ព័ត៍មានទាន់​ហេតុការណ៏
Search

សរសើរ​ទឹកចិត្ត! តារា​មហា​ទើស ម៉ៃ សុគន្ធ ស្កាត់​ពី​ភ្នំពេញ​ ទៅ​ជួប​ក្មេងៗ​ជាង​២០០​នាក់ ​នៅ​ប៉ៃលិន​

​ភ្នំពេញ ៖​ ថ្វីត្បិតតែ​កន្លងមក ​ទស្សនិកជន​ខ្លះ ​មិនសូវ​ពេញចិត្ត​លើ​សកម្មភាព​មួយ ចំនួន​របស់​តារា ចម្រៀង​ជាប់​ងារ​ជាតា​រា​កំពូល​ទើស​ចូល​ចិត្ត​រិះគន់​អ្នកសិល្បៈ​ និង​បុគ្គល​ផ្សេងៗ ​មិន​សំចៃមាត់ ​គឺ​លោក ម៉ៃ សុគន្ធ ក៏ពិតមែន​ ប៉ុន្តែ​ជាការ​កត់សម្គាល់​ លោក​ក៏ត្រូវ​បានការ​លើក​សរសើ​រ​ និង​គាំទ្រ​ជា​ច្រើន​ពី​ទស្សនិកជន​ តាមរយៈ​សកម្មភាព​មនុស្សធម៌​ជួយ​សង្គម ​និង​កុមារ​ ព្រមទាំង​អ្នក​ខ្វះខាត​ផង​ដែរ​។​

ជាក់ស្តែង​ពេលនេះ​តារាចម្រៀង​ម្ចាស់​បទ «គូទ​ឆ្កែ» លោក ម៉ៃ សុគន្ធ បាន​ចំណាយពេល​ផ្ទាល់ខ្លួន​ស្កាត់​ជិះ​រថយន្ត​ពី​ភ្នំពេញ​ដែលមាន​ចម្ងាយ​ដី​រាប់រយ​គីឡូម៉ែត្រ​ ឆ្ពោះទៅកាន់​តំបន់​ដាច់​ស្រយាល​ នៃ​ខេត្ត​ប៉ៃលិន ​ដើម្បី​នាំយក​សម្ភារៈ​សិក្សា​មួយចំនួន​ទៅ​ចែកជូន​ដល់​សិស្ស​ប្រមាណ​ជាង​២០០​នាក់​ដែល​កំពុង​ត្រូវការ ការសិក្សា​ក្រេប​យកចំណេះ​វិជ្ជា​សម្រាប់​ពួកគេ​នា​ថ្ងៃ​អនាគត។

បើតាម​ការបញ្ជាក់​ប្រាប់​ពី​សំណាក់ ​លោក ម៉ៃ សុគន្ធ មកកាន់​កម្ពុជា​ថ្មី​នៅ​ព្រឹក​ថ្ងៃទី​០៤ ខែ​ធ្នូ​ ឆ្នាំ​២០១៩​ បាន​ឲ្យ​ដឹងថា ​ចំពោះ​សម្ភារៈ​សិក្សា​ដែល​លោក​ និង​សប្បុរសជន​ខ្មែរ​រស់នៅ​អូស្ត្រាលី​យក​ទៅ​ចែកជូន​ដល់​សិស្ស​ជាង​២០០​នាក់​ នៃ​សាលាបឋមសិក្សា​ទំនប់​មានដូចជា​ ៖ ​សៀវភៅ ប៊ិច ខ្មៅ​ដៃ នំចំណី និង​ថវិកា​៥០០០​រៀល ​ក្នុង​ម្នាក់ៗ​ផងដែរ​។ លោ​កថា​ នេះ​ជា​សកម្មភាព​ នៃ​ការចែករំលែក​ក្តី​ស្រលាញ់​ និង​លើកទឹកចិត្ត​ដល់​ក្មេងៗ​ដែល​កំពុង​ទទួលយក​ចំណេះវិជ្ជា​ពី​សាលារៀន​តាមរយៈ​ការ​បង្ហាត់បង្រៀន​របស់​លោកគ្រូ​-​អ្នកគ្រូ។

លោក ម៉ៃ សុគន្ធ បាន​បន្តថា​ ក្រៅតែពី​ការចែករំលែក​សម្ភារៈ​សិក្សា​នេះដែរ​ សប្បុរសជន​នៅ​អូស្ត្រាលី​ ក៏បាន​សន្យា​ជួយ​សាងសង់​អគារ​សិក្សា​ និង​បណ្ណាល័យ​សម្រាប់​ជួយ​សម្រួល​ដល់​ការ​សិក្សា​របស់​ប្អូនៗ​ដែល​កំពុង​រស់នៅ​តំបន់​នោះ​។ លោក​ម៉ៃ សុគន្ធ​ បាន​អះអាងថា ​នេះ​ពុំមែន​ជា​លើក​ទី​មួយ​នោះ​ទេ​ដែល​លោក​ចូលរួម​វត្តមាន​ក្នុង​សកម្មភាព​មនុស្សធម៌​បែបនេះ ​ដូច្នេះ​លោក​សន្យាថា​នឹង​បន្តធ្វើ​សកម្មភាព​នេះ​ជា​បន្តបន្ទាប់​។​ តាមរយៈ​សកម្មភាព​នេះ​បានធ្វើ​ឲ្យ​មហាជន​ និង​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មួយចំនួនធំ​ងា​ក​មក​ចាប់អារម្មណ៍​គាំទ្រ​ និង​សរសើរ​ពី​ទឹកចិត្ត​របស់​តារា​ប្រុស​ លោក ម៉ៃ សុគន្ធ ក្នុង​សកម្មភាព​មនុស្សធម៌​៕

អត្ថបទ ៖ ចាន់ ដា​រ៉ា​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114