BREAKING NEWS
Search

សហភាពអឺរ៉ុប ផ្តល់ហិរញ្ញប្បទានឥតសំណងដល់កម្ពុជា ចំនួន ៥៦ លានអឺរ៉ូ ដើម្បីស្តារសម្បទាសេដ្ឋកិច្ច-សង្គម ដែលរងផលប៉ះពាល់ដោយកូវីត ១៩

លោកជំទាវ Camen Moreno ឯកអគ្គរដ្ឋទូត នៃសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះជោគជ័យរបស់រាជរដ្ឋាភិបាលក្នុងការគ្រប់គ្រងបញ្ហានៃជំងឺកូវីត ១៩ ក្នុងការចូល ក្នុងជំនួប រវាងលោកជំទាវ ជាមួយនឹង ឯកឧត្តម អូន ព័ទ្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈ video Conference កាលពីព្រឹកថ្ងៃទី២០ ខែ មេសា ឆ្នាំ២០២០ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

លោកជំទាវ ឯកអគ្គរដ្ឋទូត នៃសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ក៏បញ្ជាក់អំពីគោលជំហគាំទ្រ​​យ៉ាងពេញ​ទំហឹងរបស់សហភាពអឺរ៉ុប​ក្នុងការចូលរួមចំណែកគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្តារសម្បទាសេដ្ឋកិច្ច-សង្គម ដែលរងផលប៉ះពាល់ពី​វិបត្តិនៃជំងឺកូវីត ១៩ នេះ។

លោកជំទាវ Camen Moreno បានជម្រាបជូនថា ក្នុងស្មារតីនេះ សហភាពអឺរ៉ុប ដែលមានទីស្នាក់ការកណ្តាលនៅ Brussel ទើបតែបានអនុម័តអនុញ្ញាតឲ្យបង្វែរហិរញ្ញប្បទានឥតសំណងសរុបចំនួន ៥៦ លានអឺរ៉ូ ពីកម្មវិធីកំពុងដំណើរការមួយចំនួន ដែលហិរញ្ញប្បទានដោយសហភាពអឺរ៉ុប សម្រាប់យកមកហិរញ្ញប្បទានលើវិស័យគាំពារសង្គមដែលការងារអាទិភាព និងបន្ទាន់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការស្តារសម្បទាសេដ្ឋកិច្ច-សង្គមឡើងវិញ ពីវិបត្តិនៃជំងឺកូវីត ១៩នេះ។

ឯកឧត្តម អូន ព័ទ្ធមុនីរ័ត្ន បានលើកឡើងថា ក្នុងការអនុវត្តវិធានការស្តារសេដ្ឋកិច្ច-សង្គម ពីផលប៉ះពាល់នៃជំងឺកូវីត ១៩ រដ្ឋាភិបាលកម្ពុជាបានបង្កើតនូវ ក្រុមការងារចំនួន ៤ រួមមាន៖

១. ក្រុមការងារចំពោះកិច្ចគ្រប់គ្រងការផ្គត់ផ្គង់ និងថ្លៃទំនិញយុទ្ធសាស្ត្រ ក្នុងកំឡុងពេលប្រយុទ្ធនឹងជំងឺកូវីត ១៩

២. ក្រុមការងារចំពោះកិច្ចរៀបចំ និងគ្រប់គ្រងយន្តការជំនួយសង្គមក្នុងកំឡុងពេលប្រយុទ្ធនឹងជំងឺកូវីត ១៩

៣. ក្រុមការងារចំពោះកិច្ចរៀបចំគោលនយោបាយថវិកា ហិរញ្ញប្បទាន និងជំនួយសង្គមដើម្បីគ្រប់គ្រងការប្រយុទ្ធនឹងជំងឺកូវីត ១៩

៤. ក្រុមការងារបច្ចេកទេសចម្រុះចំពោះកិច្ចសិក្សារៀបចំដាក់ចេញនូវកញ្ចប់វិធានការខាងរូបិយវត្ថុ និងធនាគារ ដើម្បីគ្រប់គ្រង និងដោះស្រាយផលប៉ះបាល់ពីការរីករាលដាលនៃជំងឺកូវីត១៩ និងការព្យួរប្រព័ន្ធអនុគ្រោះពន្ធលើមុខទំនិញមួយចំនួនក្នុងក្របខណ្ឌ «ទំនិញគ្រប់យ៉ាងលើកលែងតែសញ្វវុធ (EBA) ផងដែរ។

ក្នុងនោះដែរ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី អូន ព័ទ្ធមុនីរ័ត្ន ក៏បានថ្លែងអំណរគុណដល់សហភាពអឺរ៉ុប ចំពោះកិច្ចសហប្រតិបត្តិការរឹងមាំកន្លងមកជាមួយនឹងកម្ពុជា ជាពិសេសនៅក្នុងគ្រាដ៏លំបាកនេះ៕