សិស្ស​១០​នាក់​ បាន​ដួលសន្លប់​បន្តបន្ទាប់ ​ដោយ​ខ្វះ​អាហារូបត្ថម្ភ ​នៅ​អនុវិទ្យាល័យ​ស្រុក​ស្វាយទាប​

ស្វាយរៀង ៖ សិស្សានុសិស្ស​អនុវិទ្យាល័យ​ខ្ជាយ​ដួល​សន្លប់​ជា​បន្តបន្ទាប់​ មូលហេតុ​ខ្វះ​អាហារូបត្ថម្ភ​និង​បរិស្ថាន​មិនល្អ មាន​រថយន្ត​ និង​គោយន្ត​ដឹក​ដី​ធ្វើ​ចរាចរណ៍​ក្បែរ​សាលា ​បង្ក​ឲ្យ​ហុយ​ធូលី​ដី​ចូល​ក្នុង​បន្ទប់រៀន​ ​បង្ក​ឲ្យ​សិស្ស​ថប់ដង្ហើម​ ណែន​ទ្រូង ពិបាក​ដកដង្ហើម ​វិលមុខ​ដួល​សន្លប់​តែម្ដង​។​

ករណី​សិស្ស​ដួលសន្លប់​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៨​និង​០០​នាទី​ ព្រឹក​ថ្ងៃទី​២៣​ ខែ​មករា​ ឆ្នាំ​២០២០​នៅ​សាលា​អនុវិទ្យាល័យ​ខ្ជាយ ​ស្ថិតនៅ​ភូមិ​ខ្ជាយ​ ឃុំ​រមាំង​ថ្កោល​ ស្រុក​ស្វាយទាប​។​

បើតាម ​លោក​ឡុ​ច​ ខឹ​ក នាយក​អនុវិទ្យាល័យ​ខ្ជាយ​បាន​ឲ្យ​ដឹង​ថា សិស្ស​សរុប​ចំនួន​១៨១​នាក់ ​ស្រី​៩៥​នាក់​(​ស្មើ​៦​ថ្នាក់​)​ គឺ​ថ្នាក់​ទី​៧​ ដល់​ថ្នាក់​ទី​៩​ ហើយ​ក្នុង​១​ថ្នាក់​ សិស្ស​២៨​នាក់ ​ទៅ​៣០​នាក់ ​​សិស្ស​ដួល​សន្លប់​នេះ ​គឺ​ថ្ងៃទី​២០​មករា ​ដួលសន្លប់​៧​នាក់​។ ​ហើយ​នៅ​ថ្ងៃទី​២៣​មករា​នេះ ​ដួលសន្លប់​១០​នាក់​ទៀត​ ប្រុស​១​នាក់ ​សរុប​ឡើង​ដល់​១៧​នាក់។​

លោកនាយក​បន្តទៀតថា នៅ​ព្រឹក​ថ្ងៃទី​២៣​មករា​នេះ​ ដួលសន្លប់​១០​នាក់ ​ក្នុងនោះ​មាន​អ្នក​ដួល​សន្លប់​ចាស់​៣​នាក់​(​ថ្ងៃទី​២០​មករា​ មាន​៧​នាក់ ​ថ្ងៃ​ទី​២៣​ សន្លប់​ម្តងទៀត​។​

លោកនាយក​បាន​បញ្ជាក់​ថា បើ​តាម​ការស្រាវជ្រាវ​សិស្ស​ដែល​ដួល​សន្លប់​ គឺ​មូលហេតុ​ចម្បង ខ្វះ​អាហារូបត្ថម្ភ គាត់​មិនបាន​ហូប​អាហារ​ពេលព្រឹក​ ភាគច្រើន​ឪពុកម្ដាយ​ធ្វើការ​រោងចក្រ​ ម្យ៉ាង​ឪពុក​ម្តាយ​ឲ្យ​ប្រា​ក់មក​ហូប​ចំណីអាហារ​នៅ​សាលារៀន​ ក្មេង​មើល​ហ្វេ​ស​ប៊ុ​ក​ច្រើន ​អត់​សូវ​បាន​សម្រាក​និង​ដេក​យប់​ជ្រៅ បណ្តាល​ឲ្យ​អត់ងងុយ​ ខ្សោយ​គ្មាន​កម្លាំង ​និង​ខ្វះ​អាហារូបត្ថម្ភ ​និង​មកពី​បរិស្ថាន​អាក្រក់​ យានយន្ត​ដឹក​ដី​បង្ក​ហុយធូលី​ចូល​បន្ទប់រៀន គ្មាន​កង្ហារ​ដាក់​ក្នុង​បន្ទប់ ហើយ​មន្ត្រី​បរិស្ថាន​បាន​ប្រកាស​ថា មាន​កំហាប់​សម្ពៀត​ខ្យល់​៦០​ធ្វើ​ឲ្យ​ពិបាក​ដកដង្ហើម​ទើប​ដួលសន្លប់​។​

ករណី​សិស្ស​ដួលសន្លប់​នេះដែរ​ លោក​តូច​ ប៉ូ​លី​វ៉ា ​អភិបាលរង​ខេត្ត​ក៏បាន​ចុះ​ទៅពិនិត្យ​ និង​សួរសុខ​ទុក្ខ​សិស្ស​រងគ្រោះ​ទាំងនោះ​ដែរ​។

