សិស្ស​វិទ្យាល័យ ​ប្រឹងរៀន​ យប់ ថ្ងៃ​ ដើម្បី​ត្រៀម «​ប្រយុទ្ធ​»

​​នៅក្នុង​បន្ទប់​ឡៅតឿ ​នៃ​ផ្ទះល្វែង​មួយ ​ក្នុង​សង្កាត់​ទួល​សង្កែ ​រាជធានី​ភ្នំពេញ សិស្ស​ឈ្មោះ ចម្រុង​ឫទ្ធិ​សិទ្ធិ អាយុ​ ១៧​ឆ្នាំ បាន​សរសេរ​កាលវិភាគ​លើ​ផ្ទាំង​ក្រដាស​ ពណ៌​ស​ធំ​មួយ ​បិទ​នៅលើ​ជញ្ជាំង ដែល​គេ​ដាក់​ចំណងជើង​ខាងលើ​ជា​ភាសា​អង់គ្លេស​យ៉ាងច្បាស់​ថា «Final Plan Before the Fight» ដែលមាន​អត្ថន័យ​ថា «​ផែនការ​ចុងក្រោយ​មុននឹង​ការប្រយុទ្ធ​។​»

​ឫទ្ធិ​សិទ្ធិ ដែលជា​សិស្ស​រៀន​នៅ​វិទ្យាល័យ​ប៊ុនរ៉ានី​ហ៊ុនសែន​ វត្តភ្នំ បាន​កត់ត្រា​កាលវិភាគ​របស់គេ​នូវ​អ្វីដែល​គេ​ត្រូវ​រៀន​ជា​ក្លឹប​សិក្សា​ជាមួយ​មិត្តភ័ក្ដិ​របស់គេ ចាប់តាំងពី​ថ្ងៃ​ច័ន្ទ​ ដល់​ថ្ងៃអាទិត្យ​ នូវ​មុខវិជ្ជា​ទាំង​ប្រាំពីរ ដែល​គេ​ត្រូវ​ត្រៀមប្រឡង ដែល​រួមមាន​ភាសា​ខ្មែរ គណិតវិទ្យា ជីវវិទ្យា គីមីវិទ្យា និង​រូបវិទ្យា​ជាដើម​។​

​ក្នុង​រយៈពេល​ប្រហែល​មួយខែ​ចុងក្រោយ​មុន​ប្រឡង សិស្ស​វិទ្យាល័យ​រូបនេះ​ បាន​និយាយថា​គេ​តែងតែ​រៀន​រហូតដល់​ម៉ោង​ ១១​យប់ រួច​ភ្ញាក់​ម៉ោង​ ៥​ទាបភ្លឺ ដើម្បី​ទន្ទេញ​មេរៀន ​ដែល​នឹង​ចេញ​ជា​វិញ្ញាសា​នៅ​ថ្ងៃ​ប្រឡង​។​

​«​ខ្ញុំ​ចេះតែ​ខំប្រឹង​រៀន​ទៅ ក្រែង​ប្រឡង​ជាប់​នឹង​គេ​។​» ឫទ្ធិ​សិទ្ធិ បាន​និយាយ​យ៉ាង​ម៉ឺងម៉ាត់ ដោយ​បន្តថា​ ​៖ «​ខ្ញុំ​ដូចជា​មានសង្ឃឹម​ច្រើន ប៉ុន្តែ​មិន​សង្ឃឹមថានឹង​បាន​និទ្ទេស «A» ឬក៏​អត់​នោះទេ​។​»

​មួយខែ​ក្រោយមក ថ្ងៃ​ប្រឡង​បានមក​ដល់​។ នៅ​ព្រឹក​ថ្ងៃទី​២១ ​ខែសីហា ឫទ្ធិ​សិទ្ធិ បាន​ក្រោក​ពី​ព្រលឹម ដើម្បី​រៀបចំខ្លួន​ធ្វើដំណើរ​ទៅ​ប្រឡង​ នៅ​មណ្ឌល​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ជាមួយ​សិស្សានុសិស្ស​រាប់រយ​នាក់​ទៀត​។​

​នៅខាងមុខ​សាលា​មុននឹង​ទៅ​តម្រង់​ជួរ​ចូលទៅ​ប្រឡង ឫទ្ធិ​សិទ្ធិ ​បាន​សំ​ណេះ​សំ​ណា​ល​ជាមួយ​មិត្តភ័ក្ដិ​របស់គេ ​ពីរ​នាក់​ទៀត ​ដែល​កំពុង​ឈរ​ចាំ​យ៉ាង​អន្ទះអន្ទែង​។​
​ ​
«​ម៉េច​ឯង​សង្ឃឹម​ច្រើន​ទេ​?» គេ​បាន​សួរ​ទៅ​សិស្សស្រី​ម្នាក់​ឈ្មោះ ពិន ស្រី​លាភ អាយុ​ ១៧​ឆ្នាំ មកពី​វិទ្យាល័យ​ឫស្សីកែវ ខាងជើង​រាជធានី​ភ្នំពេញ​។​

​«​ខ្ញុំ​ខំប្រឹង​រៀន​ខ្លាំងណាស់ បើ​ប្រឡង​មិន​ជាប់​ទៀត មិនដឹងថា​ម៉េច​ទេ​!» ស្រី​លាភ បាន​ឆ្លើយ​មកវិញ ប្រកបដោយ​ទំនុកចិត្ត​ខ្លួនឯង ដោយ​បង្ហើប​ឱ្យដឹងថា​នាង​រៀន​ពូកែ​មុខវិជ្ជា​ជីវវិទ្យា​។​

