BREAKING NEWS
Search

សិក្ខាសាលា​បណ្ដុះបណ្ដាល​ស្តីពី​ធុរកិច្ច​ ដែល​មាន​លក្ខណៈ​ជាក់ស្ដែង​សម្រាប់​យុវជន

​សៀមរាប ៖ យុវជន​គ្រប់រូប​មាន​សក្តានុពល​របស់ខ្លួន​ក្នុង​ការធ្វើ​អាជីវកម្ម ហើយ​វា​ជា​តួនាទី​របស់ក្រសួង​អប់រំ យុវជន និង កីឡា ជាមួយនឹង​ដៃគូ​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​ជួយ​ឲ្យ​យុវជនមានឱកាសបាន​យល់​អំពី​សក្តានុពល​របស់ខ្លួន និង​ ត្រៀមខ្លួន​ដើម្បី​ពុះពារ​ឧបសគ្គក្នុងពេលធ្វើ​អាជីវកម្ម។​

លោក​ ណុះ ស្លេះ អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង កីឡា បានលើកឡើងយ៉ាង​ដូច្នេះ នាព្រឹក​ថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ​២០១៧ នៅ​ខេត្តសៀមរាប ក្នុងឱកាស​នៃ​កិច្ចដំណើរការអង្គសិក្ខាសាលាបណ្តុះបណ្តាល​មួយ ស្តីអំពីធុរកិច្ច​ដែលមាន​លក្ខណៈ​ជាក់ស្តែងសម្រាប់​យុវជន ដែល​សហការ​រៀបចំឡើង​ដោយ​ក្រសួង​អប់រំ និង អង្គការ​អន្តរជាតិ​ខាងការងារ ( ILO ) និង ​ដៃគូ​អភិវឌ្ឍន៍​ផ្សេងទៀត​ផងដែរ។

លោក​បង្ហាញថា យុវជន​គ្រប់រូបគួរតែ​ស្វែងយល់ថា សហគ្រិនភាព ​គឺជា​មធ្យោបាយ​ឆ្ពោះទៅកាន់ការងារ​ដ៏​សមរម្យ។ សហគ្រិនភាព​អាច​ចាប់​ផ្តើមចេញពី​អាជីវកម្ម​ខ្នាតតូច និង មធ្យម។ ការប្រកបមុខរបរ​ដោយ​ខ្លួនឯងវា​ជា​មុខរបរ​មួយ​ដ៏​សំខាន់ ក្នុងការ​ចូលរួមចំណែក​កាត់បន្ថយភាពក្រីក្រ បង្កើត​ការងារ និង ​រួមចំណែក​ដល់​សេដ្ឋកិច្ចជាតិ។​

អនុរដ្ឋលេខាធិការ​ក្រសួងអប់រំ យុវជន​ និង​កីឡា លោក​ ណុះ ស្លេះ បញ្ជាក់ថា ក្រសួង​អប់រំ​ យុវជន និង កីឡា បាននិងកំពុង​លើកកម្ពស់​ការបណ្តុះបណ្តាល​សហគ្រិនភាព ​និង​ធុរកិច្ច​ដល់​យុវជន ព្រោះថា​នេះ​គឺជា​ជំនាញដ៏​សំខាន់​មួយបន្ថែម​ពីលើ​ជំនាញ​បច្ចេកទេស និង ជំនាញ​ទន់។ លោកគូស​បញ្ជាក់ថា ការព្យាយាម​លើកកម្ពស់​ការគ្រប់គ្រង​អាជីវកម្ម​សមស្រប​ទៅនឹង​ស្តង់ដារ វាប្រសើរ​ជាង​ការគ្រប់គ្រង​បែប​គ្រួសារ។ យុវជន​មាន​ជំនាញអាចមាន​គំនិត​បើក​អាជីវកម្ម​ផ្ទាល់ខ្លួននៅតាម​សហគមន៍ ហើយ​អាច​នឹង​បង្កើតបាន​ឱកាស​ការងារ​ដល់​ប្រជាពលរដ្ឋ និង បានចូលរួម​អភិវឌ្ឍ​សេដ្ឋកិច្ច​នៅ​មូលដ្ឋានផងដែរ។

លោក​បង្ហាញ​បន្ថែមថា ដោយ​ទទួលស្គាល់ថា ការអភិវឌ្ឍ​​សហគ្រិន​សម្រាប់​យុវជន គឺជាគោលនយោបាយ​មួយក្នុងចំណោម​គោលនយោបាយ​ទីផ្សារការងារ​ជាច្រើន ដើម្បី​ប្រយុទ្ធប្រឆាំងនឹង​ភាព​គ្មាន​ការងារ​ធ្វើ​របស់​យុវវ័យ និង ការមិនទទួលបាន​កា​រងារ​ពេញលេញ ​និង សមស្រប បច្ចុប្បន្ន​រាជរដ្ឋាភិបាលបានផ្តល់​អាទិភាព​ទៅលើ​ការងារ​សហគ្រិនភាព​នេះ ដោយបានដាក់បញ្ចូល​ក្នុង​ផែនការ​សកម្មភាព​ជាតិស្តីពី​ការអភិវឌ្ឍន៍​យុវជន។

នៅក្នុង​កិច្ចដំណើរការ​នៃ​អង្គសិក្ខាសាលា​នេះ មាន​យុវជន យុវនារី ចាប់ពី​អាយុ១៥​ឆ្នាំ ដល់ ​២៩​ឆ្នាំ បាន​ចូលរួម​ប្រមាណ​ជាង ៥០០ ​នាក់។ រីឯលទ្ធផល​ដែល​គេ​រំពឹងទុក គឺ​យុវជន​ជា​សិក្ខាកាម​ទាំងនោះបាន​យល់​ពិតប្រាកដ​អំពី​សហគ្រិន យល់​អំពី​ដំណាក់កាល​សំខាន់ៗក្នុងការ​រៀបចំផែនការអាជីវកម្ម​ឲ្យ​ទទួលបាន​ជោគជ័យ និង​ មានលទ្ធភាព​ក្នុងការ​សម្រេចចិត្ត និង ដឹងច្បាស់​ថា តើ​សហគ្រិនភាព​សក្ដិសម​សម្រាប់​ពួកគេដែរ ឬ អត់ ?៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114