សិប្បកម្មកន្ទេលពីដើមផ្អាវ ជា​អត្តសញាណ​អ្នក​ស្រុកអង្គរធំ

សៀមរាប៖ សិប្បកម្មកន្ទេលភាគច្រើនប្រើប្រាស់វត្ថុធាតុដើមពីស្លឹកចាក, ស្លឹកតោ្នត, រំពាក់,ដើមកក់ជាដើម។តែចំពោះកន្ទេលធ្វើពីដើមផ្អាវមានតែក្នុងភូមិស្ពានថ្មី ស្រុកអង្គរធំ ខេត្តសៀមរាប ដែលបានបន្សល់ទុកតាំងពីជីដូនជីតាមកម៉្លេះ ដែលបានទុកឲ្យកូនចៅជំនាន់ក្រោយរហូតមកដល់បច្ចុប្បន្ននេះ។

លោក យាយតួន មានអាយុ៧១ឆ្នាំហើយ ដែលមានស្រុកកំណើតនៅក្នុងស្រុកអង្គរធំ ខេត្តសៀមរាបបានឲ្យដឹងក្នុងបទសម្ភាសតាមរយៈទូរសព្ទថា កន្ទេលផ្អាវនេះត្បាញឡើងពីវត្ថុធាតុដើមគឺដើមផ្អាវដែលមានទំហំប៉ុនមេដៃមេជើងដោយការស្វះស្វែងរកកាប់តាមក្នុងព្រៃ។

លោក​យាយតួនបន្តថា បើប្រដូចដើមផ្អាវទៅនឹងធាងត្នោត អាចពុះច្រៀកបានបីចំណែក។ ការត្បាញកន្ទេលផ្អាវសម័យថ្មីមានភាពជឿនលឿនរួមនឹងសោភ័ណភាពស្រស់ស្អាតជាងពីសម័យមុន ដោយសារតែអ្នកត្បាញជំនាន់មុនត្បាញតែពីរជាន់ប៉ុណ្ណោះហើយសម័យថ្មីនេះត្បាញញឹកដាក់ក្រឡាបានល្អ ហើយមានការកែលម្អដោយជ្រលក់ពណ៌ស្រស់ឆើត។

កន្ទេលផ្អាវនេះលក់ចេញបានថ្លៃ១៥ម៉ឺនរៀលដោយត្រូវចំណាយពេលយូរថ្ងៃទម្រាំផលិតបានជាកន្ទេលនោះ។

យាយតួនបន្តថា ដោយសព្វថ្ងៃពិបាករកដើមផ្អាវណាស់ ដោយសារមានការកាប់បំផ្លាញព្រៃឈើច្រើនក្នុងព្រៃទើបដើមផ្អាវពិបាករក ម៉្យាងទៀតដើម្បីត្បាញកន្ទេលនេះត្រូវទៅកាប់ដើមផ្អាវដោយខ្លួនឯងក្នុងរដូវប្រាំងដោយត្រៀមដើមផ្អាវទុកពុំអាចត្បាញកន្ទេលនេះបានភ្លាមទេ ទាល់តែដល់រដូវវស្សាទើបអាចយកដើមផ្អាវមកត្បាញជាកន្ទេលបានល្អ ពីព្រោះថាបើត្បាញកន្ទេលផ្អាវខែប្រាំងអាចក្លាយទៅជាស្រួយឬបាក់សាច់កន្ទេលផ្អាវមិនល្អនោះឡើយ៕កញ្ញាវ៉ាត