​លោក​ តូច ​ប៉ូ​លី​វ៉ា បាន​មានប្រសាសន៍ថា ទី​១​-សិស្ស​រងគ្រោះ​ខ្វះ​អាហារូបត្ថម្ភ មូលហេតុ​សិស្ស​ដេក​មិនបាន​គ្រប់គ្រាន់ ​ខ្លះ​មាន​ម្តាយ​ឆ្លងទន្លេ​ ខ្លះ​ឪពុកម្ដាយ​ធ្វើការ​រោងចក្រ​គ្មាន​ពេល​មើលថែទាំ​កូនៗ លើ​ការ​ញ៉ាំ​អាហារ​គ្រប់គ្រាន់​តាម​របរ​អាហា​រ​ ខ្វះ​ការ​តាម​ដាម​ពេល​កូន​ដេក​(​មើល​ទូរស័ព្ទ​ច្រើន​មិន​ងាយ​ចូលដេក​)​ពេល​មក​សាលា​មិន​ញ៉ាំ​អាហារ​ពេលព្រឹក​(​អត់​អាហារ​ពេលព្រឹក​)​ញ៉ាំ​ចំណីអាហារ​លក់​ក្នុង​សាលា​ខ្វះ​អនាម័យ​(​ដូចជា​ទឹក​ផ្លែឈើ​ហួល​កាលបរិច្ឆេទ តែ​ជ្រក់​ធ្វើ​ខ្លួនឯង​គ្មាន​អនាម័យ​ និង​មាន​នំ​បាញ់​ត្រាង​ដាក់​ថង់​នាំចូល​ពី​ប្រទេស​វៀតណាម​។​ល​។ ​មាន​យានយន្ត​ដឹក​ដី​ធ្វើ​ចរាចរណ៍​នៅ​ជាប់​របង​សាលា​ធ្វើ​ឲ្យ​ហុយធូលី​ដី​ចូលក្នុង​បន្ទប់រៀន​ ទាំងនេះ​ដែល​នាំ​ឲ្យ​សិស្ស​ដែល​មាន​កម្លាំង​ខ្សោយ​ដួល​សន្លប់​ជា​បន្តបន្ទាប់​។​

លោក តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត​បាន​អំពាវនាវ​ដល់​មាតាបិតា​អាណាព្យាបាល​សិស្ស​ទាំងអស់​ ត្រូវ​ចូលរួម​ពិនិត្យ​តាមដាន​កូនៗ​បញ្ហា របប​អាហារ​កូន​ ការរស់នៅ​ដេកពួន​ឲ្យ​ទៀងពេល កុំ​បណ្ដោយ​ឲ្យ​មើល​ទូរស័ព្ទ​ដល់​យប់​ជ្រៅ និង​បានដាក់​បទបញ្ជា​ដល់​លោកគ្រូ ​អ្នកគ្រូ ពិនិត្យ​ និង​សំអាត​ទីធ្លា​សាលា​បន្ទប់រៀន អ្នក​លក់ដូរ​ក្នុង​សាលា​ត្រូវ​ឲ្យ​មាន​អនាម័យ ចំណីអាហារ​ ឬ​ភេសជ្ជៈ​ណា​មិនគួរ​ឲ្យ​លក់​ ត្រូវ​ហាម ​និង​កុំ​ឲ្យ​យកមក​លក់​ទៀត​។​

លោក​វេជ្ជបណ្ឌិត ​សរ សុខ​ចំរើន ​ប្រធាន​មន្ទីរពេទ្យ​ស្រុក​ស្វាយទាប​បាន​ឲ្យ​ដឹងថា មកដល់​ថ្ងៃទី​២៣​ខែ​មករា ឆ្នាំ​​២០២០​នេះ​ សិស្ស​រងគ្រោះ​នៅ​សង្គ្រោះ​បន្ទាន់​១២​នាក់​ ស្រី​១១​នាក់ ​ប្រុស​១​នាក់​ ក្នុងនោះ​ធ្ងន់ធ្ងរ​២​នាក់ ​ស្រី​ទាំង​២​នាក់ ​ត្រូវ​បញ្ជូនទៅ​មន្ទីរពេទ្យ​ខេត្ត​ស្វាយរៀង​ដើម្បី​សង្គ្រោះ​។

​សូមបញ្ជាក់ ​នៅ​ថ្ងៃទី​២០​មករា​ សិស្ស​អនុវិទ្យាល័យ​ខ្ជាយ​ដួល​សន្លប់​៧​នាក់ ​សិស្ស​វិទ្យាល័យ​ប្រសូតិ​ដួល​សន្លប់​៤​នាក់ ​សរុប​១១​នាក់​ នៅ​ថ្ងៃទី​២២​ សិស្ស​វិទ្យាល័យ​ប្រសូតិ​ដួលសន្លប់​៥​នាក់​(ស្រី)​ ក្នុង​នោះ​អ្នក​ដួលសន្លប់​ចាស់​២​នាក់ ​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​ស្វាយរៀង​។​

នៅ​ថ្ងៃទី​២៣​មករា​នេះ​ សិស្ស​អនុវិទ្យាល័យ​ខ្ជាយ ​ដួលសន្លប់​១០​នាក់ ​ប្រុស​១​នាក់ ​អ្នក​ចាស់​៣​នាក់​ធ្ងន់ធ្ងរ​១​នាក់​ស្រី​។ ​


អត្ថបទ ៖ គឹម ​សេង



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114