សហភាព​និង​សហជីព​៣​អះអាង​ថា «​ពិតជា​មិន​អាច​ទទួលយក​បានទេ ចំពោះ​ចំណាត់​ការ​ដ៏​សែន​អយុត្តិធម៌ ដែល​សហភាព​អឺរ៉ុប​ព្យួរ​ផ្នែក​ខ្លះ​នៃ​EBA​ចំពោះ​កម្ពុជា​»

ភ្នំពេញ ៖ សហភាព​និង​សហជីព​ចំនួន​៣​ធំ​ៗ​នៅ​កម្ពុជា​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ដោយឡែក​ពី​គ្នា បាន​សម្ដែង​ការ​សោកស្ដាយ ចំពោះ​សេចក្ដី​សម្រេច​របស់​គណៈ​កម្ម​ការ​អឺរ៉ុប ដោយ​សម្រេច​ព្យួរ​ផ្នែក​ខ្លះ នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ចំពោះ​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០២០​នេះ​ដោយ​បាន អះអាង​ថា «​ពិតជា​មិន​អាច​ទទួលយក​បានទេ ចំពោះ​ចំណាត់​ការ​ដ៏​សែន​អយុត្តិធម៌ ដែល​សហភាព​អឺរ៉ុប បាន​ធ្វើ​មក​លើ​ប្រទេស​កម្ពុជា និង​បងប្អូន​កម្មករ និយោជិត​ខ្មែរ​»​។​

​សហភាព​សហជីព​ទាំង​៣​ធំៗ​នោះ​រួមមាន​សហព័ន្ធ​សហជីព​សម្លេង​យុវជន​ខ្មែរ (V.K.Y.U.F)​ដឹកនាំ​ដោយ​លោក​ ឡុង សុផាត សហភាព​សហជីព​យុវជន​ការពារ​សិទ្ធិ​កម្មករ​កម្ពុជា (Y.P.C.W.R.C)​របស់​លោក​ ឡុង សុផាត និង​សហព័ន្ធ​សហជីព​ការងារ​ដើម្បី​កម្ពុជា (​ស​.​ស​.​ក​.​ក​)​របស់​លោក​ សៀ សន ចុះ​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២០​។​

​លោក ​ឡុង សុផាត ប្រធាន​សហព័ន្ធ​សហជីព​សម្លេង​យុវជន​ខ្មែរ (V.K.Y.U.F)​បាន​បញ្ជាក់​លើ​សេចក្ដី​ថ្លែងការណ៍​ថា សហជីព​លោក​ជា​អង្គការ​វិជ្ជាជីវៈ​តំណាង​ឲ្យ​កម្មករ​ន​យោ​ជិត ផ្នែក​វាយ​ន​ភណ្ឌ​កាត់ដេរ និង​ផលិត​ស្បែកជើង ដែល​កំពុង​បម្រើ​ការងារ​នៅ​តាម​រោងចក្រ សហគ្រាស គ្រឹះស្ថាន​នានា​នៅ​កម្ពុជា បាន​បង្ហាញ​ការ​ខកចិត្ត និង​សោកស្ដាយ​យ៉ាង​ខ្លាំង​ចំពោះ​សេចក្ដី​សម្រេច​របស់​គណៈ​កម្ម​ការ​អឺរ៉ុប​កាលពី​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០២០ អំពី​ការ​ដក​ជា​បណ្ដោះអាសន្ន​នូវ​ផ្នែក​ខ្លះ នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «​គ្រប់​មុខទំនិញ​លើកលែងតែ​សព្វាវុធ​» EBA ពី​កម្ពុជា​តែម្ដង​។​

​សហព័ន្ធ​សហជីព​សម្លេង​យុវជន​ខ្មែរ បាន​ចាត់ទុកថា វិធានការ​នេះ គឺ​មិន​សមស្រប​ជាមួយ​ទិដ្ឋភាព​ជាក់​ស្តែង នៃ​ការ​រីក​ចម្រើន​គួរ​ឲ្យ​កត់សម្គាល់ នៃ​ស្ថានភាព​សិទ្ធិមនុស្ស និង​សិទ្ធិ​ការងារ នៅ​កម្ពុជា​ឡើយ​។ កន្លងមក​ក្នុងនាម​អង្គការ​វិជ្ជាជីវៈ​តំណាង​កម្មករ​និយោជិត យើងខ្ញុំ​តែង​បាន​សហការ​នឹង​ធ្វើ​ការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​រាជរដ្ឋាភិបាល និង​ភ្នាក់ងារ​តំណាង​អង្គការ​អន្តរជាតិ​ខាង​ការងារ ព្រមទាំង​ដៃគូ​អភិវឌ្ឍន៍​លើ​គម្រោង និង​សកម្មភាព​នានា​ពាក់ព័ន្ធ​នឹង​ការ​លើក​កម្ពស់​សិទ្ធិ​ការងារ​។​

