សាយ សំ​អាល់​ ៖ ការទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ គឺជា​ទង្វើ​ខុសច្បាប់ និង​ជាការ​លួច​ទ្រព្យសម្បត្តិ​របស់​យើងទាំងអស់គ្នា
BREAKING NEWS
Search

សាយ សំ​អាល់​ ៖ ការទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ គឺជា​ទង្វើ​ខុសច្បាប់ និង​ជាការ​លួច​ទ្រព្យសម្បត្តិ​របស់​យើងទាំងអស់គ្នា

ភ្នំពេញ​ ៖ ការ​លើកឡើង​របស់​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​ធ្វើ​ឡើង​នៅ ក្នុង​កិច្ចប្រជុំ​កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២០ នៅ​សាលាខេត្ត​រតនគិរី ស្តីពី​ការគ្រប់គ្រង​ដី​សាធារណៈ​របស់​រដ្ឋ នៅក្នុង​តំបន់ការពារធម្មជាតិ​ក្នុងភូមិ​សាស្ត្រ​ខេត្តរតនគិរី​។

កិច្ចប្រជុំ​នេះ មានការ​អញ្ជើញ​ចូលរួម​ពី​សមាជិក​នៃ​គណៈកម្មាធិការ​ទី​៣ នៃ​ព្រឹទ្ធសភា និង​រដ្ឋសភា សមាជិក​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត​រតនគិរី និង​អាជ្ញាធរ​ពាក់ព័ន្ធ​រួមមាន​អភិបាលក្រុង​ស្រុក​និង​មេឃុំ ចៅសង្កាត់​ក្រោម​ចំណុះ​រដ្ឋបាល​ខេត្តរតនគិរី​ជាច្រើនរូប​។

ថ្លែង​នៅក្នុង​កិច្ចប្រជុំ​នេះ លោក​សាយ សំ​អាល់ បាន​ព្រមាន​ថា “​អាជ្ញាធរ​មូលដ្ឋាន ដែល​មាន​តួនាទី​ចូលរួម​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ មិន​ត្រូវ​បើកដៃ​ឲ្យ​មាន​ការកាប់​រាន ដុត​ឆ្ការ ទន្ទ្រាន​កាន់កាប់​ដៃ​រដ្ឋ​ដោយ​ខុសច្បាប់ ហើយ​ស្នើសុំ​កាត់​ឆ្វៀល​ដី​រំលោភ​ទន្ទ្រាន​ទាំងនោះ​ឲ្យ​ក្រុម​ជនខិលខូច​ឡើយ នេះ​ជា​ទង្វើ​ខុសច្បាប់ ហើយ​ចាំបាច់​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ ច្បាប់​ដោយ​គ្មាន​ការលើកលែង​ឡើយ​”​។

លោក​រដ្ឋមន្ត្រី​បញ្ជាក់​ថា នៅ​ខេត្តរតនគិរី មានការ​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​ដោយ​ខុសច្បាប់​កើតមានឡើង​នៅក្នុង​តំបន់ការពារធម្មជាតិ ហើយ​មាន​ការ​ជាប់​ព័ន្ធ​នឹង​អាជ្ញាធរ​មូលដ្ឋាន​ខ្លះ​ដូចជា​មេភូមិ​មេឃុំ​ជាដើម​ដែល​នៅ​បន្ត​បំពាន​ច្បាប់​ចុះហត្ថលេខា​លើ​លិខិត​ទិញ​និង​លក់​ដី និង​ការ​ចុះហត្ថលេខា​បញ្ជាក់​ពី​ការ​កាន់កាប់​ដី ដោយ​ខុសច្បាប់ ទោះបីជា​មានការ​ផ្សព្វផ្សាយ អប់រំ​ណែនាំ​ជាច្រើនលើក​ច្រើនសា​រួចមក​ហើយពី​សំណាក់ មន្ត្រី​ជំនាញ​យ៉ាងណាក៏ដោយ​។ ការណ៍​នេះ ចាំបាច់​ត្រូវតែ​អនុវត្ត​វិធានការ​ច្បាប់​តឹងរ៉ឹង​ប្រឆាំង​នឹង​ការរំលោភ បំពាន​នេះ​។

លោក សាយ សំ​អាល់ លើកឡើង​ទៀត​ថា ជន​ដែល​រំលោភបំពាន​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​តែងតែ​ត្រូវ​បាន​ប្រឈមមុខ​ច្បាប់ ហើយ​បាន​សង្កត់ធ្ងន់​ថា “​រាជរដ្ឋាភិបាល​កម្ពុជា​ក៏ដូចជា​ក្រសួងបរិស្ថាន​ពិតជា​សប្បាយរីករាយ​ក្រៃលែង​នៅពេល​ឃើញ​ប្រជាពលរដ្ឋ​មាន​ជីវភាព​ធូរធារ ប៉ុន្តែ​ត្រូវធ្វើ​យ៉ាងណា​ស្របតាម​ច្បាប់​។

សូម​បញ្ជាក់​ថា ខេត្តរតនគិរី​មាន​តំបន់ការពារធម្មជាតិ​ចំនួន ៦ ដែលមាន​ផ្ទៃដី ៨៩៣ ៥៩៤ ហិកតា​ក្នុង​នោះ​មាន​ដូច​ជា​ឧទ្យាន​ជាតិ​វីរៈ​ជ័យ ឧទ្យាន​ជាតិ​អូយ៉ាដាវ ដែនជម្រកសត្វព្រៃ​លំផាត់ ដែនជម្រកសត្វព្រៃ​សៀម​ប៉ាង​វើ​ន​សៃ​។

