សម្តេច​ប្រមុខរដ្ឋស្តីទី អនុញ្ញាត​ឲ្យ​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ ចូល​ជួប​សម្តែង​ការគួរសម និង​ជម្រាបលា

ភ្នំពេញ​ ៖ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រឹក​ថ្ងៃទី​០៣ ខែមេសា ឆ្នាំ​២០២០​នេះ បានអនុញ្ញាត​ឱ្យ​លោក Dmitry TSVETKOV ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​សហព័ន្ធ​រុស្សី ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា នៅ​វិមាន​ព្រឹទ្ធសភា​។

នៅ​ជំនួប​នោះ លោក Dmitry TSVETKOV បាន​ថ្លែងអំណរគុណ​ចំពោះ​សម្តេច​ប្រមុខរដ្ឋស្តីទី ដែល​បាន​ចំណាយពេល​វេលា​ដ៏​មានតម្លៃ​ទទួល​ជួប​នាពេលនេះ និង​បាន​ជម្រាបជូន​សម្តេច​ប្រមុខរដ្ឋស្តីទី​ថា ក្នុងអំឡុងពេល​បេសកម្ម​ការទូត​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​នេះ លោក​មាន​ទំនាក់ទំនង​ល្អ​ជាមួយនឹង​ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និង​គ្រប់​ស្ថាប័ន​ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាពិសេស​ជាមួយនឹង​ក្រសួងបរិស្ថាន ដោយបាន​ធ្វើ​កិច្ចការងារ​យ៉ាងសកម្ម​លើ​ការងារ​បរិស្ថាន និង​ថាមពល​ដែល​ពាក់ព័ន្ធ​នឹង​នុយក្លេអ៊ែរ​។ ប្រទេស​ទាំងពីរ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង និង​អនុស្សារណៈ​យោគយល់​គ្នា​ប្រមាណ​៥១ លើ​វិស័យ​ជាច្រើន​។ ជាងនេះទៅទៀត ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ ក៏បាន​ធ្វើការ​ផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​ទៅវិញទៅមក​ផងដែរ​។

លោក ឯកអគ្គរដ្ឋទូត​បាន​បញ្ជាក់​ថា ក្នុង​ក្របខណ្ឌ​នៃ​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​រវាង​ស្ថាប័ន​នីតិប្បញ្ញតិ​នៃ​ប្រទេស​ទាំងពីរ មានការ​ផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច​គ្នា​ទៅវិញទៅមក​។ ក្នុង​នោះ​មាន​តំណាង​សមាជិក​ព្រឹទ្ធសភា​កម្ពុជា បាន​ជួបពិភាក្សា​ជាមួយនឹង​សមាជិក​នៃ​ក្រុមប្រឹក្សា​នៃ​សភា​សហព័ន្ធ​នៃ​សហព័ន្ធរុស្ស៊ី នៅក្នុង​ក្របខណ្ឌ​នៃ​កិច្ចប្រជុំ​អន្តរជាតិ​នានា​។ សភា​នៃ​ប្រទេស​ទាំងពីរ បាន​ពង្រឹងពង្រីក​ទំនាក់ទំនង មិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ល្អ​ប្រពៃ​ជាមួយគ្នា​។ ឯកឧត្តម​ឯកអគ្គរដ្ឋទូត​បា​នប​ន្ត​ថា សហព័ន្ធរុស្ស៊ី​នឹង​ផ្តល់​សម្ភារ បិ​រ​ក្ខា​រ និង​ថ្នាំពេទ្យ​ដល់​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ការជួយ​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩ នាពេល​ខាងមុខនេះ​ផងដែរ។

ក្នុង​ព្រះបរមនាម​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្នុងនាម​សម្តេច​ផ្ទាល់ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ បាន​សម្តែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​បេសកកម្ម​ការទូត​របស់​លោក Dmitry TSVETKOV ដែល​បាន​បំពេញ​តួនាទី​ប្រកបដោយ​វិជ្ជាជីវៈ និង​មាន​ទំនាក់ទំនង​ល្អ​ជាមួយនឹង​ក្រសួង​ស្ថាប័នរដ្ឋ បណ្តា​រាជធានី ខេត្ត និង​ប្រជាជន​កម្ពុជា​។ ក្នុង​រយៈពេល​៦​ឆ្នាំ​កន្លងទៅនេះ លោក​ឯកអគ្គរដ្ឋទូត​បានរួម​ចំណែក​យ៉ាង​ធំធេង​ដល់​ការពង្រឹង​ពង្រីក​ចំណងមិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ដែល​នាំមក​នូវ​ផលប្រយោជន៍​ឱ្យ​គ្នា​ទៅវិញទៅមក សម្រាប់​ប្រជាជន និង​ប្រទេស​ទាំងពីរ។ សម្តេច​ប្រមុខរដ្ឋស្តីទី បាន​ឯកភាព​ជាមួយនឹង​ប្រសាសន៍​របស់លោក​ឯកអគ្គ​រដ្ឋទូត​អំពី សារសំខាន់​នៃ​ការចុះ​កិច្ចព្រមព្រៀង និង​អនុស្សរណៈ​យោគយល់​គ្នា​រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​។ សម្តេច​បាន​បញ្ជាក់​ថា ព្រឹទ្ធសភា​សូម​គាំទ្រ​ទាំងស្រុង​ចំពោះ​កិច្ចព្រមព្រៀង និង​អនុស្សរណៈ​យោគយល់​គ្នា​រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​។ សម្តេច​បាន​លើកទឹកចិត្ត​ដល់​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ ឱ្យ​ខិតខំ​អនុវត្ត​កិច្ចព្រមព្រៀង និង​អនុស្សរណៈ​យោគយល់​គ្នា​នេះ ដើម្បី​ជា​គុណប្រយោជន៍ សម្រាប់​ការ​រីកចម្រើន​ខាង​សេដ្ឋកិច្ច និង​សង្គម​នៃ​ប្រទេស​ទាំងពីរ​។

