BREAKING NEWS
Search

សុះ ម៉ាច ផ្ដាំផ្ញើ​ឲ្យ​បេក្ខភាព​ប្រធាន​ថ្មី​រក្សា​ភាព​ស្មោះត្រង់​

​ភ្នំពេញ ​៖​ តារាចម្រៀង​ប្រុស​ល្បីឈ្មោះ ​និង​ជា​ប្រធាន​សមាគម​សិល្បករ​កម្ពុ​ជា​ លោក សុះ ម៉ាច ស្រប​ពេលដែល​អាណត្តិ​ជា​ប្រធាន​សមាគម​សិល្បករ​កម្ពុ​ជា​របស់លោក​ឈាន​ជិត​ដល់ពេល​ផុត​អាណត្តិនោះ ​​បាន​ផ្ដាំផ្ញើ ​និង​ប្រាប់​ដល់​បេក្ខភាព​ថ្មី​ដែល​ត្រូវ​បាន​បោះឆ្នោត​ជា​ប្រធាន​ត្រូវ​រក្សា​ភាពស្មោះត្រង់​ និង​អព្យាក្រឹត្យ​។​

លោក សុះ ម៉ាច បាន​លើកឡើង​ថា​ ការដែល​រក្សា​ជីវិត​បាន​ឆ្លង​ផុត​មួយឆ្នាំៗ​ គឺ​មិនធម្មតា​ទេ ​គឺ​ត្រូវ​ឆ្លង​កាត់​នូវ​បញ្ហា​ជាច្រើន​មានដូចជា បញ្ហា​សុខភាព​បញ្ហា​សេដ្ឋកិច្ច​បញ្ហា​ក្នុង​រង្វង់​គ្រួសារ​ បញ្ហា​ក្រៅ​រង្វង់​គ្រួសារ ដែល​ត្រូវ​ប្រឈមមុខ​ដោះស្រាយ​។​ ចំពោះ​រូបខ្ញុំ​ផ្ទាល់ ​ខ្ញុំ​បាន​ជួប​គ្រប់​បញ្ហា​ទាំងនេះ ​ប៉ុន្តែ​បញ្ហា​ក្រៅ​រង្វង់​គ្រួសារ​ជាពិសេស​ក្នុង​រង្វង់​សិល្បៈ​វា​ច្រើន ​និង​ធ្ងន់ធ្ងរ​សឹងតែ​លែង​ឃ្លានបាយ​ លែង​ឃ្លាន​ទឹក​ ដេក​មិន​លក់​អស់​ជាច្រើន​ថ្ងៃ​ ដែល​ខ្ញុំ​មិនដែល​ធ្លាប់​ជួប​ទាល់តែសោះ ​ព្រោះតែ​ទទេ​ៗ ​គេ​យក​បញ្ហា​មក​ទម្លាក់​ឲ្យ​ខ្ញុំ​ចេញមុខ​ដោះស្រាយ​។​

តារា​ប្រុស​មាន​ប្រជាប្រិយភាព ​លោក សុះ ម៉ាច បាន​បន្តទៀតថា​ វា​ហួស​ពី​សមត្ថភាព​ និង​ប៉ះពាល់​ដល់​កិត្តិយស​ដែល​ខំ​សាង​ល្អៗ​ ដើម្បី​បន្សល់​ទុកជា​គំរូ ដល់​អ្នក​សិល្បៈ​ជំនាន់​ក្រោយ​ និង​ក្រុមគ្រួសារ​កូនចៅ​របស់ខ្ញុំ​។​

មិន​ត្រឹមតែ​ប៉ុណ្ណោះ​ អ្នក​ប៉ែង​ជើង​ខ្ញុំ​ទៀត​ និយាយ​មួយ​ម៉ាត់​ដោយ​ខ្លី​ ខ្ញុំ​បាន​តាំងចិត្ត​ហើយ ​ក្នុង​មួយ​ជីវិត​នេះ ​ខ្ញុំ​មិន​បោះបង់​ភាពស្មោះត្រង់​ មិន​ក្បត់​ឧត្ដមគតិ​ និង​មនសិការ​របស់ខ្ញុំ​ឡើយ។​

ជាមួយគ្នានេះ ​លោក សុះ ម៉ាច បាន​បន្ថែម​ថា សុខចិត្ត​ក្រ​មិន​យក​កិត្តិយស​ និង​ឧ​ត្ត​ម​គតិ​ទៅ​ប្តូរ​នឹង​លុយ ​បុណ្យស័ក្ដិ តួនាទី​ដាច់ខាត​ រាល់​រឿងរ៉ាវ​ដែល​ពាក់ព័ន្ធ​នយោបាយ ​និង​ក្រៅ​រង្វង់​សិល្បៈ​ ខ្ញុំ​មិន​អាច​លូកដៃ​ឡើយ​ ព្រោះ​វា​ខុស​ទៅ​នឹង​លក្ខន្តិកៈ​របស់​សមាគម​ តែ​ភាព​ស្ងៀមស្ងាត់​ និង​អត់ធ្មត់​របស់​ខ្ញុំ ​ទីបំផុត​ខ្ញុំ​ចៀសផុត​បញ្ហា​ទាំងនេះ​។

​ឥឡូវនេះ​ តួនាទី​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​របស់ខ្ញុំ​ក៏បាន​បញ្ចប់​ក្នុង​ដើមឆ្នាំ​២០១៧​ហើយ​ដែរ​ ក្រោយពី​ដឹកនាំ​ពីរ​អាណត្តិ​៦​ឆ្នាំ ​គ្រាន់តែ​រង់ចាំ​ការបោះឆ្នោត​រក​ប្រធាន​ថ្មី​ខាងមុខ​ដ៏​ខ្លី​ដើម្បី​មក​ដឹកនាំ​បន្ត​តែប៉ុណ្ណោះ​។

​ដូច្នេះ​ សូម​រៀមច្បង​មិត្ត​សិល្បៈ​បងប្អូន​ដែលមាន​បំណង​ចង់​ឈរឈ្មោះ​បេក្ខភាព​ជា​ប្រធាន​សូម​ត្រៀម​លក្ខណៈ​សម្បត្តិ​ឲ្យ​ហើយ (​ចំណេះដឹង សីលធម៌​ សុជីវធម៌ ស្មោះត្រង់ សេចក្ដីថ្លៃថ្នូរ គោរព​ការងារ ​និង​ពេលវេលា ត្រូវ​ប្រកាន់​ជំហរ​( អព្យាក្រឹត្យ )​នេះ​ជា​លក្ខន្តិកៈ​របស់​សមាគម​សិល្បករ​ខ្មែរ ដែល​បាន​ចុះ​ក្នុង​បញ្ជី​នៅក្នុង​ក្រសួងមហាផ្ទៃ )៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114