សិក្ខាកាម​ហ្វឹកហ្វឺន​ជំនាញ​ឆត្រយោង​ម្នាក់​ បាន​ស្លាប់​ ដោយសារ​លោត​ឆត្រ​មិន​គ្រលាស់

កំពង់ស្ពឺ​ ៖​ សិក្ខាកាម​ជំនាញ​ខាង​លោត​ឆត្រយោង​កងពល​៩១១ ម្នាក់​បាន ​ដោយសារ​បត់​ឆត្រ​ខុស​បច្ចេកទេស បណ្ដាល​ឲ្យ​ឆត្រ​មិន​គ្រលាស់​ ក៏​ធ្លាក់​ស្លាប់​តែ​ម្ដង។

ហេតុការណ៍​គ្រោះថ្នាក់​លោត​ឆត្រ​ខុស​បច្ចេកទេស​នេះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៥០​នាទី​ព្រឹក ថ្ងៃ​ទី​៦ ខែ​មករា ឆ្នាំ​២០១៧​នេះ ​ចំណុច​ជិត​សាលា​បើកបរ​ក្តាន់​រយ ឃុំ​សំបូរ ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ។

ប្រភព​ព័ត៌មាន​ប្រាប់​ថា មុន​ពេល​កើតហេតុ​សិក្ខាកាម​លោត​ឆត្រ​ ៩១១​បាន​ហ្វឹកហ្វឺន​លោក​ឆត្រយោង​នៅ​ក្ដាន់​រយ ឃុំ​សំបូរ ស្រុក​សំរោង​ទង ដោយសារតែ​បញ្ហា​បច្ចេកទេស​បត់​ឆត្រ​ ពេល​លោត​ពីលើ​ឧទ្ធម្ភាគចក្រ​ក្នុងចំណោម​សិក្ខាកាម​ទាំងនោះ​ មាន​ឆត្រ​របស់​សិក្ខាកាម​ម្នាក់​ មិន​គ្រលាស់ ក៏​ធ្លាក់​មក​ដី​ស្លាប់​ភ្លាមៗ។ ជន​រងគ្រោះ​ត្រូវ​បាន​ស្គាល់​ថា មាន​ឈ្មោះ​ឡេស កំ​រី ភេទ​ប្រុស អាយុ​ជាង​២០​ឆ្នាំ ជនជាតិ​ខ្មែរ​ឥស្លាម មាន​ស្រុកកំណើត ក្នុងស្រុក​ទឹកឈូ ខេត្តកំពត។

លោក​វរសេនីយ៍ទោ​ ឃុ​ត សុផល អធិការ​នគរបាល ស្រុក​សំរោង​ទង​បាន​ប្រាប់​ថា លោក​មិន​បាន​ដឹង​ករណី​សិក្ខាកាម​៩១១​ លោត​ឆត្រ​ធ្លាក់​ស្លាប់ ​ដោយសារ​មិន​គ្រលាស់​ឆត្រ​នេះ​ទេ។ ចំណែក​មន្ត្រី​កងរាជអាវុធហត្ថ ស្រុក​សំរោង​ទង​ប្រាប់​ថា ពិតជា​មាន​ករណី​សិក្ខាកាម​ហ្វឹកហ្វឺន​របស់​កងពល​ពល​៩១១ ​ជួប​គ្រោះថ្នាក់​ស្លាប់​បាត់​បង់ជីវិត​ ដោយសារ​ការ​លោត​ឆត្រយោង​ខុស​បច្ចេកទេស​គឺ​ឆត្រ​មិន​គ្រលាស់​មែន ប៉ុន្តែ​បន្ទាប់ពី​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​អង្គភាព​សាមី​ដឹក​សាកសព​ចេញ​បាត់។

លោក​វរសេនីយ៍ត្រី ឌិន ផា​រិ​ទ្ធ ប្រធាន​មន្ទីរ​សន្តិសុខ កងរាជអាវុធហត្ថ ខេត្ត​កំពង់ស្ពឺ​ប្រាប់​ថា ព័ត៌មាន​ស្តីពី​សិក្ខាកាម​កងពល​ពិសេស​ឆត្រយោង ៩១១ ហ្វឹកហ្វឺន​លោត​ឆត្រយោង ក្នុង​ឃុំ​សំបូរ ស្រុក​សំរោង​ទង​ ហើយ​មាន​សិក្ខាកាម​ម្នាក់​បាន​ជួប​ហេតុការណ៍​ឆត្រ​មិន​គ្រលាស់ ​លោក​ទើប​ទទួល​បានដែរ ប៉ុន្តែ​មិន​ទាន់​មាន​របាយការណ៍​ជាក់លាក់​នោះទេ។

សូម​រំលឹក​ថា សិក្ខាកាម​ ដែល​ហ្វឹកហ្វឺន​លោត​ឆត្រ​ ក្រោយពី​បញ្ចប់​វគ្គ​សិក្សា​ជំនាញ​ឆត្រយោង​ចប់​សាលា​​តែងតែ​រៀបចំ​កម្មវិធី​លោត​សាកល្បង​នៅ​ផ្លូវ ៥១ ជិត​សាលា​បើកបរ​ក្តាន់​រយ​ជាប់​ព្រំប្រទល់​រវាង ឃុំ​សំបូរ ស្រុក​សំរោង​ទង និង​ឃុំ​ដំណាក់​អំពិល ស្រុក​អង្គ​ឈ្នួល​ដើម្បី​សាកល្បង​សមត្ថភាព​សិក្ខាកាម​លោត​ចំ​គោលដៅ​ដែរ​ឬ​អត់ ប៉ុន្តែ​នា​ពេល​កន្លងមក​មិន​ដែល​មាន​គ្រោះថ្នាក់​នោះទេ គ្រាន់​តែមាន​សិក្ខាកាម​ខ្លះ​លោត​ខុស​គោលដៅ​ជាប់​ដើម​ត្នោត​ប៉ុណ្ណោះ។ ប៉ុន្តែ​ចៃដន្យ​អាក្រក់​នៅ​ព្រឹក​ថ្ងៃ​ទី ០៦ ខែ​មករា ឆ្នាំ​២០១៧​នេះ សិក្ខាកាម​ម្នាក់​ក្នុងចំណោម​សិក្ខាកាម​ ដែល​បញ្ចប់​វគ្គ​ បាន​គ្រោះថ្នាក់​លោត​ធ្លាក់​ស្លាប់​ភ្លាមៗ​ ដោយ​សាត​តែ​ខុស​បច្ចេកទេស​(​ឆត្រ​មិន​គ្រលាស់​) ។​

បច្ចុប្បន្ន ​ក្រសួងការពារជាតិ​មិនទាន់​បង្ហាញ​ពី​មូលហេតុ​ស្ដីពី​ការ​ធ្លាក់​ស្លាប់​សិក្ខាកាម​ជំនាញ​ឆត្រយោង​នោះ​ឡើយ គឺ​កំពុងតែ​ស្រាវជ្រាវ និង​ស៊ើបអង្កេត​បន្ត៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114