ ដល់​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៧​។​

តាម​សេចក្តីជូនដំណឹង​របស់​អគ្គលេខាធិការដ្ឋានរ​ដ្ឋ​សភា​បានឲ្យដឹងថា ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​ឡាវ គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​កម្ពុជា នឹង​ជួបពិភាក្សា​ការងារ​ទ្វេភាគី ជាមួយ​លោកស្រី ប៉ា​ទី យ៉ា​ថូ (PANY YATHOTUO) ជួបពិភាក្សា​ការងារ និង​ស​ម្តែ​ង​ការគួរសម​ជាមួយ​លោក ថន​លូន ស៊ី​សូលី​ត (THONGLOUN SISOULITH) នាយករដ្ឋមន្ត្រី​ឡាវ ជួប​សវនាការ និង​សម្តែង​ការគួរសម​ជាមួយ​លោក ប៊ុន​ញ៉ាំង វ៉ូ​រ៉ា​ជិត (BOUNHANG VORACHIT) ប្រធាន​រដ្ឋ​ឡាវ។​

បន្ទាប់ពី​បញ្ចប់​ទស្សនកិច្ច​ជា​ផ្លូវការ និង​ជា​មិត្តភាព​នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​កម្ពុជា ដែល​ដឹកនាំ​ដោយ​សម្តេច​ប្រធានរដ្ឋសភា ​នឹង​បន្តដំណើរ​ទស្សនកិច្ច​នេះ នៅ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ចាប់​ថ្ងៃទី​២៣ ដល់​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៧​ទៀត ដោយ​គ្រោង​ចូលជួប​ពិភាក្សា​ការងារ​ទ្វេភាគី និង​ចូលជួប​សម្តែង​ការគួរសម​ជាមួយ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​បក្ស និង​រដ្ឋនៃ​ប្រទេស​វៀតណាម និង​ចូលរួម​ខួប​លើក​ទី​៥០ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​កម្ពុជា​-​វៀតណាម និង​ចូលរួម​កិច្ចប្រជុំ​រណសិរ្ស​កម្ពុជា​-​ឡាវ​-​វៀតណាម​ផងដែរ​។

សេចក្តីជូនដំណឹង​រប​ស់អគ្គ​លេខាធិការ​រដ្ឋ​សភា​ដដែល​ក៏បានឲ្យដឹង​ដែរ​ថា គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​កម្ពុជា ដែល​ដឹកនាំ​ដោយ​សម្តេច​ប្រធានរដ្ឋសភា នឹងធ្វើ​មាតុភូមិនិវត្តន៍​មកកាន់​មាតុប្រទេស​វិញ​នៅ​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៧៕​

   



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684