BREAKING NEWS
Search

សិក្ខាសាលា​កាត់បន្ថយ​ភាពក្រីក្រ​របស់​ជនពិកា​រ ​លើកកម្ពស់​កំណើន​ការងារ​ និង​អាជីព​សមស្រប​

​កំពង់ធំ ៖ វិស័យ​ទេសចរណ៍ជា​វិស័យ​អាទិភាព​ដ៏​សំខាន់​មួយ ក្នុង​ការកសាង​សេដ្ឋកិច្ចសង្គម ដោយបាន​នាំ​ចំណូល​ជូន​ជាតិ ផ្តល់​ឱ​កាស​ការងារ និង​ចូលរួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ ប្រកបដោយ​ប្រសិទ្ធភាព ក្នុង​នោះបាន​ជួយ​ដល់​សង្គម​គ្រួសារ ទាំង​គ្រួសារ​ជនពិការ​ឲ្យ​មាន​ជីវភាព​សេដ្ឋកិច្ច​គ្រួសារ​ល្អប្រសើរ តាមរយៈការបញ្ចេញ​សមត្ថភាពជនពិការ ​និង​ចូលរួម​កាតព្វកិច្ច​រប​ស់​កម្ពុជា ជា​ហត្ថលេខី​នៃ​អនុសញ្ញា​ដែល​ទាក់ទង​សិទ្ធិមនុស្ស និង​សិទ្ធិ​ជនពិការ។

ប្រសាសន៍​នេះត្រូវបានលោកហោ សារុន អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ លើកឡើង​នៅក្នុង​ពិធី​សិក្ខាសាលា​ផ្សព្វផ្សាយ​ ស្តីពី​ការ​កាត់បន្ថយ​ភាពក្រីក្រ​របស់​ជនពិកា​រ តាមរយៈ​ការលើកកម្ពស់​កំណើន​ការងារ និង​អាជីព​សមស្រប​សម្រាប់​ជនពិការ ដែល​បាន​រៀបចំឡើង​ដោយ​មន្ទីរ​ទេសចរណ៍ខេត្តកំពង់ធំ​។​

​លោក សេង អាន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ធំ មានប្រសាសន៍ថា ភ្ញៀវ​ទេសចរ ​ដែល​បានមក​កម្សាន្ត​តាមរមណីយដ្ឋាន​ធម្មជាតិ រមណីយដ្ឋាន​កែច្នៃ និង​វប្បធម៌​ប្រវត្តិសាស្ត្រក្នុង​ខេត្តកំពង់ធំ ក្នុង​ឆ្នាំ​២០១៦ សរុប​២,០៣,៥២៥​នាក់ ភ្ញៀវ​ទេសចរ​​ជាតិ​មាន​ចំនួន ១,៨៥,៣៤៥​នាក់ ប្រៀប​នឹង​ឆ្នាំ​២០១៥ ​គឺមាន​ការថយចុះ៧,៨៥​ភាគរយ ភ្ញៀវ​អន្តរជាតិ​មាន​១៨,១៨០​នាក់ កើនឡើង​ចំនួន​២,១៤​ភាគរយ។ ស្ថានភាព​ភ្ញៀវ​ទេសចរ​​​ស្នាក់​នៅតាម​បណ្តា សណ្ឋាគារ ផ្ទះសំណាក់​ក្នុង​ខេត្តកំពង់ធំ មាន​ចំនួន​៨៧,០៣៦​នាក់ ក្នុងនោះ​មាន​ភ្ញៀវ​អន្តរជាតិ សរុប​មាន​១៣,២១១​នាក់ មានការ​កើនឡើង​៤០​ភាគរយ​បើ​ប្រៀបធៀប​ឆ្នាំ​២០១៦​។​

