សុទ្ធតែធ្លាប់ជាប់ពន្ធនាកគារ ចេញមកវិញជួញដូរគ្រឿងញៀនទៀតត្រូវចាប់បញ្ជូនទៅតុលាការជាលើកទីពីរ

បន្ទាយមានជ័យ ៖ នគរបាលការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលក្រុងសិរីសោភ័ណ ស្រាវជ្រាវនិងបង្រ្កាបចាប់ឃាត់ខ្លួនជាបន្តបន្ទាប់នៅមុខសញ្ញាជួញដូរគ្រឿងញៀនចំនួន២នាក់ ធ្លាប់ជាប់ពន្ធនាគារម្នាក់៤ឆ្នាំ រួមទាំងវត្ថុតាងថ្នាំញៀនមួយចំនួនធំបញ្ជូនទៅតុលាការ ។

លោកវរសេនីយ៍ទោ ង៉េង សុជា ស្នងការរង ទទួលការងារប្រឆាំងបទល្មើសគ្រឿងញៀន បានឲ្យដឹងថា៖ដើម្បីអនុវត្តនូវគោលនោយបាយ ភូមិ ឃុំ មានសុវត្ថិភាព ប្រជាពលរដ្ឋរស់នៅសុខសាន្ត និងអនុវត្តបទបញ្ជាយ៉ាងម៉ឺង ម៉ាត់ចំពោះបទល្មើសគ្រឿងញៀនទាំងការជួញដូរនិងការប្រើប្រាស់ត្រូវតែធ្វើការស្រាវជ្រាវឲ្យដូចជាភ្លៀង​រលឹម​ របស់លោកឧត្តមសេនីយ៍ទោអាត់ ខែម ស្នងការនគរបាលខេត្ត បន្ទាយមានជ័យ ។

ជាលទ្ធផល នៅវេលាម៉ោង៤និង៥០នាទី ល្ងាចថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០ កម្លាំងនគរបាលការិយាល័យជំនាញប្រឆាំងគ្រឿងញៀន និងកម្លាំងនគរបាលអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ បានធ្វើការស្រាវជ្រាវតាមវិធានការជំនាញនិងឈានដល់ការចាប់ឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀន យ៉ាងសកម្មម្នាក់នៅនឹងផ្ទះជនសង្ស័យឈ្មោះ នី សិឡា ភេទប្រុអាយុអាយុ២៩ឆ្នាំ នៅភូមិព្រហូត សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ នៅក្នុងប្រតិបត្តិការនេះកម្លាំងនគរបាលយើងបានធ្វើការដកហូតវត្ថុតាង ថ្នាំញៀន ម្សៅក្រាមពណ៌ សថ្លា ចំនួន៣ថង់ ដបកែច្នៃសម្រាប់ជក់១ សំបកថង់មួយចំនួន បំពង់ប៊ឺតមួយចំនួននិងទូរស័ព្ទដៃចំនួន២គ្រឿង។

លោកស្នងការរង វរសេនីយ៍ទោង៉េង សុជា បានបន្តទៀតថា ក្រោយពីចាប់ឃាត់ខ្លួន​ឈ្មោះ នី សិឡា និងធ្វើការសាកសួរចម្លើយ នៅថ្ងៃដដែលកម្លាំងនគរបាលយើងបានបន្តទៅចាប់ឃាត់ខ្លួនឈ្មោះ លី ទីណា ភេទប្រុសអាយុ២៩ឆ្នាំ មានទីនៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ត្រង់ចំណុចភូមិប្រហូត សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ។ នៅក្នុងការចុះបង្រ្កាបនេះ កម្លាំងនគរបាលឆែកឆេររកឃើញថ្នាំញៀនម្សៅក្រាមពណ៌សថ្លា ចំនួន៧ថង់ ទូរស័ព្ធចំនួន២គ្រឿងនិងរថយន្ត១គ្រឿង ។ នៅក្នុងកិច្ចប្រតិបត្តិការទាំង២ករណីនេះ សមត្ថកិច្ចចាប់ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ រឹបអូសវត្ថុតាងថ្នាំញៀន សរុបចំនួន១០ថង់ ដបកែច្នៃសម្រាប់ជក់១ គម្រដបកែច្នៃសម្រាប់ជក់១ បំពង់ទាម៉ូម៉ែត្រ១ សំបកទាម៉ូម៉ែត្រ២ ដែកកេះ១ សំបកសម្រាប់វិចខ្ចប់មួយចំនួន បំពង់ប៊ឺតមួយចំនួន ទូរស័ព្ទដៃ៤គ្រឿង និងរថយន្ត១គ្រឿង ។

លោកស្នងការរង បានបញ្ជាក់បន្ថែមថា មុខសញ្ញាជួញដូរគ្រឿងញៀនទាំង២នាក់នេះ គឺជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារម្នាក់ៗចំនួន៤ឆ្នាំ ពីបទជួញដូរគ្រឿង ចេញមកវិញបានជិត១ឆ្នាំ តែមិនពួកគេមិនរាងចាល បន្តប្រព្រឹត្តបទល្មើសជួញដូរគ្រឿងញៀនដដែល ។បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានកម្លាំងនគរបាលជំនាញការិយាល័យប្រឆាំងគ្រឿងញៀន បានរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ។

អត្ថបទ៖ អពៅ