សម្រាប់​ឆ្នាំ​២០១៩​នេះ នៅ​រាជធានី​ភ្នំពេញ​ គ្រោះ​ថ្នាក់​អគ្គិភ័យ កើតមានឡើង​៩២​លើក​ កើន​លើស ឆ្នាំ​មុន​១៥​លើក

ភ្នំពេញ ៖ សម្រាប់​ឆ្នាំ​២០១៩​នេះ នៅ​រាជធានី​ភ្នំពេញ ​គ្រោះថ្នាក់​អគ្គិភ័យ​ បាន​កើតមានឡើង​ចំនួន ៩២​លើក កើន​លើស​ឆ្នាំមុន​ចំនួន​១៥​លើក ហើយ​មូល​ហេតុ​ដែល​បង្កឲ្យ​មាន​អគ្គិភ័យ​នេះ គឺ​ ផ្ដើម​ចេញ​ពី​ការ​ឆ្លង​ចរន្ដ​អគ្គិសនី​៦២​លើក និង​ការ​ធ្វេសប្រហែស​ភ្លើង​​​របស់​ប្រជាពលរដ្ឋ ចំនួន​១២​លើក។

នេះ​បើ​យោង​តាម​របាយការណ៍​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​ក្នុង​របាយការណ៍​នេះ​បង្ហាញឲ្យ​ឃើញ​ថា ក្នុង​រយៈពេល​មួយឆ្នាំ សម្រាប់​ឆ្នាំ​២០១៩​កន្លងមកនេះ គ្រោះថ្នាក់​អគ្គិភ័យ បាន​កើតមាន​ចំនួន ៩២​លើក /៧៧ លើក កើន ១៥​លើក (​ស្លាប់ ១​នាក់​/២​នាក់​, របួស ២១​នាក់​/២០​នាក់​) ឆេះ​ផ្ទះ ៤៥​ខ្នង​, ១៨​បន្ទប់​, ឃ្លាំង ៣​ខ្នង​, រោងចក្រ ៣​ខ្នង​, រោង ៥​ខ្នង​, តូប ៤២​តូប​, រថយន្ត ១៦​គ្រឿង​, ម៉ូតូ ២២​គ្រឿង និង​សម្ភារ​ប្រើប្រាស់​មួយចំនួន។

ក្នុង​របាយការណ៍​នេះ​ក៏បាន​បញ្ជាក់ថា មូលហេតុ​គ្រោះថ្នាក់​អគ្គិភ័យ​នោះ គឺ​ផ្តើមចេញពី​ការឆ្លង​ចរន្ដ​អគ្គិសនី​៦២​លើក​, ធ្វេសប្រហែស​ភ្លើង​១២​លើក​, កំពុង​ស្រាវជ្រាវ​៦​លើក និង​មូលហេតុ ផ្សេងៗ​ទៀត​។​

គួរ​បញ្ជាក់​ផង​ដែរ​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ គ្រោង​នឹង​ធ្វើ​ពិធី​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​
​ប្រចាំ​ឆ្នាំ​២០១៩ និង​លើក​ទិសដៅ​បន្ត​ឆ្នាំ​២០២០ រយៈពេល​០២​ថ្ងៃ ដោយ​ចាប់ពី​ថ្ងៃទី​២៦ និង​២៧ ខែ​កុម្ភៈ​នេះ និង​គ្រោង អញ្ជើញ សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង មហាផ្ទៃ​ជា​អធិបតីភាព​ផងដែរ៕


អត្ថបទ ៖ ​ស្រីរ័ត្ន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114