សាលាឋមសិក្សាមួយ ក្នុង​ខេត្តកំពង់ឆ្នាំង ទទួលបានជ័យលាភី៣ឆ្នាំជាប់គ្នា ជាសាលាល្អ នាយកល្អ គ្រូល្អ បរិដ្ឋានល្អ 

ខេត្តកំពង់ឆ្នាំង៖ សាលាបឋមសិក្សាគីរីសុវណ្ណវង្ស មានទីតាំងស្ថិតនៅក្នុងភូមិសន្ទូច ឃុំស្រែថ្មីស្រុករលាប្អៀរ ជាសាលាមួយដែលទទួលបានជ័យលាភីពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ជាបន្តបន្ទាប់ក្នុងរយៈពេល ៣ ឆ្នាំជាប់ៗគ្នាន  ជាសាលាល្អ នាយកល្អ គ្រូល្អ បរិដ្ឋានល្អ  នឹងចុងក្រោយទទួលបាន មេដាយប្រាក់ជាសាលាមេត្រីបរិដ្ឋានថា្នក់ជាតិ ពីក្រសួងបរិដ្ឋានផងដែរ  ជាសាលាគ្មានសំរាម និងគ្មានថង់ផ្លាស់ស្ទីច ។

លោក គិត ច័ន្ទសីហា  នាយកសាលាបឋមសិក្សាគីរីសុវណ្ណវង្ស  នៅព្រឹក ថ្ងៃទី១៣ ខែមរា ឆ្នាំ២០២០ នេះបានឱ្យ​ដឹងថា​ សាលាបឋមសិក្សារបស់លោកបានទទួលពានរង្វាន់សម្ដេចតេជោហ៊ុនសែន ជាបន្តបន្ទាប់ជាប់គ្នា ក្នុងរយះពេល៣ឆ្នាំចុងក្រោយនេះ និងក៏បានទទួលមេដាយប្រាក់ ពីក្រសួងបរិស្ថានផងដែរ ។ លោកនាយកសាលាបានបញ្ជាក់ថា នៅឆ្នាំ២០១៧ សាលាបានទទួលពានរង្វាន់សម្ដេចតេជោ ចំណាត់ថ្នាក់លេខ២ជាសាលាល្អ ក្នុងចំណោមសាលាបឋមសិក្សាជាង១២០០ សាលាក្នុងទូទាំងប្រទេស ។ នៅឆ្នាំ ២០ ១៨ សាលាក៏ទទួលបានពានរង្វាន់សម្ដេចតេជោដូចគ្នាដែរ គឺចំណាត់ថ្នាក់លេខ១ ថាជាសាលាល្អ នាយកល្អ គ្រូល្អ និងបរិដ្ឋានល្អ និងនៅចុងឆ្នាំ ២០១៩ នេះសាលាបានទទួលមេដៃប្រាក់ ជាសាលាមេត្រី បរិដ្ឋានថ្នាក់ជាតិ២០១៩  មានបរិដ្ឋានល្អផងដែរ គឺជាសាលាគ្មានសំរាម គ្មានថង់ផ្លាស្ទិច ។

លោកនាយកសាលា ក៏បានបញ្ជាក់ផងដែរថា ការទទួលបានជោគជ័យនេះ  គឺដោយសារតែមានកិច្ចសហការល្អពីអាជ្ញាធរមូលដ្ឋាន ពីសមាគមន៍មាតាបិតាសិស្ស និងពីសហគមន៍មូលដ្ឋានផងដែរ ដែលបានជួយជ្រោមជ្រែង កសាងសាលាក្នុងរយៈកាលកន្លងមក  ជាពិសេសគឺទទួលបានការណែនាំនូវចនលាប្រឡងប្រណាំង របស់ក្រសួង និងរបស់មន្ទីរអប់រំយុវជននិងកីឡាខេត្តផងដែរ ។ ដោយឡែកបច្ចុប្បន្ន សាលាមានអាគារសិក្សាចំនួន៦អាគារ ក្នុងនោះ ១អាគារ ជារបស់ជំនួយសប្បុរសជន,  ៣អាគារជាជំនួយរបស់សហគមន៍មូលដ្ឋានមាតាបិតាសិស្ស និង២អាគារទៀតជារបស់ក្រសួងអប់រំយុវជននិងកីឡា ។ អាគារទាំង ៦ ខ្នងចែកចេញជា១៩ បន្ទប់ សង់លើផ្ទៃដីចំនួន ២៧ ៩១ ម៉ែត្រការ៉េ ។

លោកនាយកសាលាគីរីសុវណ្ណវង្ស បានឲ្យដឹងទៀតថា ទោះបី ទទួលបានកិត្តិយស  យ៉ាងនេះក្តីសាលាបឋមសិក្សាគីរីសុវណ្ណវង្ស ក៏នៅខ្វះខាត  អាគារសិក្សាផងដែរសំរាប់សិស្សរៀន ដែលតាមតម្រូវការគឺអាគារ២ជាន់ មាន១២ បន្ទប់ សំរាប់ជាបន្ទប់រៀន បន្ទប់កុំព្យូទ័រ បន្ទប់សិល្បៈ បន្ទប់ប្រជុំ និងបន្ទប់ការិយាល័យផងដែរ ។ ក្រៅពីនោះរបងសាលាបច្ចុប្បន្នគឺកសាងរបងបានតែពីខាងមុខតែប៉ុណ្ណោះ នៅខ្វះខាតរបង៣ជ្រុងទៀត ។ ដូចនេះ សំណូមពរដល់ប្រមុខរាជរដ្ឋាភិបាល ក្រសួងអប់រំយុវជននិងកីឡា និងក្រសួងបរិស្ថាន មេត្តាជួយដោះការខ្វះខាត និងតម្រូវការខាងលើនេះដោយក្តីអនុគ្រោះផងចុះ ។

ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ឆ្នាំង លោក ស៊ឹម ប្រឹម  បានអំពាវនាវដល់លោកនាយកនិងលោកគ្រូ អ្នកគ្រូ នៅតាមសាលាបឋមសិក្សា ក្នុងខេត្តកំពង់ឆ្នាំងទាំងអស់សូមយកចិត្តទុកដាក់ អភិវឌ្ឍន៍សាលារបស់ខ្លួន ឱ្យ​បានជោគជ័យនៅក្នុងលក្ខ័ខណ្ឌ័ ចលនាប្រឡងប្រណាំងសាលាល្អនៅក្នុងទូទាំងប្រទេស ដើម្បីទទួលបានកិត្តិយស និងពានរង្វាន់ ជាសាលាល្អ នៅក្នុងឆ្នាំ២០២០នេះ  ៕

អត្ថបទ៖ ឈៀង ថារិទ្ធ