សម្តេច​ប្រមុខ​រដ្ឋស្តីទី បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល​សហព័ន្ធ​រុស្សី ដែល​បាន​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុ​ជាជាង ៨​ពាន់​នាក់ ទៅ​សិក្សា​នៅ​ប្រទេស​រុស្ស៊ី ហើយ​អតីត​និស្សិត​កម្ពុជា​ដែល​បាន​ទទួល​ការ​បណ្តុះបណ្តាល​នៅ​ប្រទេស​រុស្សី បច្ចុប្បន្ន​បាន​នឹង​កំពុង​កាន់​តួនាទី​សំខាន់ៗ​មួយចំនួន​ក្នុង​រដ្ឋាភិបាល​កម្ពុជា​។

សម្តេច​ប្រមុខ​រដ្ឋស្តីទី បាន​ថ្លែងអំណរគុណ​ចំពោះ​ប្រជាជន​រុស្ស៊ី ដែល​បាន​ជួយ​គាំទ្រ និង​ជួយ​ជ្រោមជ្រែង​ប្រទេស​កម្ពុជា ក្នុង​ដំណាក់​កាល​ដែល​ប្រជាជន​កម្ពុជា​ជួប​ការលំបាក​បំផុត គឺ​ក្រោយ​ពីថ្ងៃ​រំដោះ ៧​មករា ឆ្នាំ​១៩៧៩ ដែល​ប្រទេស​កម្ពុជា​ត្រូវ​ហ៊ុមព័ទ្ធ​ខាង​នយោបាយ និង​សេដ្ឋកិច្ច​។

ជាពិសេស​នា​ពេល​នេះ ជា​ពេល​ដែល​កំពុងតែ​ប្រឈមមុខ​នឹង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ សហព័ន្ធ​រុស្ស៊ី​ក៏បាន​ជួយឧបត្ថម្ភ​គាំទ្រ​ជា​សម្ភារ បរិក្ខារ និង​ថ្នាំពេទ្យ​មកដល់​ប្រទេស​កម្ពុជា​ទៀត​។ ក្នុងនាម​ព្រឹទ្ធសភា និង​ប្រជាជន​កម្ពុជា សម្តេច​ប្រមុខរដ្ឋស្តីទី នឹង​ត្រៀមខ្លួន​ជានិច្ច​ដើម្បី​បន្តធ្វើ​កិច្ចសហប្រតិបត្តិការ​ដ៏​ជិតស្និទ្ធ​ជាមួយនឹង​ឯកអគ្គ​រដ្ឋ​សហព័ន្ធ​រុស្សី​ថ្មី និង​ស្ថានទូត​សហព័ន្ធ​រុស្ស៊ី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​រួមចំណែក​ពង្រឹងពង្រីក​ចំណងមិត្តភាព និង​កិច្ច​សហប្រតិបត្តិការ នាំមក​នូវ​ផលប្រយោជន៍​ទៅវិញទៅមក​ជូន​ប្រជាជន និង​ប្រទេស​ទាំងពីរ​។ តាមរយៈ​លោក​ឯកអគ្គរដ្ឋទូត សម្តេច​ប្រមុខរដ្ឋស្តីទី​បាន​ផ្តាំផ្ញើ​នូវ​ព្រះរាជ​បណ្តាំ​សួរសុខទុក្ខ សេចក្តី​គោរព និង​សេចក្តី​នឹករលឹក អំពី​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនីនាថ សីហនុ និង​ថ្នាក់ដឹកនាំ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជូន​ចំពោះ​ឯកឧត្តម​ប្រធានាធិបតី និង​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់ នៃ​សហព័ន្ធ​រុស្សី​ផងដែរ៕
សុង​យោ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114