សិក្ខាកាម​អ្នកដឹកនាំ​វ័យក្មេង​ជំនាន់​ទី​៣ ខេត្តកណ្ដាល ទទួលបាន វគ្គ​បណ្ដុះ​បណ្ដាល ស្តីពី​គោលនយោបាយ​កសាង​ផែនការអភិវឌ្ឍន៍ កម្មវិធី​វិនិយោគ​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ
BREAKING NEWS
Search

សិក្ខាកាម​អ្នកដឹកនាំ​វ័យក្មេង​ជំនាន់​ទី​៣ ខេត្តកណ្ដាល ទទួលបាន វគ្គ​បណ្ដុះ​បណ្ដាល ស្តីពី​គោលនយោបាយ​កសាង​ផែនការអភិវឌ្ឍន៍ កម្មវិធី​វិនិយោគ​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ

កណ្តាល​ ៖ ថ្លែង​នៅក្នុង​ពិធី​បើក វគ្គ​បណ្ដុះបណ្ដាល​ស្តីពី​គោលនយោបាយ​កសាង​ផែនការអភិវឌ្ឍន៍ កម្មវិធី​វិនិយោគ​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដល់​សិក្ខាកាម​អ្នកដឹកនាំ​វ័យក្មេង​ជំនា​ន់ទី​៣ នៅ​ព្រឹក ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០២០​នេះ​។

លោក គីម រិទ្ធី អភិបាលរង​ខេត្តកណ្ដាល និង​ជា​ប្រធាន​មណ្ឌល​អភិវឌ្ឍន៍​ធនធានមនុស្ស​ខេត្ត បាន​បញ្ជាក់ថា រដ្ឋបាលខេត្ត​បាន​បង្កើត​វគ្គ​នេះ​ឡើង​គឺ​ដើម្បី​បណ្ដុះបណ្ដាល និង​បង្កើន​សមត្ថភាព ដល់​មន្ត្រី​វ័យក្មេង​របស់​រដ្ឋបាល​ខេត្តកណ្ដាល ដែលមាន​សក្ដានុពល ឲ្យ​ក្លាយជា​អ្នកដឹកនាំ​ល្អ មាន​សមត្ថភាព មានការ​យល់ដឹង​ពី​ស្ថានភាព​ជាក់ស្តែង​នៅ​មូលដ្ឋាន និង​ជា​អ្នក​បន្តវេន​ដឹកនាំ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ប្រកបដោយ​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​ខ្ពស់​។

លោក​បាន​ឲ្យ​ដឹងថា កម្មវិធី​គម្រោង​អ្នកដឹកនាំ​វ័យក្មេង​បាន​លិច​ជា​រូបរាង​ឡើង​តាំងពី​ដើមឆ្នាំ ២០១៦ ដែល​ជា​គំនិត​ផ្ដួចផ្ដើម​គាំទ្រ​ដោយ លោក​បណ្ឌិត ម៉ៅ ភិ​រុណ។ លោក​បាន​បន្ត​ថា ​គម្រោង​អ្នកដឹកនាំ​វ័យក្មេង​ជំនា​ន់ទី​៣​នេះ សរុប​មាន​ចំនួន ៨ ប្រធានបទ​សំខាន់ៗ ហើយ​យើង​ទើបតែ​ចាប់ផ្ដើម​សិក្សា​លើ​ប្រធានបទ​ទី​៤ នៃ​គម្រោង​នា​ថ្ងៃនេះ មូលហេតុ​ដែល​យើង​ធ្វើការ​អូសបន្លាយ​ពេល​នៃ​វគ្គ​បណ្ដុះបណ្ដាល​របស់​គំរោង​នេះ​តាំងពី​ចុងឆ្នាំ​២០១៩ រហូតមកដល់​ពេលនេះ​គឺ​ដោយសារតែ​យើង​អស់​គ្នា​បាន​ចូលរួម​ការពារ ពី​ការ​រាតត្បាត ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ជាមួយ​រាជរដ្ឋាភិបាល​។

លោក​អភិបាលរង​ខេត្ត​បាន ជំរុញ​ដល់ មណ្ឌល​អភិវឌ្ឍន៍​ធនធានមនុស្ស​ខេត្ត និង​ទីចាត់ការ​ធនធាន មនុស្ស​ត្រូវ​ពិនិត្យ​លទ្ធភាព និង​សហការ​ជាមួយ​អង្គភាព​ពាក់ព័ន្ធ​ដើម្បី​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​ដែល​នៅ​សេសសល់ របស់​គម្រោង​អ្នកដឹកនាំ​វ័យក្មេង​ជំនា​ន់ទី​៣ និង​ផែនការ​អន្តរាគមន៍​អភិវឌ្ឍ​សមត្ថភាព​ខេត្ត​ឆ្នាំ ២០២០ ឲ្យ​បាន​ឆាប់រហ័ស តាម​ផែនការ និង​សម្របសម្រួល​តាម​ស្ថានភាព​ជាក់ស្ដែង ធ្វើ​យ៉ាង​ណា​ឲ្យ​គម្រោង​នេះ​ប្រព្រឹត្ត​ទៅ​បាន​រលូន​បន្ទាប់ពី​បាន​ពន្យារពេល​អស់​មួយ​រយៈ​កន្លងមកនេះ​។

សូមជម្រាបថា វគ្គ​បណ្ដុះបណ្ដាល​នេះ​គឺ​សិក្សា​ទៅលើ​៣​ផ្នែក​សំខាន់ៗ​រួមមាន ផ្នែក​ទី​១ សិក្សា​ទៅលើ​ទិដ្ឋភាព​ទូទៅ​នៃ​ការរៀបចំ​និង​កសាង​ផែនការអភិវឌ្ឍន៍​ខេត្ត ផ្នែក​ទី​២ សិក្សា​លើ​ទម្រង់​សៀវភៅ​ផែនការ​អភិវឌ្ឍ​ខេត្ត និង​ផ្នែក​ទី​៣ សិក្សា​លើ​វិធីសាស្ត្រ​រៀបចំ និង​កសាង​ផែនការអភិវឌ្ឍន៍​ខេត្ត​។

ក្នុង​ឱកាស​នោះដែរ លោក​អភិបាលរង​ខេត្ត​បាន​លើកទឹកចិត្ត​ដល់ សិក្ខាកាម​អ្នកដឹកនាំ​វ័យក្មេង​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ចូលរួម​ឲ្យ​បាន​សកម្ម​បំផុត​ក្នុង​ដំណើរការ​វគ្គ​បណ្ដុះបណ្ដាល​រយៈពេល ២​ថ្ងៃនេះ​ពី​គ្រូឧទេស ដើម្បី​ទទួល​បាន​លទ្ធផល​ជា​វិជ្ជមាន ស្រូបយក​ចំណេះដឹង​ថ្មីៗ និង​ផ្លាស់ប្ដូរ​បទពិសោធន៍​ពីគ្នា​ទៅវិញទៅមក​ដើម្បី​យកចំណេះ​ដឹង​ទាំងនោះ​ទៅ​អនុវត្ត ជួយ​សម្រួល​ដល់​ការងារ​ក្នុង​អង្គភាព​ខ្លួន​ឲ្យ​មាន​ប្រសិទ្ធភាព ពិសេស​ត្រូវ​លើក​ឡើងជា​សំណួរ​ករណី​មិន​ច្បាស់លាស់​ណាមួយ​ក្នុង​មេរៀន​ដើម្បី​គ្រូ​និទ្ទេស​ធ្វើការ​បកស្រាយ​បំភ្លឺ​បញ្ជាក់បន្ថែម​ជូន៕
មុនី

      



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114