BREAKING NEWS
Search

សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ជួយ​ឧបត្ថម្ភ​ម៉ាស់ ទឹក​អាល់កុល ដល់​ប៉ូលីស​ខណ្ឌទួលគោក ដើម្បី​យុទ្ធនា​ការប្រឆាំង​មេរោគ​កូ​វីដ១៩

ភ្នំពេញ​ ៖ ក្រុមការងារ​នៃ​សហភាព​សហព័ន្ធ​យុវជន កម្ពុជា តំណាង​ឲ្យ​លោក​ហ៊ុន ម៉ា​នី ជា​ប្រធាន​បាន​ជួយ​ឧបត្ថម្ភ​ម៉ាស់ ទឹក​អាល់កុល ដល់​ប៉ូលីស​ខណ្ឌទួលគោក ដើម្បី​យុទ្ធនា​ការ​ប្រឆាំង​មេរោគ​កូ​វីដ ១៩ ខណៈ​ដែល ជំងឺ​កូ​វីដ​-១៩​បាន​នឹង​កំពុង​វាយលុក​នៅ​លើ​ពិភពលោក​ទាំងមូល ហើយ​ក្នុងនោះ​​ប្រទេស​កម្ពុជា ក៏​ជា​ប្រទេសមួយ​ដែល​ទទួលរង​នូវ​ការឆ្លង ជំងឺ​កូ​វីដ​-១៩​ដែរនោះ​។

មន្ត្រី​ប៉ូលិស​ខណ្ឌទួលគោក​បាន​ឲ្យ​ដឹង​ថា ​ថ្ងៃ​អង្គារ ទី​២៦ ខែឧសភា ឆ្នាំ​២០២០ អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក បាន​ទទួល​ការ​ជួយឧបត្ថម្ភ​ជា​សម្ភារៈ​មួយចំនួន មាន​ដូចជា ម៉ាស់ ទឹក​អាល់កុល ក្នុង​យុទ្ធនា​ការ​ប្រឆាំង​មេរោគ​កូ​វីដ១៩។

ក្នុង​ឱកាស​នោះ ក្នុងនាម​មន្ត្រី​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្រុមការងារ សស​យក ដែល​មាន​លោក​ហ៊ុន ម៉ា​នី ជា​ប្រធាន​ដែល​តែងតែ​យកចិត្តទុកដាក់ និង​គិតគូរ​សុខទុក្ខ​របស់​ក​ង​កម្លាំង ជួយឧបត្ថម្ភ​សម្ភារៈ​មួយចំនួន មានដូចជា ម៉ាស់ ទឹក​អាល់កុល .. ក្នុង​យុទ្ធនា​ការប្រឆាំង​មេរោគ​កូ​វីដ ១៩ ខាងលើនេះ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ពាក់ព័ន្ធ​នឹង​ការ​បង្ការ​និង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​មេរោគ covid-19 នៅ​រលក​ទី​២​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏បាន​ណែនាំ​ដល់​រដ្ឋបាល​ខណ្ឌ​ទាំង​១៤ និង​មន្ទីរ​អង្គភាព​ចំណុះ​ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បន្ត​អប់រំ​សុខភាព​ប្រជាពលរដ្ឋ​និង​ការ​ពង្រឹង​ការងារ​តាមដាន​ការអនុវត្ត​វិធានការ​ការពារ​រលក​ទី​២​នេះ ដោយ​ដាក់ចេញ​ជា​វិធានការ​ចំនួន​៧​ចំណុច​ផងដែរ ដែល​ក្នុង​នោះ​រួមមាន​៖ ១ ត្រូវ​បន្ត​ចាត់តាំង​កម្លាំង​ដើម្បី​ផ្សព្វផ្សាយ​អប់រំ​និង​ណែនាំ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​និង​ស្នាក់​នៅក្នុង​មូលដ្ឋាន​ខណ្ឌ សង្កាត់ ជាពិសេស កម្មករ កម្មការិនី​នៅតាម​បណ្ដា​រោងចក្រ​នានា​ក្នុង​ព្រះ​ក្នុង​រាជធានី​ភ្នំពេញ​អោយ​អនុវត្ត​នូវ​វិធាន​ការបង្ការ​និង​ទប់ស្កាត់​ការរីក​រាលដាល មេរោគ​កូ​វីដ​-១៩​និង កែប្រែ​បទ​នៃ​ការរស់នៅ​ប្រចាំថ្ងៃ​ឲ្យ​អោយស្រប​តាម​បរិបទ​នៃ​ការ​ប្រយុទ្ធ​នឹង​មេរោគ កូ​វីដ​-១៩ ដោយ​ត្រូវ​លាងដៃ​ជាប្រចាំ ពាក់​ម៉ាក​ឬ​ប្រើប្រាស់​ក្រមា​នឹង​ត្រូវ​ខ្ទប់មាត់​នៅពេល​ក្អក​ឬ​កណ្ដាស់ ព្រមទាំង​ត្រូវ​បន្ត​អនុវត្ត​គម្លាត​សុវត្ថិភាព​សង្គម​និង​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល​ជា​ចាំបាច់​។

