BREAKING NEWS
Search

សាយ រតនៈ អំពាវនាវ​ឲ្យ​មហាជន​ត្រូវ​ស្រលាញ់​សុខភាព ​និង​កាត់បន្ថយ​ការ​ជួបជុំ​ផឹកស៊ី​

ភ្នំពេញ​៖​ លោក សាយ រតនៈ ពិធី​ករ​មាន​ប្រជាប្រិយ​របស់​ស្ថានីយ​ទូរទស្សន៍​CTN​ បាន​ធ្វើការ​អំពាវនាវ​ឲ្យ​មហាជន ​និង​អ្នកគាំទ្រ​ទាំងអស់ ​ត្រូវតែ​ស្រលាញ់​ ហើយ​គិតគូរ​ឲ្យ​បាន​ដិតដល់​ចំពោះ​បញ្ហា​សុខភាព​ផ្ទាល់ខ្លួន​ ពោលគឺ​បើ​មិនចាំបាច់​ត្រូវ​ចៀសវាង​ឲ្យ​ឆ្ងាយ​នូវ​ការជួបជុំ​មួយចំនួន​ដែល​មិន​មាន​ប្រយោជន៍​ចំពោះ​សុខភាព​ខ្លួនឯង​។​

ការប្រកាស​អំពាវនាវ​របស់ លោក សាយ រតនៈ នេះ​ បាន​ធ្វើឡើង​ បន្ទាប់ពី​លោក​បាន​ធ្លាក់ខ្លួន​ឈឺ​ត្រូវ​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្ក​ការភ្ញាក់ផ្អើល​ពី​សំណាក់​មហាជន​គ្រប់គ្នា​។​ ខណៈ​មាន​ខ្លះ​ទៀត ​បាន​ផ្ញើ​សារ​សួរនាំ​អំពី​បញ្ហា​ជំងឺ​របស់លោក​ផង​នោះ​។

​ភ្លាមៗ​នេះដែរ​ លោក សាយ រតនៈ ​បញ្ជាក់​ថា​ ខ្ញុំបាទ សាយ រតនៈ សូម​សម្ដែង​នូវ​ការ​គោរព​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោកតា លោកយាយ អ៊ុំ ពូ មីង បងប្អូន មិត្តភ័ក្ដិ បងប្អូន​សិល្បករ សិល្ប​ការិនី និង​ប្រិយមិត្ត​គាំទ្រ​ទាំងអស់​ដែល​បាន​ផ្ញើ​សារ ​ឬ​ខ​ល​ទូរសព្ទ​មក​សួរសុខទុក្ខ​ និង​ជូនពរ​។​

លោក សាយ រតនៈ បាន​បន្តទៀតថា ​ក្រោយពេល​ឃើញ​រូបថត ​និង​វីដេអូ​របស់ខ្ញុំ​គេង​សន្លប់​នៅ​លើ​គ្រែ​ពេទ្យ​របស់​គ្លីនិក​ពេទ្យ​ឯកជន​មួយ ​បងប្អូន​គ្រប់គ្នា​ចង់ដឹង​អំពី​អាការៈ​ជំងឺ​របស់ខ្ញុំ​តើ​ខ្ញុំ​ឈឺ​អ្វី​? ការ​ពិត​ទៅ ខ្ញុំ​មាន​អាកា​រៈ​ នៃ​ជំងឺ​នេះ​គឺ​ឈឺ​យូរ​ឆ្នាំ​ហើយ គ្រាន់តែ​តិចៗ ​ហើយ​ខ្ញុំ​មិនសូវ​បាន​យកចិត្ត​ទុក​ដាក់​ព្យាបាល​វា ចេះតែ​បណ្ដែតបណ្ដោយ​រហូត​មក ហើយនេះ​ក៏​ជា​លើក​ទី​២​ហើយ​ដែរ ក្រោយពេល​៣​ឆ្នាំមុន​ខ្ញុំ​បាន​ទៅ​ទទួល​ការ​ឆ្លុះ ​និង​ព្យាបាល​ពី​មន្ទីរពេទ្យ​មួយ ​នៃ​ប្រទេស​ថៃ​។

លោក​និយាយទៀតថា ​លទ្ធផល​ក្រោយពី​ការឆ្លុះ​ពិនិត្យមើល​ពេលនេះ គឺ​ខ្ញុំ​មិនមាន​ជំងឺ​អ្វី​ដែល​ធ្ងន់ធ្ងរ​ពេក​ទេ គឺ​មានតែ​បញ្ហា​រលាក​ក្រពះ​បន្តិច​តែប៉ុណ្ណោះ ហើយ​ពេលនេះ​គ្រូពេទ្យ​បានចេញ​វេជ្ជបញ្ជា​ឲ្យ​ផឹក​ថ្នាំ​មួយរយៈ​ និង​តម​អាហារ​មួយចំនួន​ផងដែរ​។ ខ្ញុំ​ដឹង​ខ្លួនឯង​ពី​មូលហេតុ​ខ្លះៗ​ដែលនាំ​ឲ្យ​រលាក​ក្រពះ​បែបនេះ ​គឺ ញ៉ាំ​អាហារ​មិន​ទៀងពេល (​អាហារ​ខ្លះ​មាន​គីមី​ច្រើន​) កម្មវិធី​ជួបជុំ​ច្រើន (​ការ បុណ្យ ឡើងផ្ទះ ខួបកំណើត​មិត្តភ័ក្ដិ​) ​គេង​មិន​ទៀង​ម៉ោង (​ពេលខ្លះ​គេង​មិន​លក់​)​។​

បន្ថែម​ពី​នេះ​ លោក សាយ រតនៈ បានលើកឡើង​ និង​ផ្ដែផ្ដាំ​ថា ​ខ្ញុំ​សុំ​ផ្តាំ​បងប្អូន​មួយ​ចំនួន​ថា ចូរ​គិត​និង​ស្រលាញ់​សុខភាព​ខ្លួនឯង​ជាង​អ្វីៗ​ទាំងអស់ ​កាត់បន្ថយ​កម្មវិធី​ជួបជុំ​ផឹកស៊ី ព្រោះ​ពេល​យើង​ឈឺ​គឺ​គ្មាន​អស់លោក​ទាំងនោះ​មក​ឈឺ​ជាមួយ​យើង​ទេ ហើយក៏​គ្មាន​លោកអ្នក​ទាំង​នោះ​មក​ដាំ​បប​រ​ឲ្យ​ញ៉ាំ​ដែរ (​មិត្ត​ខ្លះ​ជា​មិត្ត​ពិត​! មិត្ត​ខ្លះ​ជា​មិត្ត​ក្លែងក្លាយ​)។ រក្សា​មិត្តភាព​មិត្ត​ពិតប្រាកដ លះបង់​មិត្ត​ក្លែងក្លាយ​។​ សូម​អរគុណ​បងប្អូន​ម្តង​ទៀត សូម​បងប្អូន​មាន​សុខ​ភាព​ល្អ​គ្រប់គ្នា​។​

ជាមួយនឹងពាក្យផ្តាំផ្ញើទាំងនេះ ​ក៏មាន​អ្នក​គាំទ្រ​មួយ​ចំនួន​បាន​ជូនពរ​ឲ្យ​លោក​ឆាប់​ជាសះស្បើយ​ពី​ជំងឺ​ផង​ដែរ​៕

សូមចុចអាន ៖ មនុស្ស​ស្រី ៦ ប្រភេទ​ដែលសក្ដិសម​ជាមួយការ​នៅម្នាក់​ឯង​ជាង​មាន​សង្សារ


អត្ថបទ ៖ ចាន់​រ៉ា​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114