លោកហ៊ុន វ៉ាន់​និ​ត អភិបាលរង​ខេត្តកំពង់ធំ បាន​មានប្រសាសន៍ថា វិស័យ​ទេសចរណ៍ជា​លក្ខណៈ​ឧស្សាហកម្ម សេវាកម្ម មាន​លក្ខណៈ​ជា​ប្រ​ព័​ន្ធ ដោយ​ត្រូវមាន​សមាសភាព​ចូលរួម​ទាំងអស់ ទាំង​ការចូលរួម​ដោយផ្ទាល់ ​និង​ប្រយោលក្នុង​ពេលនេះ ​គឺមាន​ការធ្វើដំណើរ​កើនឡើង​ដោយ​ឥតឈប់ឈររបស់​ភ្ញៀវ​ទេសចរ​សកលលោក។ វិស័យ​ទេសចរណ៍ កំពុងតែបន្ត​ពង្រឹង​តួនាទី​ដ៏​សំខាន់​របស់ខ្លួន តាមរយៈ​ការចូលរួម​យ៉ាងសកម្មលើ​វិស័យសេដ្ឋកិច្ច សង្គមកិច្ច និង​បរិស្ថាន។ ការរីកចម្រើន​ក្នុង​វិស័យ​ទេសចរណ៍​កម្ពុជា បាន​សប​ញ្ជាក់ថា កត្តា​សំខាន់​នូវ​សក្តានុពល កត្តា​ស​និ្ត​សុខ សុ​វត្ថិភាព ស្ថិរភាព​នយោបាយ ដែលជា​កក្តា​កំណត់ ​និង​ជា​មូលដ្ឋាន ធានា​ស្ថិរភាព​នៃ​កំណើនវិស័យ​ទេសចរណ៍ ក្រោម​ការដឹកនាំ​ដ៏​ត្រឹម​ត្រូ​វឈ្លៀសវៃរបស់ ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

លោកហោ សារុន អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ បាន​មានប្រសាសន៍​ណែនាំ ​ស្តីពី​កាត់បន្ថយ​ភាពក្រីក្ររបស់​ជនពិការ តាមរយៈ​ការលើកកម្ពស់​អាជីព​ការងារ​សមស្រប​របស់​ជនពិការ គឺ​ក្នុង​គោលបំណង​ជំរុញ​ការអនុវត្ត​ច្បាប់​ ស្តីពី​កិច្ចការពារ និង​លើកកម្ពស់​សិទ្ធិ​ជនពិការ តាម​កម្មវិធី​នយោបាយ​រាជរដ្ឋាភិបាល​ចំពោះ​ជនពិការ ផ្តល់​ឱ​កាស​ការងារ លើកទឹកចិត្ត​ដល់​ជនពិការ ដែលមាន​លក្ខណៈសម្បត្តិ និង​សមត្ថភាព​បំពេញ​មុខងារ តួនាទី​ និង​ការទទួលខុសត្រូវ ចំពោះមុខ​តំណែង​ចូល​បម្រើ​កា​រងារ លើ​កម្ពស់​សេចក្តីថ្លៃថ្នូរ សុខុមាលភាព និង​សិទ្ធិ​របស់​ជនពិការ​ក​ម្ពុ​ជា។

ពិធី​នេះ​ត្រូវបាន​ធ្វើឡើងនៅក្នុង​សណ្ឋាគារ​ពន្លឺ​ថ្មី ស្ថិតនៅក្នុង​ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ នៅ​ព្រឹក​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ២០១៧ ដោយមាន​ការចូលរួម​ពី​សំណាក់​ លោកអ៊ុង សម្បត្តិ អគ្គលេខាធិការរង​នៃ​អគ្គលេខាធិការ ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ លោកហោ សារុន អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​លោកហ៊ុន វ៉ាន់​និ​ត អភិបាលរង​ខេត្តកំពង់ធំ ព្រមទាំង​តំណាង​ម្ចាស់​សណ្ឋាគារ ផ្ទះសំណាក់ ខារ៉ាអូខេ ម៉ាស្សា ភោជនីយដ្ឋាន អាហា​រដ្ឋា​ននៅក្នុង​ខេត្តកំពង់ធំ ចូលរួម​៧០​នាក់​៕
 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114