សាធារណរដ្ឋកុងហ្គោរាយការណ៍ពីការផ្ទុះជំងឺអេបូឡាថ្មី
BREAKING NEWS
Search

សាធារណរដ្ឋកុងហ្គោរាយការណ៍ពីការផ្ទុះជំងឺអេបូឡាថ្មី

សាធារណរដ្ឋកុងហ្គោបានរាយការណ៍ពីការផ្ទុះឡើងនៃជំងឺអេបូឡាថ្មីនៅភាគពាយព្យរបស់ខ្លួនកាលពីថ្ងៃចន្ទ ហើយវាជាបញ្ហាសុខភាពបន្ទាន់បំផុតមួយសម្រាប់ប្រទេសដែលកំពុងប្រយុទ្ធនឹងការរីករាលដាលនៃជំងឺគ្រុនក្តៅដ៏សាហាវនៅភាគខាងកើត ខណៈដែលចំនួននៃការឆ្លងវីរុសកូរ៉ូណាកំពុងកើនឡើង ។
ការផ្ទុះឡើងនៃជំងឺអេបូឡាលើកទី ១១ នៅក្នុងប្រទេសអាហ្វ្រិកកណ្តាលមួយនេះបានកើតឡើងប៉ុន្មានសប្តាហ៍ប៉ុណ្ណោះមុនពេលដែលខ្លួនសង្ឃឹមថានឹងប្រកាសបញ្ចប់ការផ្ទុះឡើងលើកទី ១០ នៅភាគខាងកើត ។

រដ្ឋមន្រ្តីសុខាភិបាលលោក Eteni Longondo បាននិយាយថា “មនុស្ស ៤ នាក់បានស្លាប់រួចទៅហើយពីជំងឺអេបូឡានៅក្នុងស្រុកមួយនៅភាគពាយព្យនៃទីក្រុង Mbandaka” ។

លោក Longondo បានប្រាប់សន្និសីទកាសែតមួយកាលពីថ្ងៃចន្ទថា “វិទ្យាស្ថានជាតិស្រាវជ្រាវជីវឱសថ (INRB) បានបញ្ជាក់ប្រាប់ខ្ញុំថា សំណាកមកពីទីក្រុង Mbandaka បានធ្វើតេស្តវិជ្ជមានចំពោះជំងឺអេបូឡា” ។

លោកបាននិយាយថា “យើងនឹងបញ្ជូនវ៉ាក់សាំង និងថ្នាំឲ្យពួកគេយ៉ាងឆាប់រហ័ស ហើយលោកគ្រោងនឹងចុះទៅពិនិត្យកន្លែងផ្ទុះនៅចុងសប្តាហ៍នេះ” ។
ទីក្រុង Mbandaka នៃខេត្ត Equateur គឺជាតំបន់ដឹកជញ្ជូនមួយនៅតាមដងទន្លេកុងហ្គោដែលមានប្រជាជនជាងមួយលាននាក់ ។
ខេត្ត Equateur ដែលធ្លាប់ទទួលរងការវាយប្រហារដោយការផ្ទុះឡើងនៃជំងឺអេបូឡាចន្លោះខែឧសភា និងខែកក្កដា ឆ្នាំ ២០១៨ ក្នុងនោះមានមនុស្ស ៣៣ នាក់បានស្លាប់ និង ២១ នាក់បានជាសះស្បើយពីជំងឺនេះ ។

លោក Longondo បាននិយាយថា “នេះគឺជាខេត្តមួយដែលបានឆ្លងកាត់ជំងឺនេះរួចហើយ ។ ពួកគេដឹងពីរបៀបឆ្លើយតប ។ ពួកគេបានចាប់ផ្តើមឆ្លើយតបនៅថ្នាក់មូលដ្ឋានកាលពីថ្ងៃអាទិត្យ” ។

ទន្ទឹមនោះអង្គការសុខភាពពិភពលោកបាននិយាយថា ខ្លួននឹងបញ្ជូនក្រុមមួយដើម្បីជួយគាំទ្រដល់ការឆ្លើយតបរបស់សាធារណរដ្ឋកុងហ្គោ ។
ការរីករាលដាលនៃជំងឺអេបូឡានៅភាគខាងកើតប្រទេសបានសម្លាប់មនុស្សចំនួន ២,២៨០ នាក់ចាប់តាំងពីខែសីហា ឆ្នាំ ២០១៨ ហើយក្រុមមន្រ្តីបានសង្ឃឹមថានឹងអាចប្រកាសបញ្ចប់វាបាននៅថ្ងៃទី ២៥ ខែមិថុនា ។

សូមបញ្ជាក់ផងដែរថា ការរាតត្បាតនៅភាគខាងកើតគឺកើតឡើងមុនបីថ្ងៃពីការប្រកាសបញ្ចប់ការផ្ទុះឡើងកាលពីថ្ងៃទី ១០ ខែមេសា នៅពេលមានករណីថ្មីត្រូវបានគេរាយការណ៍ ៕

អត្ថបទ៖ ជីវ័ន្ត

ប្រភព៖ AFP