BREAKING NEWS
Search

សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ ត្រៀម​រៀបចំ​ប្រកួត​ជើងឯក​ជាតិ​ឆ្នាំ​២០១៩

​ក្រសួង​អប់រំ យុវជន និង​កីឡា បានកំណត់​ពី​កាលបរិច្ឆេទ ដើម្បី​រៀបចំ​ការប្រកួត​ដណ្ដើម​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំ​២០១៩ រួចហើយ គឺមាន​រយៈពេល​៥​ថ្ងៃ ដោយ​ចាប់ផ្តើម​ពីថ្ងៃ​ទី ៧ កញ្ញា ដល់ ថ្ងៃទី​១១​កញ្ញា។​

​ដោយ​ផ្អែក​តាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​អប់រំ យុវជន​និង​កីឡា​នេះ សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ បាន​ជួបពិភាក្សា​ជាមួយ​តំណាង​ទូរទស្សន៍​ទាំង​៥ គឺ CNC បាយ័ន PNN SEATV និង​TV5 ដើម្បី​សុំ​ផ្អាក​ការប្រកួត​មួយ​សប្ដាហ៍ ទុក​ឪ​កាស​សម្រាប់​អ្នក​ប្រដាល់​បាន​សម្រាក​ដើម្បី​ត្រៀមខ្លួន​ប្រកួត​ជើងឯក។​

​លោក​ឧត្ដមសេនីយ៍​ឯក តែម ម៉ឺន​បាន​មានប្រសាសន៍ថា នៅក្នុង​សេចក្ដីជូនដំណឹង​ស្ដីពី​ការប្រកួត​នោះបាន​បញ្ជាក់ថា ការប្រកួត​នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី​៧ ដល់ទី​១១ ខែតុលា ឆ្នាំ​២០១៩ ដែល​នេះ​ជាការ​ប្រកួត​ដោយ​ប្រើប្រាស់​ថវិកា​ក្រសួង​អប់រំ​យុវជន និង​កីឡា ដូច្នេះ​លោក​បាន​អំពាវនាវ​ដោយ​សុំ​ទូរទស្សន៍​ផ្អាក​ការប្រកួត​មួយ​សប្ដាហ៍ ដើម្បី​ទុក​ឪ​កាស​សម្រាប់​អ្នក​ប្រដាល់​បាន​សម្រាក ដើម្បី​ត្រៀម​ខ្លួន​ប្រកួត​ជើងឯក​។

​លោក​ឧត្ដមសេនីយ៍​ឯក​បាន​បន្តថា កីឡាករ​-​កីឡាការិនី​ត្រូវ​ប្រុងប្រយ័ត្ន និង​ជៀសវាង​ឲ្យ​បាន​ដាច់​ខាត​នូវ​ការប្រើប្រាស់​សារធាតុ​លើក​កម្លាំង ថ្នាំ​បញ្ចុះ​ទឹកនោម​ថ្នាំស្ពឹក ថ្នាំ​បំបាត់​ការឈឺចាប់ និង​ប្រភេទ​ថ្នាំញៀន​ទាំងឡាយ​ដែល​បាន​ហាមឃាត់​។ ការប្រកួត​នេះ​នឹងធ្វើ​ដូច​រាល់​ឆ្នាំ​ដែរ គឺ​សមាគម ក្រសួង រាជធានី ខេត្ត​ត្រូវ​ធ្វើការ​ចម្រាញ់​រក​កីឡាករ កីឡាការិនី​ខ្លាំងៗ​របស់ខ្លួន​ដោយ​មួយ​ប្រភេទ​ទម្ងន់​យកតែ​មួយរូប​ប៉ុណ្ណោះ។​

​លោក​ប្រធាន​សហព័ន្ធ​បាន​អះអាងថា តាម​គោលការណ៍​ការប្រកួត​ជើងឯក​បែបនេះ​សម្រាប់​អ្នក​បាន​ចំណាត់ថ្នាក់​លេខ​១​បាន​រង្វាន់​៣០​ម៉ឺន​រៀល លេខ​២​បាន​២០​ម៉ឺន​រៀល និង​លេខ​៣​បាន​១០​ម៉ឺន​រៀល​។ សម្រាប់​ឆ្នាំនេះ​សហព័ន្ធ​នឹង​ស្វះស្វែង​រកប្រាក់​រង្វាន់​ប​ន្ថែ​ម​សម្រាប់​អ្នកទទួលបាន​ជ័យលាភី។​

​ចំពោះ​វិញ្ញាសា​ដាក់​ឲ្យ​ប្រកួត​សម្រាប់​បុរស មាន​៨​ប្រភេទ​ទម្ងន់​គឺ​ទម្ងន់​៤៨​គីឡូក្រាម ៥១​គីឡូក្រាម ៥៤​គីឡូក្រាម ៥៧​គីឡូក្រាម ៦០​គីឡូក្រាម ៦៣,៥០​គីឡូក្រាម ៦៧​គីឡូក្រាម និង ៧១​គីឡូក្រាម។ ចំពោះ​នារី​វិញ​មាន​៦​ប្រភេទ​ទម្ងន់​គឺ ៤៨​គីឡូក្រាម៥១​គីឡូក្រាម ៥៤​គីឡូក្រាម៥៧​គីឡូក្រាម ៦០​គីឡូក្រាម និង​៦៣,៥០​គីឡូក្រាម៕

​ដោយ ៖ វិ​សិទ្ធ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114