សម្ភារ និងឧបករណ៍ពេទ្យប្រើសម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ១៩ ជាង២តោន ជំនួយចិន ត្រូវបានដឹកមកដល់កម្ពុជា

សម្ភារ និងឧបករណ៍ពេទ្យប្រើប្រាស់សម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ១៩ ជាង២តោន ដែលជាជំនួយរបស់កងទ័ពចិន ត្រូវបានដឹកមកដល់កម្ពុជា នៅព្រឹកថ្ងៃទី១ មេសានេះ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមច្រកVIP។

សម្ភារ និងឧបករណ៍ពេទ្យទាំងនេះត្រូវបានប្រគល់ជូនក្រសួងការពារជាតិកម្ពុជា។ កងទ័ពរំដោះប្រទេសចិនមិនត្រឹមតែផ្តល់ជំនួយជាសម្ភារ និងឧបករណ៍ពេទ្យមកកម្ពុជាប៉ុណ្ណោះទេ ថែមទាំងបានបញ្ជូនគ្រូពេទ្យឯកទេសយោធាចិនជំនាញបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ ចំនួន៤នាក់ ក្នុងនោះមានស្ត្រីម្នាក់ មកកម្ពុជា កាលពីយប់ថ្ងៃទី២៤ ខែមីនាមុន ដើម្បីជួយបង្រៀនក្រុមគ្រូពេទ្យយោធាកងយោធពលខេមរភូមិន្ទនៅតាមបណ្តាកងឯកភាព។

ជាងនេះទៅទៀត កាលពីថ្ងៃទី២៣ មីនា ឆ្នាំ២០២០ គ្រូពេទ្យស្ម័គ្រចិត្តចិនចំនួន៧នាក់ជំនាញខាងជំងឺកូវីដ១៩ ក៏បានធ្វើដំណើរមកកម្ពុជា ដើម្បីចែករំលែកបទពិសោធន៍ និងជួយក្រុមគ្រូពេទ្យកម្ពុជាក្នុងការប្រយុទ្ធនឹងជំងឺរាតត្បាតជាសកលនេះ៕