ព័ត៍មានទាន់​ហេតុការណ៏
Search

សហគមន៍​កំពង់​ភ្លុក កំពុង​បង្ហាញ​សម្រស់​បែបធម្មជាតិ បង្អួត​អ្នក​ទេសចរណ៍​

ភ្នំពេញ ៖ សហគមន៍​ទេសចរណ៍​កំពង់​ភ្លុក មាន​ភាព​ទាក់ទាញ​ដល់​អ្នកទេសចរណ៍​អាច​ទស្សនា​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន ​នៅ​តាម​មាត់បឹង​ទន្លេសាប ទស្សនា​ផ្ទះ​សង់​ខ្ពស់ៗ​នៅលើ​ផ្ទៃ​ទឹក ទស្សនា​ភូមិ​បណ្តែត​ទឹក អុំទូក​ទស្សនា​ក្នុង​ភូមិ ទស្សនា​ព្រៃ​លិច​ទឹក និង​ផ្តិត​យក​នូវ​រូបភាព​ស្អាតៗ ហើយ​អ្វី​ដែល​កាន់តែ​ពិសេស​គឺ​អាច​ទស្សនា​ផ្ទៃ​បឹង​ទន្លេសាប​ដ៏​ធំ​ល្វឹងល្វើយ​ជា​មួយនឹង​ភោជនីយដ្ឋាន​បណ្តែត​ទឹក បែ​ចិញ្ចឹម​ត្រី រួម​ជា​មួយ​នឹង​ទិដ្ឋភាព​ថ្ងៃ​រៀប​លិច​ដ៏​ស្រស់ស្អាត​នៅលើ​ផ្ទៃ​បឹង​។

ប្រភព​ពី​ក្រសួង​ទេសចរ​បាន​ឲ្យ​ដឹង​ថា សហគមន៍​ទេសចរណ៍​កំពង់​ភ្លុក បាន​នឹងកំពុង​ទាក់ទាញ​ទេសចរ​តាមរយៈ​អ្នក​អុំទូក​ជា​ស្ត្រី ហើយ​កាល​ពី​ពេល​ថ្មីៗ​មកនេះ​លោកជំទាវ ហ៊ុន ដា​នី រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ អម​ដំណើរ​ដោយ​លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប លោក​អភិបាលស្រុក​ប្រាសាទបាគង និង​មន្ត្រី​មូលដ្ឋាន​ពាក់ព័ន្ធ បាន​អញ្ជើញ​ចុះទៅ​សួរសុខទុក្ខ ស្វែងយល់​ពី​ស្ថានភាព​ក្រុម​ស្ត្រី​អុំទូក និង​សក្តានុពល​ទេសចរណ៍ នៅ​សហគមន៍​ទេសចរណ៍ធម្មជាតិ​កំពង់​ភ្លុក​ ដែល​កំពុង​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ច្រើន​ទៀត​ផង​។

គួរ​បញ្ជាក់​ថា​ សហគមន៍​ទេសចរណ៍​ធម្មជាតិ​កំពង់​ភ្លុក ស្ថិត​នៅ​តាម​មាត់បឹង​ទន្លេសាប ក្នុង​ឃុំ​កំពង់​ភ្លុក ដែល​មាន​០៣​ភូមិ រួមមាន ភូមិ​ត្នោត​កំបុត ភូមិ​គោក​ក្តុល និង​ភូមិ​ដីក្រហម ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប និង​មាន​ចម្ងាយ​ប្រមាណ ៣០​គីឡូម៉ែត្រ​ ពី​ទី​រួម​ខេត្ត​សៀមរាប ដោយ​ធ្វើដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​៦ ឆ្ពោះ​ទៅ​រាជធានី​ភ្នំពេញ​។

ដោយ​សហគមន៍​នេះ​ មាន​ភាព​ទាក់ទាញ​ដល់​អ្នកទេសចរ​អាច​ទស្សនា​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន ​នៅ​តាម​មាត់បឹង​ទន្លេសាប ទស្សនា​ផ្ទះ​សង់​ខ្ពស់​ៗ​នៅ​លើ​ផ្ទៃ​ទឹក ទស្សនា​ភូមិ​បណ្តែត​ទឹក អុំទូក​ទស្សនា​ក្នុងភូមិ ទស្សនា​ព្រៃ​លិច​ទឹក និង​ផ្តិត​យក​នូវ​រូបភាព​ស្អាតៗ ហើយ​អ្វី​ដែល​កាន់តែ​ពិសេស​ គឺ​អាច​ទស្សនា​ផ្ទៃ​បឹង​ទន្លេសាប​ដ៏​ធំ​ល្វឹងល្វើយ​ជាមួយនឹង​ភោជនីយដ្ឋាន​បណ្តែត​ទឹក បែ​ចិញ្ចឹម​ត្រី រួម​ជា​មួយ​នឹង​ទិដ្ឋភាព​ថ្ងៃ​រៀប​លិច​ដ៏​ស្រស់​ស្អាត​នៅលើ​ផ្ទៃ​បឹង​។

ចំពោះ​លក្ខណៈ​ពិសេស​ប្លែក​គេ​របស់​សហគមន៍ ហើយ​ដែល​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ​ពេញចិត្ត​បំផុត​នោះ​គឺ សេវា​អុំទូក​កម្សាន្ត​ក្នុង​ភូមិ​មើល​ទេសភាព និង​ព្រៃ​លិច​ទឹក​ដែល​មាន​អ្នក​អុំ​ទូក​ជា​ស្ត្រី​ទាំងអស់​ក្នុងចំណោម​ទូក​ចំនួន​៩៦១​។ ក្រុម​ស្ត្រី​អុំទូក​នេះ​មិន​ត្រឹមតែ​ជា​អ្នក​អុំទូក​ដ៏​ជំនាញ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជា​មគ្គុទ្ទេសក៍​ទេសចរ ​ដែល​អាច​ពន្យល់​រៀបរាប់​ដល់​ភ្ញៀវ​អំពី​លក្ខណៈ​ស្ថានភាព ធម្មជាតិ ប្រពៃណី​ទំនៀមទម្លាប់ និង​សក្ដានុពល​ ដែល​មាន​ក្នុង​សហគមន៍ ប្រកបដោយ​ស្នាមញញឹម រួសរាយ​រាក់ទាក់ ស្និទ្ធស្នាល ផ្តល់នូវ​ភាពកក់ក្តៅ​។

ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ អាច​ធ្វើ​ដំណើរ​ទៅកាន់​សហគមន៍​ទេសចរណ៍​កំពង់​ភ្លុក​បាន​តាមរយៈ រថយន្ត រ៉ឺម៉ក ឬ​ម៉ូតូ​ដោយ​ប្រើ​រយៈពេល​ប្រមាណ​ជា ២៥​នាទី​ ពី​ទី​រួម​ខេត្ត​ទៅកាន់​ចំណត​កាណូត​របស់​សហគមន៍ ហើយ​បន្ទាប់មក​យើង​ធ្វើដំណើរ​តាម​កាណូត​ទៅកាន់​សហគម​ន៍​ដោយ​ប្រើ​រយៈពេល​ប្រមាណ ២០ នាទី​ទៀត ទើប​យើង​ទៅដល់​សហគមន៍​កំពង់​ភ្លុក​៕
ឧ​ត្ត​រ៉ា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114