​«​ចុះ​ចំណែក​ឯង​ខាង​ណេះ​វិញ​?» ឫទ្ធិ​សិទ្ធិ បាន​ងាក​មក​សួរ​មិត្តភ័ក្ដិ​ស្រី​ម្នាក់ទៀត​ឈ្មោះ មើ​ក កក្កដា អាយុ ​១៧​ឆ្នាំ មកពី​វិទ្យាល័យ​ឫស្សីកែវ​ដូច​ស្រី​លាភ​ដែរ​។​

​«​ខ្ញុំ​មិនទាន់​ដឹង​ទេ លុះត្រាតែ​ឃើញ​វិញ្ញាសា​ប្រឡង​សិន​ទើប​ដឹង​។​» កក្កដា បាន​ឆ្លើយតប​មកវិញ​ទាំង​ទឹកមុខ​ញញឹម ហើយ​និយាយ​បន្ថែមថា​នាង​រៀន​ពូកែ​មុខវិជ្ជា​គណិតវិទ្យា​។​

​នៅ​ព្រឹក​ទីមួយ​នៃ​ថ្ងៃ​ប្រឡង ឪពុកម្តាយ​សិស្ស​នាំគ្នា​ឈរ​ត្រៀបត្រា​នៅខាងមុខ​ច្រកទ្វារ​ខាងត្បូង​នៃ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ដោយ​អ្នកខ្លះ​និយាយ​សរសើរ​កូន​របស់គេ​ដែល​ខំប្រឹងប្រែង​រៀនសូត្រ ចំណែក​អ្នក​ខ្លះទៀត​ត្អូញត្អែរ​អំពី​កូន​របស់គេ​ ដែល​ដើរលេង​ច្រើន ហើយ​មិនសូវ​ខំប្រឹងប្រែង​រៀនសូត្រ​ឡើយ​។​

​«​ខ្ញុំ​មានកូន​ពីរ​នាក់​ ដែល​ត្រូវ​ប្រឡង​នៅថ្ងៃនេះ​។​» លោក ប៊ុន ឆាយ អាយុ​ ៥៦​ឆ្នាំ បាន​ប្រាប់​ទៅ​បុរស​ម្នាក់ទៀត​ឈ្មោះ ពេជ្រ លាង អាយុ​ ៣៥​ឆ្នាំ ដែល​បាន​ជូន​ប្អូនប្រុស​របស់គេ​មក​ប្រឡង​នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​ដែរ​។ គាត់​និយាយ​បន្តថា ​៖ «​កូន​ខ្ញុំ​អា​បង​ដូចជា​រៀន​ពូកែ​ជាង ​អាប្អូន​។​»

​«​បើ​កូន​រៀន​ពូកែ បង​ឯង​មិនចាំបាច់​ទៅ​ភ័យ​អី​ទេ​!» លោក ពេជ្រ លាង បាន​ឆ្លើយតប​ទៅ​លោក ប៊ុន ឆាយ ដែលមាន​មាឌធំ​ពាក់អាវ​យឺត ​ពណ៌​ក្រហម​ចាស់​។​
​ ​
«​ប៉ុន្តែ បើ​វា​ប្រឡង​ធ្លា​ក់ វា​ត្រូវ​រង់ចាំ​មួយឆ្នាំ​ទៀត យូរណាស់​។​» លោក ប៊ុន ឆាយ បាន​និយាយ​បន្ត រួច​និយាយ​បន្ថែមថា​ ៖ «​ខ្ញុំ​មិន​ខ្វល់​ថា​កូន​បាន​និទ្ទេស​អ្វី​ទេ ធ្វើ​ម៉េច​ឱ្យតែ​ប្រឡង​ជាប់​។ បើ​ប្រឡង​ជាប់ ខ្ញុំ​សន្យាថា​នាំ​ពួកវា​ទៅលេង​សៀមរាប​ពីរ​អាទិត្យ​តែម្តង​។​»

​លោក ប៊ុន ឆាយ បាន​និយាយថា​គាត់​បាន​ចំណាយ​ប្រាក់​ច្រើនណាស់​ក្នុង​រយៈពេល ​១២​ឆ្នាំកន្លងមក ដើម្បីឱ្យ​កូនប្រុស​ទាំងពីរ​របស់​គាត់​រៀនសូត្រ​។ ចំណែក​លោក ពេជ្រ លាង វិញ គាត់​បាន​និយាយថា​ប្អូន​របស់គាត់​បាន​ព្យាយាម​រៀនសូត្រ​យ៉ាងខ្លាំង ដោយ​មិនមាន​ពេលទំនេរ​ដើរលេង​នោះឡើយ​។​

​«​ប្អូន​ខ្ញុំ​ខំប្រឹង​រៀន​តាំងពី​ដើមឆ្នាំ វា​រៀន​រហូតដល់​ម៉ោង​ ១១​យប់​រាល់ថ្ងៃ​។​» លោក ពេជ្រ លាង បាន​និយាយ​សរសើរ​ប្អូន​របស់គាត់​។ ទោះបីជា​យ៉ាងណា គាត់​និយាយថា​គាត់​នៅតែ​ព្រួយបារម្ភ​ខ្លាច​ប្អូន​របស់គាត់​ប្រឡង​ធ្លាក់​។​

​«​កាលពី​ពេលមុន គេ​ប្រឡង​ពីរដង បើ​យើង​ប្រឡង​ធ្លាក់​លើកទីមួយ យើង​អាច​ប្រឡង​ម្តងទៀត​បាន​។​» លោក ពេជ្រ លាង បាន​និយាយ រួច​បន្តថា ​៖ «​ប៉ុន្តែ ពេល​ប្រឡង បើ​យើង​ភ័យ​ពេក​យើង​អាច​ប្រឡង​ធ្លាក់ ទោះបីជា​រៀន​ពូកែ​ក៏ដោយ​​»៕

​ ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684