BREAKING NEWS
Search

សាលាក្រុង​ ចេញ​លិខិត​ផ្អាក​សកម្មភាព​កាយ​ដី​ភ្នំ តែ​ខាង​ក្រុមហ៊ុន​នៅតែ​បន្ត

បន្ទាយមានជ័យ​ ៖ ​ភ្នំ​កង​វ៉ា​ ដែល​ជា​ភ្នំ​បុរាណ​យូរ​លង់​ណាស់​មក​​ហើយ​ ឥឡូវនេះ​ចង់​រាប​ដល់​ដី​ទៅ​​ហើយ​ ​បើ​ទោះ​ជា​អាជ្ញាធរ​ខិតខំ​ទប់ស្កាត់​យ៉ាងណាក៏ដោយ​​ ​ព្រោះ​​ក្រុម​ឈ្មួញ​មានអំណាច​មិន​ញញើត​នោះ​ឡើយ។

សូម​បញ្ជាក់​ថា មាន​ភ្នំ​ប្រវត្តិសាស្ត្រ​បុរាណ​ជា​ច្រើន​កន្លែង​នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​ត្រូវ បាន​គេ​​មើល​ឃើញ​ថា​​​ ស្ទើរ​រាប​ដល់​ដី​ទៅ​​ហើយ​ ដោយសារ​ស្នាដៃ​ក្រុម​ឈ្មួញ​មានអំណាច​ ជា​អ្នក​បង្ក ក្នុង​នោះ​ក៏​មាន​អស់លោក​ខាង​អាជ្ញាធរ​មួយ​ចំនួន​ចូលរួម​បំផ្លាញ​ផង​ដែរ។

ថ្មីៗ​នេះ គេ​បាន​សង្កេត​ឃើញ​​មាន​ក្រុមហ៊ុន​ភ្លន់​លាង​ហេង បាន​លួច​កាយ​អាចម៍ដី​ភ្នំ​កង​វ៉ា​យកទៅលក់​យ៉ាង​សង្ហា​បំផុត​ ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​​ពី​អាជ្ញាធរ​នោះ​ទេ ហើយ​ថែមទាំង​​ធ្វើឲ្យ​ប៉ះពាល់​ដល់​ផលដំណាំ​របស់​កសិករ​ជា​ច្រើន​កន្លែង​ទៀតផង​។

កាលពី​ថ្ងៃ​ទី​០៧ ​ខែ​មីនា ​ឆ្នាំ​​២០១៦​​​ ខាង​សាលាក្រុង​សិរីសោភ័ណ បាន​ចេញ​លិខិត​ជូនដំណឹង​ទៅ​ម្ចាស់​ក្រុមហ៊ុន​ភ្ល​ន់​លាង​ហេង​រួច​ហើយ​ ​ដើម្បី​ឲ្យ​​​ខាង​ក្រុមហ៊ុន​ផ្អាក​សកម្មភាព​កាយ​យក​ដី​ភ្នំ​កង​វ៉ា​ត​ទៅទៀត ​ហើយ​​ចូលខ្លួន​មក​ធ្វើ​ច្បាប់​ពី​អាជ្ញាធរ​តាម​លំដាប់ថ្នាក់​ឲ្យ​បាន​ត្រឹមត្រូវ​ ពុំ​នោះ​ទេ​ ខាង​អាជ្ញាធរ​មិន​អនុញ្ញាត​ឲ្យ​បន្ត​កាយ​យក​ដី​ភ្នំ​តទៅទៀត​​ឡើយ។

លោក​អភិបាលក្រុង​សិរីសោភ័ណ​ បាន​ប្រាប់​កម្ពុជា​ថ្មី​តាម​ទូរស័ព្ទ កាលពី​ព្រឹក​ថ្ងៃ​ទី​៣១ ​ខែ​ធ្នូ ​ឆ្នាំ​២០១៦​នេះ​ថា ខាង​លោក​នឹង​ត្រៀម​ចេញ​លិខិត​ជា​​លើក​ទី​ពីរ​ម្ដង​ទៀត​ ទៅ​ម្ចាស់​ក្រុមហ៊ុន ​ ហើយ​បើ​​​គេ​នៅតែ​មិន​មក​ទៀត​នោះ ​គឺ​បន្ត​ចេញ​ជា​​លើក​ទី​បី​ម្តងទៀត។

លោក​អភិបាលក្រុង​បាន​បន្ត​ទៀត​ថា ​បើក​លើក​​ទី​បី​មិន​មក​ទៀត​នោះ គី​ខាង​លោក​មាន​​សិទ្ធិ​ទៅ​ចាប់​ដក​យក​គ្រឿងចក្រ​ទាំងអស់ ​រួច​បង្ក​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​តែ​ម្ដង។ ដោយឡែក​​ក្រុមហ៊ុន​ភ្ល​ន់​លាង​ហេង ​អ្នក​យក​ព័ត៌មាន​មាន​យើង​ ខិតខំ​ទាក់ទង​តាម​ទូរស័ព្ទ​ទៅ​ជា​ច្រើន​ដង ​តែ​មិន​អាច​ទាក់ទង​បាន​នោះ​ទេ។ ទោះ​យ៉ាង​ណា ​កម្ពុជា​ថ្មី​ស្វាគមន៍​ជា​និច្ច​រាល់​ការ​បំភ្លឺ​ពី​សំណាក់​ក្រុមហ៊ុន​ខាង​លើ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114