ព័ត៍មានទាន់​ហេតុការណ៏
Search

សាកសព​ជនជាតិ​វៀតណាម​ទាំង​៣៩​នាក់ ​ដែល​ស្លាប់​ក្នុង​រថយន្ត​នៅ​អង់គ្លេស​ នឹងត្រូវ​បញ្ជូន​ទៅ​ស្រុកកំណើត​វិញ

ប្រទេស​វៀតណាម​ បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ខ្លួន​កំពុងធ្វើការ​ ដើម្បី​ធ្វើ​មាតុភូមិនិវត្តន៍​សាកសព​ចំនួន​៣៩​នាក់​ដែល​ឥឡូវនេះ​ត្រូវបាន​គេ​កំណត់​អត្តសញ្ញាណ​បាន​ថា​ជា​ជនជាតិ​វៀតណាម​ដែល​ត្រូវបាន​រកឃើញ​នៅក្នុង​រថយន្ត​ដឹកទំនិញ​មួយគ្រឿង​ជិត​ទីក្រុង​ឡុង​ដ៍​កាលពី​ខែ​មុន​ក្នុងករណី​មួយ​ដែល​បង្ហាញ​ពី​ហានិភ័យ​ដ៏​គ្រោះថ្នាក់​នៃ​ការធ្វើ​ចំណាកស្រុក​ខុសច្បាប់​ទៅកាន់​ទ្វីបអឺរ៉ុប​។​

ស្ថានទូត​របស់​ប្រទេស​នេះ​នៅក្នុង​ទីក្រុង​ឡុង​ដ៍​បាន​និយាយថា គណៈប្រតិភូ​រដ្ឋាភិបាល​ដែល​ស្ថិតនៅ​ក្នុងប្រទេស​អង់គ្លេស​រួចទៅហើយ​នោះ​កំពុងតែ​សម្របសម្រួល​ជាមួយ​មន្ត្រី​ដើម្បី​នាំយក​សាកសព​ត្រឡប់មក​ប្រទេស​កំណើត​វិញ​ក្នុង​ពេលវេលា​ឲ្យ​បាន​ឆាប់​បំផុត​។​

រឿងនេះ​បានកើត​ឡើង​នៅពេល​ប៉ូលិស​អង់គ្លេស​បញ្ជាក់ថា អ្នក​ដែល​ត្រូវបាន​រកឃើញ​នៅក្នុង​រថយន្ដ​ក្លាស្សេ​កាលពី​ថ្ងៃទី​២៣​ខែតុលា​គឺ​សុទ្ធតែ​មកពី​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ​។​

នៅក្នុង​លិខិត​មួយ​ទៅកាន់​ក្រុមគ្រួសារ​នៃ​បុរស​ចំនួន​៣១​នាក់​និង​ស្ត្រី​៨​នាក់​ដែល​បាន​ស្លាប់ នាយករដ្ឋមន្ត្រី​វៀតណាម​លោក Nguyen Xuan Phuc បាន​និយាយថា សោកនាដកម្ម​នេះ​បានធ្វើ​ឲ្យ​ពួកគេ​និង​ប្រជាជន​វៀតណាម​នៅ​ទូទាំង​ពិភពលោក​ឈឺចាប់​គ្មាន​ពេល​បញ្ចប់​ហើយ​បាន​ប្តេជ្ញា​ថា​នឹង​នាំ​ជនរងគ្រោះ​ត្រឡប់មក​ស្រុកកំណើត​វិញ​ក្នុងពេល​ឆាប់ៗ​នេះ​។​

ប៉ូលិស​អង់គ្លេស​បាន​និយាយថា នៅពេលនេះ​អ្នកពិនិត្យ​សាកសព​បានកំណត់​អត្តសញ្ញាណ​ជា​ផ្លូវការ​នៃ​ជនរងគ្រោះ​ទាំង​អស់ហើយ​ក្រុមគ្រួសារ​របស់​ពួកគេ​នៅក្នុង​ប្រទេស​វៀតណាម​ត្រូវបាន​ជូនដំណឹង​។​
​ជំនួយការ​មេ​ប៉ូលិស​លោក Tim Smith បាន​និយាយថា “​នេះ​គឺជា​ជំហាន​ដ៏​សំខាន់​មួយ​នៅក្នុង​ការស៊ើបអង្កេត​ហើយ​អនុញ្ញាត​ឲ្យ​យើង​ធ្វើការ​ជាមួយ​សហសេវិក​ប៉ូលិស​វៀតណាម​របស់​យើង​ដើម្បី​គាំទ្រ​ដល់​ក្រុមគ្រួសារ​នៃ​ជនរងគ្រោះ​ទាំងនោះ​”​។​

គួរបញ្ជាក់​ជាថ្មី​ថា សាកសព​ត្រូវបាន​គេ​រកឃើញ​នៅក្នុង​កុងតឺន័រ​ក្លាស្សេ​កាលពី​ថ្ងៃទី​២៣​ខែតុលា​នៅក្នុង​ឧទ្យាន​ឧស្សាហកម្ម​មួយ​នៅ​ទីក្រុង Essex ភាគ​ខាងកើត​ទីក្រុង​ឡុង​ដ៍​។ ប៉ូលិស​បាន​និយាយថា រថយន្ត​នេះ​គឺ​មកពី​កំពង់ផែ​ប៊ែ​ល​ហ្សិ​ក​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114