សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម តូ​នី ស្មី​ត ប្រធានរដ្ឋសភា​អូស្ត្រាលី ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​សភា​ប្រទេស​ទាំងពីរ

អូស្ត្រាលី​ ៖ កំឡុង​ពេល​ដឹកនាំ​គណៈប្រតិភូ​សភា​កម្ពុជា ចូលរួម​កិច្ចប្រជុំ​ប្រចាំឆ្នាំ នៃ​វេទិកា​សភា​អាស៊ី​-​ប៉ាស៊ីហ្វិក (APPF) ក្នុង​ប្រទេស​អូស្ត្រាលី នៅ​ព្រឹក​ថ្ងៃទី​១៤ ខែមករា ឆ្នាំ ២០២០​នេះ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បាន​ជួបពិភាក្សា​ការងារ​ជាមួយ លោក តូ​នី ស្មី​ត (Tony Smith) ប្រធានរដ្ឋសភា​អូស្ត្រាលី និង​ជា​ប្រធាន​APPF លើក​ទី​២៨ នៅ​វិមាន​រដ្ឋសភា​អូស្ត្រាលី ដើម្បី​ពង្រឹង​កិច្ច​សហ​ប្រតិការ​សភា​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​រឹងមាំ​ឡើង​។

លោក​ប្រធានរដ្ឋសភា​អូស្ត្រាលី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ សម្តេច​ប្រធានរដ្ឋសភា ដែល​បាន​ដឹកនាំ​គណៈប្រតិភូ​សភា​កម្ពុ​ជាម​ក​ចូលរួម​កិច្ចប្រជុំ​APPF ក្នុងប្រទេស​អូស្ត្រាលី នាពេលនេះ។ អូស្ត្រាលី​បាន​សិក្សា​និង​ដកស្រង់​ពិសោធន៍​ជាច្រើន​ពី​សភា​កម្ពុជា ដែល​រៀបចំ​កិច្ច ប្រជុំ​APPF លើក​ទី​២៧ កាល ពី​ឆ្នាំ​២០១៩ មុន​សភា​អូ​ស្ត្រាលី។

សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បានលើកឡើង​ពី​សារៈសំខាន់​របស់​សភា​អូស្ត្រាលី​នៅក្នុង​វេទិកា​អន្តរ​សភា​ក្នុង​តំបន់ និង​សកល លោក​។ សម្តេច​បាន​កោត សរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការរៀបចំ​កិច្ចប្រជុំ APPF លើក​ទី​២៨​នេះ ដែល បង្ហាញ​សារៈសំខាន់ ពី​កិច្ច​សហប្រតិបត្តិការ​ល្អ​នូវ​សមា ជិ​ក​APPF ដើម្បី​វិបុលភាព​របស់​ប្រជាពលរដ្ឋ​។ សម្តេច ប្រធានរដ្ឋសភា បាន​ថ្លែង អំណរគុណ​រដ្ឋាភិបាល និង​ប្រជាជន​អូស្ត្រាលី ដែល​បានរួម​វិភាគទាន​យ៉ាង​ធំធេង ក្នុង​ដំណាក់​កាល​ស្វែងរក​សន្តិភាព និង​ក៏ដូចជា​ការអភិវឌ្ឍន៍​នៅ​កម្ពុជា​។

សម្តេច​បន្តថា ប​ច្ចុប្បន្ន​អូស្ត្រាលី​ជា​ដៃគូ​អភិវឌ្ឍន៍​ដ៏​សំខាន់​របស់​កម្ពុជា​ស្ទើរ​គ្រប់​វិស័យ​។ សម្តេច ក៏បាន​ស្នើ​សភា និង​រដ្ឋាភិបាល​អូស្ត្រាលី បន្ត​គាំទ្រ​កម្ពុជា​ជា​បន្តទៀត ជាពិសេស​ជួយ​ជំរុញ​វិនិយោគ និង​ទេសចរណ៍​ពី​អូស្ត្រាលី ទៅ​កម្ពុជា និង​ជួយ​បណ្តុះបណ្តាល​ធនធាន មនុស្ស​ដល់​កម្ពុជា និង​បង្កើន​ចំនួន​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​មក​សិក្សា​នៅ​អូស្ត្រាលី ពីព្រោះ​ការអភិវឌ្ឍន៍​នៅ​កម្ពុជា​សព្វថ្ងៃ ត្រូវការ​ធនធានមនុស្ស​ជា​ចាំបាច់​។

សម្តេច​អគ្គ​មហា​ពញា​ចក្រី បាន​គោរព​អញ្ជើញ លោក តូ​នី ស្មី​ត មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​និង​មិត្តភាព​នៅ​កម្ពុជា និង​ចូលរួម​កិច្ចប្រជុំ​ភាពជា​ដៃគូ​សភា​អាស៊ី​-​អ៊ឺរ៉ុប លើក​ទី​១១ ដែល​សភា​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ នៅ​ចុងឆ្នាំ ២០២០ ខាងមុខនេះ​។

លោក តូ​នី ស្មី​ត ប្រធានរដ្ឋសភា​អូស្ត្រាលី បាន​ទទួល យក​សំណើ​និង​ការលើកឡើង​របស់​សម្តេច​ប្រធានរដ្ឋសភា​។ លោក មាន​ក្តី​រីករាយ​ចំពោះ​ចំណងមិត្តភាព​និង​កិច្ច​សហ ប្រតិបត្តិការ​រវាង​សភា​ប្រទេស​ទាំងពីរ មានការ​រីកចម្រើន​ជា​លំដាប់​។

សូម​ជម្រាប​ថា នៅ​ក្នុង​កំឡុង​ពេល​ចូលរួម​កិច្ចប្រជុំ APPF នាទី​ក្រុង​កង់​បេ​រ៉ា នេះ សម្តេច​ប្រធានរដ្ឋសភា បាន​ទទួល​ជួបពិភាក្សា​ការងារ​ផ្លូវការ​និង​ក្រៅផ្លូវការ​ជាមួយ​ប្រតិភូ​សភា ដែល​ជា​សមាជិក APPF និង​អន្តរ​សភា​អាស៊ាន មួយ​ចំនួន​ទៀត​ផង​ដែ​រ ក្នុងការ​ពង្រឹង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​រ​វាង​សភា​កម្ពុជា​និង​បណ្តា​ប្រទេស​ជា​មិត្ត​៕
សុង​យោ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114