ព័ត៍មានទាន់​ហេតុការណ៏
Search

សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ផ្ដល់​ប្រាក់​លើកទឹកចិត្ត U-19 កម្ពុជា បន្ទាប់​ធ្វើបាន​ល្អ​ក្នុង​ពាន​យុវជន​អាស៊ី​អាយុ​ក្រោម​១៩​ឆ្នាំ

នៅ​ព្រឹក​ថ្ងៃ​ទី១៤ ខែវិច្ឆិកា ឆ្នាំ​២០១៩ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បានប្រកាស​ផ្ដល់ប្រាក់​រង្វាន់​លើកទឹកចិត្ត​ដល់​ក្រុមបាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា អាយុ​ក្រោម​១៩​ឆ្នាំ បន្ទាប់ពី​ធ្វើបាន​ល្អ​ក្នុង​វគ្គ​ជម្រុះ​ពាន​យុវជន​អាស៊ី​អាយុ​ក្រោម ១៩​ឆ្នាំ (AFC U19 Championship 2020) ដែល​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ​។

សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បានប្រកាស​ថា លោក​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ប្រគល់​ប្រាក់រង្វាន់​លើកទឹកចិត្ត​ក្នុង​ម្នាក់​ទទួលបាន​ទឹកប្រាក់​ចំនួន ៤​លាន​រៀល សរុប​ទាំងអស់ ១២៨​លាន​រៀល ដល់​ក្រុម​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម​១៩​ឆ្នាំ និង​ក្រុមការងារ​គ្រូបង្វឹក ក្នុង​ការខិតខំ​ប្រឹងប្រែង​ក្នុង​ព្រឹត្តិការណ៍​ការប្រកួត AFC U-19 Championship 2020 Qualifiers​។

ធ្វើ​បាន​ល្អ គឺ​បន្ទាប់​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម ១៩​ឆ្នាំ បញ្ចប់​ទៅដោយ ៤​ប្រកួត ឈ្នះ​៣ និង​ចាញ់​១ មាន ៩​ពិន្ទុ ហើយ​ឈរ​នៅ​លេខ​២ ប្រចាំ​ពូ​ល G និង​កំពុង​អង្គុយចាំ ដោយ​ឈរ​នៅ​លេខ​រៀង​ទី​៥ ជា​ក្រុម​លេខ​២​ល្អ ជា​បណ្ដោះអាសន្ន ដែល​អាច​ឡើងទៅ​ជុំ​ផ្ដាច់ព្រ័ត្រ​នៃ​ពានរង្វាន់​ជើងឯក​យុវជន​អាស៊ី​អាយុ​ក្រោម ១៩​ឆ្នាំ ( AFC U19 Championship 2020 ) ប៉ុន្តែ​ត្រូវ​អង្គុយ​រង់ចាំ ការប្រកួត​ពូ​ល A​។

អាច​ឈរ​នៅ​លេខ​៥ ជា​បណ្ដោះអាសន្ន ដែលជា​ចំណាត់ថ្នាក់​ចុងក្រោយ​គេ​អាច​មាន​ឱកាស​ឡើងទៅ​ជុំ​បន្ត​គឺ​បន្ទាប់ពី កម្ពុជា រកបាន ៦​ពិន្ទុ ក្នុងចំណោម ៣​ប្រកួត​ដែល​ត្រូវ​យក​មក​គណនា​ពិន្ទុ ជា​មួយនឹង​គ្រាប់​បាល់ ៣​គ្រាប់​ក្នុង​ដៃ ស្រប​ពេលដែល​ក្រុម​លេខ​២ ល្អ ចំនួន ៤​ផ្សេងទៀត​ដូចជា ឡាវ​, វៀតណាម​, អ៊ូ​ប៊ី​គី​ស្ថាន ( ម្ចាស់ផ្ទះ​ជុំ​ផ្ដាច់ព្រ័ត្រ នៅ​ឆ្នាំ ២០២០ ) និង យេ​ម៉េ​ន បាន​ធានា​កៅអី ១០០​ភាគរយ​ហើយ​ទោះបីជា​លទ្ធផល​ពី​ពូ​ល A បែបណាក៏ដោយ​។ បញ្ជាក់ថា ដោយសារ ២​ពូ​ល មាន ៥​ក្រុម ដូច្នេះ​ពិន្ទុ​ដែល​បានមកពី​ការប្រកួត​ជាមួយ​ក្រុម​បាត​តារាង (​លេខ​៥) មិនត្រូវ​បាន​យកមក​រាប់​បញ្ចូល​ឡើយ ជាក់ស្ដែង កម្ពុជា ដែល​រកបាន ៣​ពិន្ទុ​ជាមួយ​ក្រុម​បា​តារាង កោះ​ម៉ា​រី​ណា​ខាងជើង មិនត្រូវ​បាន​រា​ប់​បញ្ចូល​ឡើយ​។

