សម្តេច ហ៊ុន សែន​​ ថា​នឹងទៅ​​ក្រុង​វូហាន បើរដ្ឋាភិបាលចិន​​អនុញ្ញាត

ឆ្លើយតបទៅ​​អ្ន​ក​ប្រើប្រាស់​បណ្តាញសង្គម​មួយចំនួន ពោល​​ពាក្យ​ឌឺដងឱ្យ​ សម្តេច​តេជោ ហ៊ុន​​ សែន​ ថា នឹងទៅ​ក្រុង​វូហាន​ ប្រទេសចិន ជាទី​ដែល​មា​នផ្ទុះ​ជំងឺ​កូរ៉ូណា ប្រសិន​បើរដ្ឋាភិបាលចិនអនុញ្ញាត​។ សម្តេច​នឹង​ធ្វើ​ដំណើរ​ទៅ​​​ ដើម្បី​សួរ​សុខទុកនិស្សិត​ខ្មែរ​នៅ​ក្រុង​វូហាន ​ឱ្យតែរដ្ឋាភិបា​ល​ចិនអនុញ្ញាត​។ “ស្គាល់​ ហ៊ុន សែន​ តិច​ពេក​​ហើយ ហ៊ាន​ប្តូរជីវិត​នៅ សមរភូមិដើម្បី​​ប្រទេស​ជាតិ​ រឿង​អីទៅ​វូហាន​មិន​ហាន? ត្រលប់​ទៅ​ពីហ្នឹង​ម៉េចម៉ា ទាក់ទងចុះ​នៅ​ហ្នឹង​តែម្តង”។

កាលពីសប្តាហ៍មុនសម្តេចតេជោ ហ៊ុន​ សែន​ បានប្រកាសថា ​​រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជានឹងឈរយ៉ាងមុតមាំជាមួយរដ្ឋាភិបាល និងប្រជាជនចិន ដើម្បីចាប់ដៃគ្នា​ប្រយុទ្ធ​ប្រឆាំងនឹងជំងឺ​វីរុសប្រភេទថ្មីនេះ និងឆ្លងទុក្ខលំបាកនេះជាមួយគ្នា និង​មិនមាន​ការជម្លៀស​និស្សិត​ខ្មែរ​រៀន​នៅ​ក្រុង​វូហាន​​មកមាតុ​ប្រទេសវិញ​ទេ។

ក្នុងពិធីសំណេះសំណាលជាមួយ​នឹង​ប្រជាពលរដ្ឋខ្មែរនៅប្រទេសកូរ៉េខាងត្បូង​នៅថ្ងៃនេះ សម្តេចតេជោ បានបន្ថែម​ថា កម្ពុជា​មានអ្នកឆ្លងជំងឺកូរ៉ូណាជនជាតិចិន​តែម្នាក់ប៉ុណ្ណោះ ហើយ​បច្ចុប្បន្ន​គាត់​មាន​សុខភាពល្អប្រសើរ ​ហើយ​អាចតាមដាន​ស្ថាន​ភាព​ជំងឺ​១៥​ថ្ងៃ​ទើបអនុញ្ញាត​ឱ្យ​ដើរហើរ​បាន​។

ក្រោយ​ផ្ទុះ​ឡើង​វីរុសកូរូណា រដ្ឋាភិបាល​ចិន​បា​នបិទជើង​ហោះហើរ​ និង​មិនឱ្យប្រជាជន​ក្នុងក្រុងវូហាន​ធ្វើដំណើរ​ទៅតំបន់ផ្សេង​ឡើយ​។

ចំនួនអ្នកស្លាប់ដោយសារការផ្ទុះឡើងនៃវីរុសកូរ៉ូណាថ្មីរបស់ប្រទេសចិនគិត្រឹមព្រឹកថ្ងៃចន្ទ ទី៣ ខែកុម្ភៈនេះបានកើនឡើងដល់ ៣៦១ នាក់ បន្ទាប់ពីអាជ្ញាធរក្នុងខេត្តហ៊ូប៉ីបានរាយការណ៍ថាមានអ្នកស្លាប់ថ្មី ៥៦ នាក់ ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅ។