សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​អគារ​ និង​របង​អនុសាខា​កាកបាទក្រហមកម្ពុជា
BREAKING NEWS
Search

សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​អគារ​ និង​របង​អនុសាខា​កាកបាទក្រហមកម្ពុជា

កែប ៖ នៅ​រសៀល​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០២០ នេះ លោក កែន ស​ត្ថា ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កែប បាន​អញ្ជើញ​ជា​គណៈអធិបតី ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​អគារ​និង​របង​អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប​។

ពិធី​នេះ​ ក៏​មាន​ការ​អញ្ជើញ​ចូលរួម​ពី​សំណាក់ លោក ទេព យុ​ទ្ធី សមាជិក​ព្រឹទ្ធសភា​មណ្ឌល​ភូមិភាគ​៥ លោក លោកស្រី ជា​អភិបាលរង​ខេត្ត ប្រធាន អនុប្រធាន​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ក្នុង​ខេត្ត គណៈ​អភិបាលស្រុក​ដំណាក់​ចង្អើរ ក្រុមការងារ និង​អាជ្ញាធរ​មូលដ្ឋាន ព្រមទាំង​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​លំបាក​ចំនួន​១៤៩​គ្រួសារ​ផងដែរ​។

ក្នុង​ឱកាស​សំណេះសំណាល លោក កែន ស​ត្ថា ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្ត ក៏បាន​ពាំនាំ​នូវ​ប្រសាសន៍​ផ្តាំផ្ញើ​សួរសុខទុក្ខ ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែលជា​និច្ចកាល​សម្តេច​តែងតែ​គិតគូរ​ពី​ទុក្ខលំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន ពិសេស​ជន​ងាយ​រងគ្រោះ​គ្រប់​ប្រភេទ​ដោយ​គ្មាន​រើសអើង ពូជសាសន៍​ពណ៌​សម្បុរ ឬ​និន្នាការ​ណ៍ន​យោ​បាយឡើយ​។

​ជាមួយ​គ្នា​នេះ លោក កែន ស​ត្ថា ប្រ​ធា​ន​គណៈ​ក​ម្មា​ធិ​ការ​សាខា​កាកបាទក្រហម​ខេត្ត ក៏បាន​ក្រើនរំលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ ឲ្យ​មាន​ការប្រុងប្រយ័ត្ន​ចំពោះ​រលក​ទី​២​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ដោយ​ខណៈនោះ លោក​សូម​ផ្តែផ្តាំ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ គោរព​ច្បាប់​ចរាចរណ៍ ចេះ​ថែរក្សា​សុខភាព រស់នៅ​ប្រកបដោយ​ការ​អនាម័យ ហូប​ស្អាត ផឹក​ស្អាត ដើម្បី​បញ្ចៀស​នូវ​ការចម្លង​មេរោគ​គ្រប់​ប្រភេទ ពិសេស​ជំងឺ​កូ​វីដ ១៩ ដែល​កំពុង​រាតត្បាត​អូ​ទាំង​ពិភពលោក​។

ក្នុងឱកាស​នោះដែរ លោក​ប្រធាន​សាខា​កាកបាទក្រហម​ខេត្ត ក៏បាន​ជូន​ប័ណ្ណសរសើរ​ដល់​សប្បុរស​ជន​ដែល​បាន​ចូលរួម​ចំណែក​ក្នុងការ​កសាង​នូវ​អគារ​និង​របង​អនុសាខា​កាកបាទក្រហមកម្ពុជា ស្រុក​ដំណាក់​ចង្អើរ និង​ផ្តល់​ជូន​នូវ​សម្ភារៈ​ជា​គ្រឿងឧបភោគ បរិភោគ រួមមាន អង្ករ សាប៊ូ ខោអាវ និង​ថវិកា​មួយចំនួន ដល់​ប្រជាពលរដ្ឋ​ទាំង​១៤៩​គ្រួសារ​ផងដែរ​៕
សេង ណា​រិ​ទ្ធ

    



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114