តារាង​ចំណាត់ថ្នាក់​ប្រៀបធៀប​ក្រុម​លេខ​២​ល្អ មាន​ដូចតទៅ លេខ​១ ឡាវ មាន ៧​ពិន្ទុ និង​គ្រាប់​បាល់​ចំណេញ ៧​គ្រាប់​, លេខ​២ វៀតណាម មាន ៧​ពិន្ទុ​ដូចគ្នា និង​គ្រាប់​បាល់​ចំណេញ ៦​គ្រាប់​, លេខ​៣ អ៊ូ​ប៊ី​គី​ស្ថាន មាន ៧​ពិន្ទុ និង​គ្រាប់​បាល់​ចំណេញ ៤​គ្រាប់​, លេខ​៤ យេ​ម៉េ​ន មាន ៧​ពិន្ទុ និង​គ្រាប់​បាល់​ចំណេញ ៤​គ្រាប់​, លេខ​៥ កម្ពុជា មាន ៦​ពិន្ទុ និង​គ្រាប់​បាល់​ចំនេញ ៣​គ្រាប់ ដោយឡែក​ក្រុម​លេខ​២​ល្អ ផ្សេងទៀត​ដូចជា ចិន (៦​ពិន្ទុ គ្រាប់​បាល់​ចំណេញ ១​គ្រាប់​), កូរ៉េខាងជើង (៥​ពិន្ទុ​), ហ្ស៊​កដា​នី (៥​ពិន្ទុ​), លី​បង់ (៤​ពិន្ទុ​) និង​កៀ​ស៊ី​ស្ថាន (៤​ពិន្ទុ​) មិន​មានឱកាស​គ្រប់គ្រាន់​ដើម្បី​ឈរលើ​កម្ពុជា ឡើយ​។

​ចំពោះ​កម្ពុជា គឺ​នៅ​មិនទាន់​ធានា​កៅអី ១០០​ភាគរយ​នៅឡើយ​ទេ ពោលគឺ​នៅ​រង់ចាំ​តែ​លទ្ធផល​ពី​ពូ​ល A ប៉ុណ្ណោះ​ទើប​អាច​សម្រេច​ថា​បែបណា​បាន ខណៈ​ពូ​ល A នេះ​គ្រោង​នឹងធ្វើ​ការប្រកួត​នៅ​ចន្លោះ​ថ្ងៃទី​២២ ដល់​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៩ ដោយមាន​ក្រុម​ចំនួន​៥ រួមមាន អ៊ីរ៉ាក់​, អូ​ម៉​ង់​, ប៉ា​ឡេ​ស្ទី​ន​, គុយវែត និង​ប៉ា​គី​ស្ថាន ដែលជា​ក្រុម​មាន ៥​ពូ​ល​ដូច កម្ពុជា​។

ដូច្នេះ​នៅ​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៩ ទើប​អាច ដឹងថា​កម្ពុជា អាច​មាន​ឱកាស​ឡើង​ទៅ​ជុំ​ផ្ដាច់ព្រ័ត្រ ជា​លើកដំបូង​ចាប់​តាំង​ពី​ចូលរួម​ពានរង្វាន់​នេះ​បាន ពោលគឺ​ក្រោយ​បញ្ចប់​ការប្រកួត​ទាំងស្រុង​ពី​ពូលA៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114