ជា​មួយ​គ្នា​នេះ មានការ​រៀបចំ​សហគមន៍​តំបន់ការពារធម្មជាតិ​ចំនួន ១០ ដែលមាន​ផ្ទៃដី ២៦ ៣៣៨ ហិកតា ហើយ​បច្ចុប្បន្ន​នេះ​ក្រសួងបរិស្ថាន​ និង ​អាជ្ញាធរ​ខេត្ត​បាននឹងកំពុង​ពង្រឹង​បន្ថែម​តួនាទី​របស់​សហគមន៍​ក្នុងការ​ចូលរួម​ការ​ពារ​និង​អភិរក្ស​ប្រកបដោយ​ប្រសិទ្ធភាព ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ជាមួយ មន្ត្រី​ជំនាញ​របស់​ក្រសួងបរិស្ថាន​។ បច្ចុប្បន្ន​នេះ ខេត្តរតនគិរី​មាន​ប្រជាពលរដ្ឋ​រស់នៅ​ចំនួន ២៦០៥៥៧​នាក់ និង​មាន​ជនជាតិភាគតិច​ចំនួន ៦០%​នៃ​ចំនួន​ពលរដ្ឋ​សរុប ហើយ​មាន​ជនជាតិភាគតិច​ចំនួន ៨​។

លោក សាយ សំ​អាល់ ថ្លែងថា “​រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ហើយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​តែងតែ​ផ្តល់​មតិ​ណែនាំ​ដល់​យើងខ្ញុំ​ថា​ត្រូវ​ប្រឹងប្រែង​ឲ្យ​អស់​លទ្ធភាព​ដើម្បី​ជួយ​លើកតម្កើង​ជីវភាព​របស់​ប្រជាពលរដ្ឋ​។ ដូច្នេះ យើង​ត្រូវ​ធ្វើការ​រួមគ្នា​ដើម្បី​និរន្តរភាព​បរិស្ថាន​និង​ធនធានធម្មជាតិ​”​។ លោក​បាន​ប្រកាស​ថា ប្រសិនបើ​បងប្អូន​ប្រជាពលរដ្ឋ​ខ្វះ​ដី​ពិតប្រាកដ​សូម​ដាក់ពាក្យ​ស្នើសុំ​ដី​សម្បទាន​សង្គមកិច្ច​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ ហើយ​ប្រសិនបើ​មាន​កំណើនប្រជាជន​ក្នុង​ឃុំ​ស្រុក ឬ​មានបំណង​ចង់​បង្កើត​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី​ដើម្បី​ឆ្លើយតប​នឹង​កំណើន​ប្រជាពលរដ្ឋ អាជ្ញាធរ​អាច​លើក​ជា​គម្រោង ដើម្បី​ជជែក​ពិភាក្សា​ជាមួយ​មន្ត្រី​ជំនាញ​។

លោក​​បាន​ថ្លែង​ថា​ ត្រូវ​ញែក​ឱ្យដាច់​រវាង​ការ​ឆ្វៀល​ដី​ភូមិដ្ឋាន​ចាស់​ដែល​ពលរដ្ឋ​រស់នៅ​ស្របតាម​គោលការណ៍​ស្បែក​ខ្លា និង​ស្នើសុំ​កាត់​ឆ្វៀល​ដី​ដែល​បាន​មក​ពី​ការទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​ដោយ​ខុសច្បាប់​។

លោក​រដ្ឋមន្ត្រី​បាន​ព្រមាន​ទុកជាមុន​ថា ករណី​ស្នើសុំ​កាត់​ឆ្វៀល​ដី ដែល​បាន​មក​ពី​ការទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​ដោយ​ខុសច្បាប់ ជា​ទង្វើ​ខុសច្បាប់ ហើយ​ត្រូវ​ប្រឈមមុខ​ច្បាប់​។ ជា​មួយ​គ្នា​នេះ លោក សាយ សំ​អាល់ ក៏​បាន​ផ្តល់​ជា​គំនិត​ដល់​អាជ្ញាធរ​ក្នុង​ការ​គិត​គូរ​ជាមួយ​ប្រជា​សហគមន៍ បង្កើត​ជម្រើស​មុខរបរ​ថ្មី​ដូច​ជា​ការ​ចិញ្ចឹមសត្វ​និង​ដំណាំ​កសិកម្ម​ផ្សេងៗ​ក្រៅពី​មុខរបរ​ប្រពៃណី​ដកហូត​អនុផល​ព្រៃឈើ ការទន្ទ្រាន​ដី​ធ្វើ​ចម្ការ​ពនេចរ ហើយ​ក្រសួងបរិស្ថាន​ត្រៀមខ្លួន​ជួយ​ទាំង​បច្ចេកទេស និង​ថវិកា​។

សូម​បញ្ជាក់​ថា នៅក្នុង​កិច្ចប្រជុំ​ស្តីពី​ការគ្រប់គ្រង​ដី​សាធារណៈ​របស់​រដ្ឋ​នៅក្នុង​តំបន់ការពារធម្មជាតិ​ក្នុងភូមិ​សាស្ត្រ​ខេត្តរតនគិរី​នោះ លោក សាយ សំ​អាល់ ក៏បាន​បើក​វេទិកា​សំណួរចម្លើយ ដោយ​ក្នុងនោះ​អភិបាល​នៃ​គណៈ​អភិបាលស្រុក​ក្រុង​នានា​ខេត្តរតនគិរី បាន​លើក​ឡើង​ពី​បញ្ហា​ប្រឈម​ទាក់ទង​នឹង​ការគ្រប់គ្រង​សំណល់​សំរាម ការគ្រប់គ្រង​តំបន់ការពារធម្មជាតិ និង​បញ្ហា​មួយ​ចំនួន​ទៀត៕
កោះ​កែវ

    



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114