ព័ត៍មានទាន់​ហេតុការណ៏
Search

សម្ពន្ធភាព​ដឹកនាំ​ដោយ​អាមេរិក​ បើក​ប្រតិបត្តិការ​ ដើម្បី​ការពារ​ដែនទឹក​ នៃ​ឈូង​សមុទ្រ​ពែ​ក្ស​

​សម្ពន្ធភាព​កងទ័ពជើងទឹក​មួយ ​ដែល​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​ បាន​បើក​ប្រតិបត្តិការ​ជា​ផ្លូវការ​នៅក្នុង​ប្រទេស​បា​រ៉ែ​ន ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ដើម្បី​ការពារ​ការដឹកជញ្ជូន​នៅក្នុង​ដែនទឹក​ ដែលមាន​បញ្ហា​ នៃ​ឈូង​សមុទ្រ​ពែ​ក្ស​ បន្ទាប់ពី​មានការ​វាយប្រហារ​ជា​បន្តបន្ទាប់​ ដែល​ទីក្រុង​វ៉ាស៊ីនតោន ​និង​សម្ព័ន្ធមិត្ត​របស់ខ្លួន​បាន​ស្ដីបន្ទោស​ទៅលើ​ប្រទេស​អ៊ីរ៉ង់​។​

ក្រុមចម្រុះ​ដែលមាន​គោលបំណង​រារាំង​ការគំរាមកំហែង​ចំពោះ​ការ​ផ្គត់ផ្គង់​ប្រេង​របស់​ពិភពលោក​មួយ​នេះ ​គឺ​ត្រូវបាន​បង្កើត​ឡើង​ចាប់តាំងពី​ខែ​មិថុនា​មកម្ល៉េះ​។​

ប្រទេស​អ៊ីរ៉ង់​ ដែល​បាន​បដិសេធ​រាល់​ការទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​ដ៏​អាថ៌កំបាំង ​គឺ​បាន​ដាក់​ចេញ​នូវ​សំណើ​របស់​ខ្លួន​សម្រាប់​ការ​ជំរុញ​សន្តិសុខ​នៅ​ឈូង​សមុទ្រ​ពែ​ក្ស ​ប៉ុន្តែ​បាន​ច្រានចោល​មហាអំណាច​ខាងក្រៅ​។​

ប្រទេស​បា​រ៉ែ​ន​ ដែល​ទទួល​កង​នាវាចរណ៍​ទី​៥ ​របស់​កងទ័ពជើងទឹក​អាមេរិក ​បាន​ចូលរួម​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​កសាង​សន្តិសុខ​ដែនសមុទ្រ​អន្តរជាតិ (IMSC) កាលពី​ខែ​សីហា​ ហើយ​អារ៉ាប៊ី​សាអ៊ូឌីត​ និង​អារ៉ាប់រួម​ បាន​ធ្វើតាម​នេះ​នៅក្នុង​ខែកញ្ញា​។​

អូស្ត្រាលី ​និង​អង់គ្លេស ​គឺជា​ប្រទេស​លោកខាងលិច​ដ៏​សំខាន់​ដែល​បាន​ព្រមព្រៀង​បញ្ជូន​នាវាចម្បាំង​ទៅ​ការពារ​ការដឹកជញ្ជូន​ក្នុង​ឈូង​សមុទ្រ​ពែ​ក្ស​។ សមាជិក​ថ្មី​បំផុត​គឺ​ប្រទេស​អាល់​បា​នី​ដែល​បាន​ចូល​រួម​កាលពី​ថ្ងៃ​សុក្រ​។​

នាវាចម្បាំង ​នឹងត្រូវ​បាន​អមដំណើរ​តាម​ច្រក​សមុទ្រ Hormuz ដែលជា​ចំណុច​ជា​យុទ្ធសាស្ត្រ​នៅ​ក្បាល​ឈូង​សមុទ្រ​ពែ​ក្ស​ និង​ជា​ផ្លូវធំ​សម្រាប់​ការដឹកជញ្ជូន​ប្រេង​ក្នុង​តំបន់​មជ្ឈិមបូព៌ា​។​

លោក​ឧត្ដមនាវីទោ Jim Malloy មេបញ្ជាការ​ នៃ​កងទ័ពជើងទឹក​អាមេរិក​ប្រចាំ​តំបន់​មជ្ឈិមបូព៌ា​បាន​និយាយ​ថា ប្រតិបត្តិការ Sentinel គឺជា​វិធានការ​ការពារ​មួយ​ដែលមាន​គោលបំណង​ការពារ​ដែនទឹក​នៃ​ឈូង​សមុទ្រ​ពែ​ក្ស​។​

ទោះបីជា​យ៉ាងណាក៏ដោយ រដ្ឋាភិបាល​អឺរ៉ុប​ភាគច្រើន​ បាន​បដិសេធ​ចូលរួម ​ដោយ​បារម្ភ​ថា​ វា​នឹងធ្វើ​ឲ្យ​អន្តរាយ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ពួកគេ​ក្នុងការ​ជួយសង្គ្រោះ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥​ ជាមួយ​អ៊ីរ៉ង់​ ដែល​ត្រូវបាន​ចុះ​ខ្សោយ​ ដោយសារតែ​ការ​ដកខ្លួន​របស់​ទីក្រុង​វ៉ាស៊ីនតោន​កាល​ពី​ឆ្នាំមុន​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114