BREAKING NEWS
Search

សិក្ខាសាលា​ស្តីពីការលើកកម្ពស់​សមត្ថ​ភាព និងការពង្រីក​យន្តការ​ឆ្ពោះទៅ​ការលុបបំបាត់សារធាតុ អាស​បេ​ស្តុ​ស (ASBESTOS)

សៀមរាប ៖ អាស​បេ​ស្តុ​ស ( ASBESTOS ) គឺជា​សារធាតុ​មិនមែនគីមី វា​គឺជា​សារធាតុ​ម្យ៉ាងដែល​គេ​ហៅថា សរសៃ​ថ្ម​នៅក្នុង​ធម្មជាតិ។​ អាស​បេ​ស្តុ​ស វា​មានគុណ​ប្រយោជន៍ ​ដែលត្រូវបាន​គេ​យកទៅ​ប្រើប្រាស់​ជាមួយ​សារធាតុ​ផ្សំ​ផ្សេងទៀត បង្កើតបានជា​ផលិតផល​ប្រើប្រាស់ ធានា​ការ​ស្វិត រឹងមាំ​ល្អ ដូចជា​ផលិតផល​ស្បែក​ហ្វ្រាំង​ម៉ូតូ​ និង​រថយន្ត ដំបូល​ប្រក់​គេហដ្ឋាន​ហ្វ្រីប្រូ​ស៊ីម៉ងត៍ ម្នាងសិលា​ពិ​តាន​ផ្ទះ​ជាដើម ក៏ប៉ុន្តែ​ផលិតផល​ប្រើប្រាស់​ដែលមាន​លាយ​ផ្សំ​ដោយ អាស​បេ​ស្តុ​ស វា​មាន​ផលវិបាក​ ដោយសារតែ​វា​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​ដល់​សុខភាព​មនុស្សយ៉ាងធ្ងន់ធ្ងរ។

តាមរយៈ​នៃ​ការបើក​ដំណើរការ ស្តីពី​កា​រលើ​កម្ពស់​សមត្ថភាព និង ការពង្រីក​យន្តការ ឆ្ពោះទៅ​លុបបំបាត់​សារធាតុអាស​បេ​ស្តុ​ស នៅក្រុង​សៀមរាប នាថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៧​នេះបានបង្ហាញ​ឲ្យ​ដឹងថា ក្រសួង​ការងារ​បណ្តុះបណ្តាល​វិជ្ជា​ជីវៈនៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​បង្កើត​ក្រុមការងារ​អាស​បេ​ស្តុ​ស ​ដែល​គេ​ឲ្យ​ឈ្មោះថា ក្រុមការងារ​កសាង​ក​ម្រ​ង​ព័ត៌មាន​ជាតិស្តីពី​សារធាតុអាស​បេ​ស្តុ​ស នៃ​ព្រះរាជាណាចក្រ​កម្ពុជា ( CNAPWG ) ដោយមាន​ភាគី​ចំនួន​១២​ក្រសួង​ផ្សេងទៀត​ដែល​ពាក់ព័ន្ធ បាន​ចូលរួម​ផងដែរ។

គោលបំណង​នៃ​ការបង្កើត​ក្រុមការងារ​នេះ ក្រៅពី​ការកសាង​កម្រងព័ត៌មាន​ជាតិ​នៃ​សារធាតុអាស​បេ​ស្តុ​ស សម្រាប់​ប្រទេសកម្ពុជា ផ្អែកលើ​មូលដ្ឋាន​នេះ គឺ​ដើម្បី​រៀបចំ​យុទ្ធសាស្ត្រឈានទៅ​លុបបំបាត់​ជំងឺ​ដែល​បង្កឡើង​ដោយសារ​ធាតុអាស​បេ​ស្តុ​ស និង​ការពារ​សុវត្ថិភាព​កម្មករ និយោជិក ពី​ការរងផលប៉ះពាល់​នៃ​សារធាតុ​អាស​បេ​ស្តុ​ស។

​នេះ​បើតាម​ប្រសាសន៍​របស់លោក ហ៊ុយ ហាន​សុង រដ្ឋលេខាធិការក្រសួង​ការងារ បណ្តុះបណ្តាល​វិជ្ជា​ជីវៈ ថ្លែង​បើក​អង្គសិក្ខាសាលា​បណ្តុះបណ្តាល​មួយ​នេះ មាន​រយៈពេល​៥​ថ្ងៃ។ គេរំពឹងទុក​ថា​ តាមរយៈ​នៃ​បទ​បង្ហាញ ​និង​ការ​ពិភាក្សា​នៅក្នុង​អង្គសិក្ខាសាលា​នេះ សមាជិក​ក្រុមការងារ​កសាង​កម្រង​ព័ត៌មានជាតិ​ស្តីពី​សារធាតុ​អាស​បេ​ស្តុ​ស ទទួលបាន​នូវ​ចំណេះដឹងលើ​ទិដ្ឋភាព​ផ្សេងៗ​នៃ​សារធាតុ​អាស​បេ​ស្តុ​ស រួមមាន ចំណេះដឹង​មូលដ្ឋាន​ស្តីពី​សារធាតុ​អាស​បេ​ស្តុ​ស ការប្រើប្រាស់ និង​ផលប៉ះពាល់​អវិជ្ជមាន​ទៅលើ​សុខភាព ។

​ជា​គោលបំណងនៃ​អង្គសិក្ខាសាលា​នេះ គឺ​បង្ហាញ​គោលការណ៍ច្បាប់ បទប្បញ្ញត្តិ​នានាដែល​ទាក់ទង​ទៅនឹងការគ្រប់គ្រង​អាស​បេ​ស្តុ​ស ការណែនាំ​ឆ្ពោះទៅរកការធ្វើសកម្មភាព ដើម្បី​បញ្ចប់​ការផលិត ​ការប្រើប្រាស់ និង​ការធ្វើ​ពាណិជ្ជកម្ម​អាស​បេ​ស្តុ​ស ការ​បោះចោល​កាកសំណល់​សារធាតុ​អា​បេ​ស្តុ​ស​ដោយ​សុវត្ថិភាព​។ ជាមួយនេះ អង្គ​សិក្ខាសាល​បានបង្ហាញអំពី​ការណែនាំ​លទ្ធភាព​ដែល​អាច​រកបាន​ និង​ប្រើប្រាស់​ផលិតផល​ជម្រើស​ជំនួស​អាស​បេ​ស្តុ​ស អ្នកជំនាញខាង​អាបេស​ត្តុ​ស​អូស្ត្រាលី កាណាដា បាននិងកំពុងបន្ត​គាំទ្រ​ផ្នែក​បច្ចេកទេស​ និង​ថវិកា ដល់កិច្ចដំណើរការ​ការងារ​នៃ​គម្រោង​ដ៏​ធំ​មួយ​នេះ ៕​​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114