សាលាឧទ្ធរណ៍​ កាត់ទោស​នគរបាល​​សម្លាប់​សង្សារ​ជា​និស្សិត​វ៉ាន់ដា
BREAKING NEWS
Search

សាលាឧទ្ធរណ៍​ កាត់ទោស​នគរបាល​​សម្លាប់​សង្សារ​ជា​និស្សិត​វ៉ាន់ដា

ភ្នំពេញ​ ៖ ​បុរស​ម្នាក់​ដែល​ប្រឡង​ជាប់​ជា​នគរបាល ត្រូវបាន​នាំខ្លួន​មកកាន់​សាលាឧទ្ធរណ៍ កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែមករា ដើម្បី​ជំនុំជម្រះ​បទល្មើស​សម្លាប់​សង្សារ​ជា​និស្សិត​វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ​ ហើយ​យក​សព​ទម្លាក់​ក្នុង​ទឹកទន្លេ។

សវនាការ​នេះ ធ្វើឡើង​តាម​ពាក្យបណ្ដឹង​ឧទ្ធរណ៍​របស់​ជន​ជាប់ចោទ​ដែល​មិន​សុខចិត្ត​ចំពោះ​សេចក្ដីសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ផ្តន្ទាទោស​រូបគេ​ឲ្យ​ជាប់ពន្ធនាគារ​អស់​មួយជីវិត។

ជនជាប់ចោទ ឈ្មោះ ហុង កាលី​ឌី​ន អាយុ​២៨​ឆ្នាំ មុខរបរ​អចិន្ត្រៃយ៍ ជាង​ជួសជុល​កុំព្យូទ័រ​និង ជា​មន្ត្រីនគរបាល​ទើប​ប្រលង​ជាប់ ត្រូវបាន​តុលាការ​ចោទប្រកាន់ ចំនួន ៣​បទល្មើស គឺ បទ​ឃាតកម្ម​គិតទុក​ជាមុន បទ​ប្រើប្រាស់​គ្រឿងញៀន និង បទ​កាន់កាប់ អាវុធ​ខុសច្បាប់។

នាពេល​សវនាការ​សាលាឧទ្ធរណ៍ ជនជាប់ចោទ​នៅតែ​បដិសេធថា ពុំបាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​នោះទេ ដោយ​ស្នើ​ឲ្យ​សាលាឧទ្ធរណ៍​ជួយ​រក​យុត្តិធម៌។

ទោះបីយ៉ាងណា ក្រោយ​ការសួរដេញដោល លោក ប្លង់ សំណាង ជា​អនុប្រធាន​សាលាឧទ្ធរណ៍ បាន​លើក​ពេល​ប្រកាស​សាលដីកា​ទៅ​ព្រឹក​ថ្ងៃទី​១៤ ខែកុម្ភៈ ខាងមុខនេះ​វិញ។

គួរ​រំលឹក​ថា ឈ្មោះ ហុង កាលី​ឌី​ន ត្រូវបាន​សមត្ថកិច្ច នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ធ្វើការ​ឃាត់ខ្លួន​កាលពី​យប់​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៤ ក្នុង​ហាង​កាហ្វេ​ដាលីន តាម បណ្ដោយ​ផ្លូវ​លេខ​១០៥ សង្កាត់​បឹង​ព្រលិត ខណ្ឌ​៧​មករា បន្ទាប់ពី​សព​នារី រងគ្រោះ​ឈ្មោះ សុង ដា​វិ​ន ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​អណ្តែត ក្នុង​ទឹកទន្លេ កាលពី​ថ្ងៃទី​០៧ ខែតុលា ឆ្នាំ​២០១៤ មុខ​បឋមសិក្សា​ជ្រោយចង្វា៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114