២ ត្រូវ​បន្ត​ហាមឃាត់​ការជួបជុំ​ការ​ប្រមូលផ្ដុំ​ដូចជា​កម្មវិធី​ជប់លៀង​ឬ​ការជួបជុំ​បែប​សាសនា​ទាំងអស់​។​ល​។ នៅក្នុង​មូលដ្ឋាន​រហូតដល់​ខែកញ្ញា​ឆ្នាំ​២០២០​។

៣ ត្រូវ​ចុះ​ត្រួតពិនិត្យ​និង​តាមដាន​នៅតាម​ភោជនីយដ្ឋាន អាហារដ្ឋាន​ និង​ កន្លែង​លក់ដូរ​ឲ្យ​អនុវត្ត​វិធានការ​បង្ការ​និង​ទប់ស្កាត់​ការរីក​រាលដាល​មេរោគ​កូ​វីត​-១៩ ក្នុងនោះ​ម្ចាស់​អាជីវកម្ម​ទាំងអស់ ខាងលើ​ត្រូវ​រៀបចំ​អាកុល​លាងដៃ​ន​នៅតាម​ច្រកចេញ ចូល និង​ត្រូវ​ចាត់តាំង​បុគ្គលិក​ឲ្យ​ធ្វើការ​វាស់​កំដៅ​ភ្ញៀវ​ទាំងអស់​មុននឹង​អនុញ្ញាត​ឲ្យ​ចូលក្នុង​ទីតាំង​អាជីវកម្ម​ទាំងនោះ​។ ក្នុងករណី​ដែល​ម្ចាស់​ទីតាំង​អាជីវកម្ម​ខាងលើ​មិន​អនុវត្តតាម​ការ​ណែនាំរ​ដ្ឋ​បាល​រាជធានី​ភ្នំពេញ​នឹង​បិទ​អាជីវកម្ម​ជា​បណ្ដោះអាសន្ន​។

៤ ត្រូវ​បន្ត​ចុះ​ត្រួតពិនិត្យ​និង​តាមដាន​ការអនុវត្ត​វិធានការ​នៅ​ទីតាំង​អាជីវកម្ម​មួយចំនួន​ដូចជា​ក្លឹប​ហាត់ប្រាណ រោងភាពយន្ត KTV ក្លឹប​កម្សាន្ត (​រង្គសាល ខារ៉ាអូខេ ឌី​ស្កូ​តែ​ក ប៊ៀ​ហ្គា​ឌិន​)
​អាជីវកម្ម​ម៉ាស្សា​សុខភាព​និង​ស្ប៉ា។

៥ ចុះ​ស្រង់​ស្ថិតិ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ទើប​អញ្ជើញ​មកពី​ក្រៅប្រទេស​និង​ណែនាំ​ឲ្យ​ពួកគាត់​ធ្វើ​ចត្តា​ឡី​ស័ក​និង​តាមដាន​សុខភាព​ផ្ទាល់ខ្លួន​ជាប្រចាំ​ក្នុង​រយៈពេល​១៤​ថ្ងៃ ហើយ​ក្នុងករណី​សង្ស័យ​ឬ​មាន​អាការៈ​មិន​ស្រួលខ្លួន​ដូចជា ក្តៅ​ខ្លួន​ក្អក ឈឺបំពង់ក​ឬ​ពិបាក​ដកដង្ហើម​ត្រូវ​ទៅ​ពិនិត្យ​ព្យាបាល​ជំងឺ​នៅ​មណ្ឌល​សុខភាព​ឬ​មន្ទីរ​បង្អែក​ដែល​នៅ​ជិត​ជាបន្ទាន់ ឬ​ត្រូវ​ទំនាក់ទំនង តាម​ប្រពន្ធ​ទូរស័ព្ទ​ទៅ​លេខ​១១៥។

៦ ចុះ​ពិនិត្យ​ស្ថានភាព​នៅ​ទីកន្លែង​ស្នាក់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើ​ចត្តា​ឡី​ស័ក​តាម​ផ្ទះ​ដែល​បញ្ជូន​មកពី​មណ្ឌល​សុខភាព​ឬ​មន្ទីរ​បង្អែក​និង​ពិនិត្យ​ស្ថានភាព​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ស្ម័គ្រចិត្ត​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មណ្ឌល​ច​ត្តា​ទ្បី​ស័ក​ទាំងអស់ ​ដែល​រៀបចំ​ដោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ត្រូវ​រៀបចំ​ចាត់តាំង​ការបន្ត ដោយ​ផ្អែកលើ​លទ្ធផល​នៃ​ការ​តាមដាន​សុខភាព។

៧ ត្រូវ​អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់​នូវ​វិធានការ​នៃ​ការ​បង្ការ​និង​ទប់ស្កាត់​និង​ការ​រីក​រាលដាល​មេរោគ​កូ​វីត​-១៩ ផ្សេងទៀត របស់​ក្រសួងសុខាភិបាល​និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​ដែល​កំពុង​នៅ​ជា​ព័ត៌មាន​។

ទទួលបាន​សេចក្តី​ណែនាំ​នេះ រដ្ឋបាល​ខណ្ឌ​ទាំង​១៤ និង​មន្ទីរ​អង្គភាព​ចំណុះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ទាំងអស់​ត្រូវធ្វើ​ការផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​និង​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​៕
ស្រីរ័ត្ន

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114