សាលា​រាជធានី សម្រេច​ដាក់​ម៉ាស៊ីន​ស្កេ​ន​កម្ដៅ​មួយ​ទីតាំង​ទៀត នៅ​អង្គភាព​ច្រកចេញ​ចូល​តែមួយ ដើម្បី​ការពារ​ជំងឺ​កូ​វីដ-១៩
BREAKING NEWS
Search

សាលា​រាជធានី សម្រេច​ដាក់​ម៉ាស៊ីន​ស្កេ​ន​កម្ដៅ​មួយ​ទីតាំង​ទៀត នៅ​អង្គភាព​ច្រកចេញ​ចូល​តែមួយ ដើម្បី​ការពារ​ជំងឺ​កូ​វីដ-១៩

ភ្នំពេញ ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ ​មិន​ត្រឹមតែ​ដាក់​ទីតាំង​ដើម្បី​វាស់​កម្ដៅ​នៅ​ច្រក​ចូល​សាលា​រាជធានី​ភ្នំពេញ​ប៉ុណ្ណោះ​ទេ​ គឺ​បានសម្រេច​ដាក់​ម៉ាស៊ីន​ស្កេ​ន​កម្ដៅ​មួយ​ទីតាំង​ទៀត ​នៅ​ចំណុច​អង្គភាព​ច្រក​ចេញ​ចូល​តែមួយ ​ដែលជា​ច្រក​ទទួល​សេវា​ផ្សេងៗ​ពី​សំណាក់​ប្រជាពលរដ្ឋ ដើម្បី​ធានា​បាន​ថា មន្ត្រី​រដ្ឋបាល​រាជធានី ​និង​អ្នក​ដែល​ចូលមក​ទទួល​សេវា​ផ្សេងៗ​ពី​រដ្ឋបាល​រាជធានី​មិន​មាន​ការផ្ទុក​នូវ​ជំងឺ​កូ​វីដ-១៩​។​

អភិបាល​ នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ លោក​ ឃួ​ង ស្រេង នា​ព្រឹក​ថ្ងៃទី១៣ ខែ​មេសា ​ឆ្នាំ​២០២០​នេះ ​បាន​មានប្រសាសន៍​បញ្ជាក់​ឲ្យ​ដឹង​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ ​បានដាក់​គោលដៅ​ចំនួន​ពីរ ដើម្បី​វាស់​កម្ដៅ​ទៅលើ​បុគ្គលិក មន្ត្រីរាជការ​ ក៏ដូចជា​ប្រជាពលរដ្ឋ​ដែល​មក​ទទួល​សេវា​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ។ ក្នុងនោះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ បានដាក់​មួយ​គោលដៅ​នៅ​ចំណុច​ច្រកចូល​ នៃ​សាលា​រដ្ឋបាល​រាជធានី​ភ្នំពេញ​ និង​មួយ​ទីតាំង​ទៀត ​គឺ​បំពាក់​ម៉ាស៊ីន​ស្កេន​កម្ដៅ ​នៅ​ចំណុច​អង្គភាព​ច្រកចេញចូល​តែមួយ ហើយ​អង្គភាព​ច្រកចេញចូល​តែមួយ​នេះ គឺ​តម្រូវ​ឲ្យ​មន្ត្រី​រាជការ ​ក៏ដូចជា​ប្រជា​ពលរដ្ឋ​ទាំងអស់ ត្រូវតែ​ឆ្លងកាត់​នូវ​ម៉ាស៊ីន​ស្កេន​ថ្មី​នេះ​។​

លោក​អភិបាល​ក៏បាន​បញ្ជាក់​ផង​ដែរ​ថា ការដាក់​នូវ​ម៉ាស៊ីន​ស្កេន​កម្ដៅ​ថ្មី​មួយ​បន្ថែមទៀត​នេះ គឺ​ដើម្បី​ធានា​ឲ្យ​បាន​នូវ​ការឆ្លង​ជំងឺ​កូ​វីដ-១៩​។ ចំពោះ​មន្ត្រីរាជការ​ ក៏ដូចជា​ប្រជាពលរដ្ឋ​ដែល​មក​ទទួល​សេវា​នៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ បើ​មិន​ឆ្លងកាត់​នូវ​ការ​ស្កេ​ន​កម្ដៅ ​និង​ការ​វាស់​កម្ដៅ​ទេ គឺ​មិន​អនុញ្ញាត​ឲ្យ​ចូល​មក​ក្នុង​សាលា​រាជធានី​ភ្នំពេញ នោះ​ទេ​។

បន្ថែម​ពីលើ​នេះ​ទៀត ​លោក​អភិបាល ​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ក៏បាន​ធ្វើការ​អំពាវនាវ​ដល់​មន្ត្រីរាជការ​រប​ស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏​ដូចជា ​ប្រជាពលរដ្ឋ​ទាំងអស់ ​ត្រូវ​រួមគ្នា​អនុវត្ត​ទៅតាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ​គឺ​ត្រូវ​ពាក់​ម៉ាស លាងដៃ​ និង​សំអាត​អនាម័យ ​ឲ្យ​បាន​ស្អាត​ចៀសវាង​នូវ​ការ​ឆ្លង​រាលដាល​វីរុស​កូ​រ៉ូ​ណា​-១៩​នេះ​៕


អត្ថបទ ៖ ​ស្រីរ័ត្ន​

អានអត្ថបទ៖ ក្រសួងអប់រំ​ អាចនឹង​រៀប​ចំឲ្យមាន​ការ​ប្រលងបាក់ឌុប និងឌីប្លូម​តាមអេឡិចត្រូនិច



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114