ព័ត៍មានទាន់​ហេតុការណ៏
Search

សវនាការ​ជា​សាធារណៈ​ក្នុងការ​ស៊ើបអង្កេត​ប្តឹង​ទម្លាក់​ លោក Trump នឹង​ចាប់ផ្ដើម​នៅ​សប្ដាហ៍​ក្រោយ​

សមាជិកសភា ​ដែល​ដឹកនាំ​ការស៊ើបអង្កេត​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា សវនាការ​ប្តឹង​ចោទប្រកាន់​បើកចំហ​លើកដំបូង​លើ​ប្រធានាធិបតី​អាមេរិក​លោក Donald Trump នឹង​ចាប់ផ្តើម​នៅ​សប្ដាហ៍​ក្រោយ​នេះ ​ខណៈ​ការស៊ើបអង្កេត​បាន​ឈានដល់​ដំណាក់កាល​សាធារណៈ​ដ៏​សំខាន់​មួយ​។​

លោក William Taylor អ្នកការទូត​ជាន់ខ្ពស់​របស់​ទីក្រុង​វ៉ាស៊ីនតោន​ប្រចាំ​ប្រទេស​អ៊ុយ​ក្រែ​ន ​និង​ជំនួយការ​រង​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ លោក George Kent គ្រោង​នឹង​ផ្តល់​សក្ខីកម្ម​ នៅ​ថ្ងៃ​ពុធ​សប្ដាហ៍​ក្រោយ​។​

ប្រធាន​គណៈកម្មាធិការ​ស៊ើបការណ៍​សម្ងាត់​សភា ​លោក Adam Schiff បាន​និយាយថា ប្រជាជន​នឹង​អាច​មើលឃើញ​ពី​កម្រិត​ដែល​ប្រធានាធិបតី​បាន​ចុះឈ្មោះ​ក្រសួង​ទាំងមូល ​ក្នុង​គោលបំណង​ខុស​ច្បាប់​ ដើម្បី​ព្យាយាម​ធ្វើ​ឲ្យ​អ៊ុយ​ក្រែ​ន​បញ្ចេញ​ព័ត៌មាន​កខ្វក់​អំពី​គូប្រជែង​នយោបាយ​។​

នៅក្នុង​សេចក្ដីប្រកាស​ជា​លាយលក្ខណ៍អក្សរ លោក Taylor បាន​គាំទ្រ​ការចោទប្រកាន់​ប្រឆាំង​លោក Trump ដែលថា ប្រធានាធិបតី​រូបនេះ​ បាន​រំលោភបំពាន​អំណាច​របស់ខ្លួន​ដោយ​ការដក​ជំនួយ​យោធា​ដើម្បី​គំរាម​រដ្ឋាភិបាល​ទីក្រុង​គៀវ ​ឲ្យ​បើក​ការស៊ើបអង្កេត​ដែល​អាច​ជួយ​គាត់​បាន​សម្រាប់​រឿង​នយោបាយ​។​

លោក Kent ដែល​ជា​ប្រធាន​ការិយាល័យ​អឺរ៉ុប​ និង​អាស៊ី​អឺរ៉ុប​នៅ​ក្រសួងការបរទេស ​បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​រប​ស់​សេត​វិមាន​ក្នុងការ​ដក​តំណែង​អតីត​ឯកអគ្គរដ្ឋទូត​ប្រចាំ​ប្រទេស​អ៊ុយ​ក្រែ​ន​ គឺ ​លោកស្រី Marie Yovanovitch​។​

លោកស្រី Yovanovitch បាន​ប្រាប់​ក្រុម​អ្នកស៊ើប​អង្កេត​ថា លោកស្រី​ត្រូវបាន​បណ្តេញ​ចេញពី​តំណែង​ដោយសារតែ​មេធាវី​ផ្ទាល់ខ្លួន​របស់លោក Trump គឺ​លោក Rudy Giuliani និង​អ្នក​ផ្សេងទៀត​មិន​ចង់​ឲ្យ​លោកស្រី​ពាក់ព័ន្ធ​នៅពេល​ពួកគេ​អនុវត្ត​គោលនយោបាយ​អ៊ុយ​ក្រែ​ន​ខុសពី​ធម្មតា​។ លោកស្រី​គ្រោង​នឹង​បង្ហាញខ្លួន​នៅ​ថ្ងៃ​សុក្រ​សប្ដាហ៍​ក្រោយ​។​

គួរ​បញ្ជាក់ថា លោក Schiff បានចាប់ផ្តើម​បញ្ចេញ​ឯកសារ​សក្ខីកម្ម​របស់​សាក្សី​ឯកជន​រួចទៅហើយ​ប៉ុន្តែ​វា​ត្រូវបាន​គេ​ជឿជាក់​ថា ការ​បង្ហាញ​ខ្លួន​របស់​អ្នក​ទាំងបី​នៅឯ​សវនាការ​ជា​សាធារណៈ​អាច​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅលើ​សាធារណជន​អាមេរិកាំង​៕

​ 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114