​ចំណែក​សហភាព​សហជីព​យុវជន​ការពារ​សិទ្ធិ​កម្មករ​កម្ពុជា (Y.P.C.W.R.C)​ដែល​មាន​លោក​ ឡុង សុផាត ​ជា​ប្រធាន​បាន​សម្តែង​ការ​ខក​ចិត្ត និង​សោកស្ដាយ​យ៉ាង​ខ្លាំង​ចំពោះ​សេចក្ដី​សម្រេច​របស់​គណៈ​កម្ម​ការ​អឺរ៉ុប​ផង​ដែរ​។

​សហភាព​សហជីព​នេះ បាន​លើក​ឡើង​ថា ការសម្រេច​របស់​សហ​ភាព​អឺរ៉ុប ជា​ការ​អនុវត្ត​ស្តង់ដារ​ពី​របស់​សហភាព​អឺរ៉ុប ដែល​ត្រូវ​បាន​ជំរុញ​ដោយ​ហេតុផល​នយោបាយ​។ ការសម្រេច​ដែល​មាន​ភាព​លម្អៀង និង​មិនបាន​ពិចារណា​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ អំពី​ស្ថានភាព​ជាក់ស្ដែង​នៅ​កម្ពុជា បាន​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍ និង​ជីវភាព​របស់​បងប្អូន​កម្មករ និយោជិត​ខ្មែរ​។ ក្នុង​ន័យ​នេះ ក្នុងនាម​ជា​សហជីព​មួយ ដែល​កំពុង​បំពេញ​សកម្មភាព​នៅ​កម្ពុជា ពិតជា​មិន​អាច​ទទួលយក​បានទេ ចំពោះ​ចំណាត់​ការ​ដ៏​សែន​អយុត្តិធម៌ ដែល​សហភាព​អឺរ៉ុប បាន​ធ្វើ​មក​លើ​ប្រទេស​កម្ពុជា និង​បងប្អូន​កម្មករ និយោជិត​ខ្មែរ​។​

​ដោយឡែក​លោក​ សៀ សន ប្រធាន​សហព័ន្ធ​សហជីព​ការងារ​ដើម្បី​កម្ពុជា (​ស​.​ស​.​ក​.​ក​) វិញ​ក៏បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ខកចិត្ត និង​សោកស្ដាយ​យ៉ាង​ខ្លាំង​ចំពោះ​ការសម្រេចចិត្ត​នេះ​ផង​ដែរ​។ សហជីព​នេះ​បាន​ចាត់ទុកថា វា​ជា​រឿង​អយុត្តិធម៌​សម្រាប់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា និង​បងប្អូន​កម្មករ​និយោជិត​ខ្មែរ ទាំង​មាន​ភាព​លម្អៀង​នេះ​។​

​សហព័ន្ធ​សហជីព​ការងារ​ដើម្បី​កម្ពុជា ក៏បាន​អំពាវនាវ​ដល់​បងប្អូន​កម្មករ និយោជិត​ខ្មែរ​គ្រប់រូប​ឲ្យ​បន្ត​ចូលរួម​គោរព និង​អនុវត្ត​ច្បាប់ ក៏ដូចជា​បន្ត​ចូលរួម​គាំទ្រ ដល់​កម្មវិធី និង​វិធានការ​នានា ដែល​បាន​ដាក់​ចេញ​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​បង្ការ និង​ដោះស្រាយ​បញ្ហា​ប្រឈម ដែល​អាច​កើតមានឡើង​ជាយថាហេតុ ជាពិសេស​កម្មវិធី​បណ្ដុះបណ្ដាល និង​បំប៉ន​ជំនាញ​នានា ដើម្បី​ពង្រឹង​សមត្ថភាព ឬ​ទទួល​បាន​នូវ​ជំនាញ​ថ្មី ដែល​ឈាន​ទៅ​ចាប់​ឱកាស​ការងារ​ថ្មី ជំនួស​ឲ្យ​ការងារ​បច្ចុប្បន្ន​ដែល​អាច​ប្រឈម​នឹង​ការប្រែប្រួល​នោះ​៕

 

អត្ថបទ៖ វិមាន​