សិង្ហបុរី​ ជួយ​បណ្ដុះបណ្ដាល​ជំនាញ​បច្ចេកវិទ្យា​ទំនាក់ទំនង​ព័ត៌មាន​ដល់​គ្រូ​បច្ចេកទេស​កម្ពុជា
BREAKING NEWS
Search

សិង្ហបុរី​ ជួយ​បណ្ដុះបណ្ដាល​ជំនាញ​បច្ចេកវិទ្យា​ទំនាក់ទំនង​ព័ត៌មាន​ដល់​គ្រូ​បច្ចេកទេស​កម្ពុជា

​ភ្នំពេញ​ ៖ ​នាយកដ្ឋាន​គ្រប់គ្រង​គ្រឹះស្ថានសិក្សា ​សហការ​ជាមួយ​វិទ្យាស្ថាន​អប់រំ​បច្ចេកទេស (ITE) និង​មូលនិធិ​អន្តរជាតិ Temasak នៃ​ប្រទេសសិង្ហបុរី បានរៀបចំ​បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី «​ជំនាញ​បច្ចេកវិទ្យា​ទំនាក់ទំនង​ព័ត៌មាន​»​នៅ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា​(NPIC)​។​

​ ​
វគ្គ​បណ្តុះបណ្តាល​ស្តីពី «​ជំនាញ​បច្ចេកវិទ្យា​ទំនាក់ទំនង​ព័ត៌មាន​»​នេះ​បាន​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​០៩ ខែមករា ឆ្នាំ​២០១៧ ​ក្រោម​អធិបតីភាព​របស់លោក​បណ្ឌិត ពេ​ជ សោភ័ន រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ គ្រូ​ជំនាញ​ផ្នែក​បច្ចេកវិទ្យា​ទំនាក់ទំនង និង​ព័ត៌មានវិទ្យា​(ICT) មកពី​ប្រទេស​សិង្ហបុរី ​និង​សិក្ខាកាម​ជាច្រើន​ទៀត​។​

យោងតាម​ទំព័រ​ហ្វេ​ក​ប៊ុ​ករ​បស់​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ឲ្យ​ដឹងថា វគ្គ​បណ្តុះ​បណ្តាល​ស្តីពី «​ជំនាញ​បច្ចេកវិទ្យា​ទំនាក់ទំនង​ព័ត៌មាន​»​នេះ ​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​បំប៉ន​សមត្ថភាព​លើ​ជំនាញ​បច្ចេកវិទ្យា​ទំនាក់ទំនង​ព័ត៌មាន​ICT​ ដល់​គ្រូ​បច្ចេកទេស​កម្ពុជា ដើម្បីឲ្យ​មាន​ចំណេះ​ដឹង​ និង​សមត្ថភាព​កាន់តែច្បាស់​ក្នុងការ​រៀបចំ​អនុវត្ត​ការបង្រៀន​នៅក្នុង​អង្គភាព មុននឹង​ចេញ​ដំណើរ​ទៅ​ចូលរួម​វគ្គ​បណ្តុះបណ្តាល​បំប៉នបន្ថែម​នៅ​ប្រទេស​សិង្ហបុរី។

មានប្រសាសន៍​នៅក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​នា​ឱកាស​នោះ​ លោក​បណ្ឌិត ពេ​ជ សោភ័ន បាន​ស្នើ​ដល់​សិក្ខាកាម​ដែល​បាន​អញ្ជើញ​មកពី​បណ្តា​រាជធានី​-​ខេត្ត ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ ត្រូវ​យកចិត្តទុកដាក់​ដើម្បី​ទទួលយក​ចំណេះដឹង និង​បទពិសោធន៍​ពី​គ្រូឧទ្ទេស ព្រោះ​វគ្គ​បណ្តុះ​បណ្តាល​រយៈពេល០៥​ថ្ងៃនេះ នឹងមាន​មេរៀន​ល្អៗ​អំពី​បច្ចេកវិទ្យា​ទំនាក់ទំនង និង​ព័ត៌មានវិទ្យា​(ICT) របស់​ប្រទេស​សឹង្ហ​បុរី ដែល​ឆ្លើយតប​តាម​សេចក្តីត្រូវការ​របស់​យើង​ជា​យុទ្ធសាស្ត្រ ដើម្បី​យកទៅ​អនុវត្ត​ក្នុងការ​បង្រៀន​ឲ្យមាន​ប្រសិទ្ធភាព​ខ្ពស់​៕




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114