BREAKING NEWS
Search

សុះ ម៉ាច អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​អ្នកធ្វើដំណើរ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​នាឱកាស​បុណ្យចូលឆ្នាំ​ថ្មី

ភ្នំពេញ ​៖ ​ឆ្លៀតឱកាស​នៃ​ពិធីបុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណី​ជាតិ​ខ្មែរ ​កៀក​ចូល​មកដល់​នាពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​ទៀត​នេះ​ តារា​សម្តែង​ និង​ ជា​ប្រធាន​សមាគម​សិល្បករ​កម្ពុ​ជា​លោក សុះ ម៉ាច ថ្មីៗ​នេះ​បានចេញ​សារ​អំពាវនាវ និង ស្នើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​ស្រទាប់​វណ្ណៈ​ទាំងអស់​ ​ដែល​ត្រៀម​ធ្វើដំណើរ​បើកបរ​តាម​ផ្លូវ​ទៅលេង​ស្រុកកំណើត ​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​។

ម្យ៉ាង​លោក សុះ ម៉ាច ក៏​ស្នើ​ដល់​សមត្ថ​កិច្ច​ត្រូវ​បន្ត​ការ​រឹត​បន្តឹង​ផង​ដែរ​។ តាមរយៈ​សារ​អំពាវនាវ​របស់លោក សុះ ម៉ាច បាន​លើកឡើង​ថា ថ្ងៃ​បុណ្យទាន​សម្រាប់​បណ្តា​ប្រទេស​នានា​ជាពិសេស​នៅ​អឺរ៉ុប​និង​អាមេរិក​ រដ្ឋាភិបាល​គេ​រឹតបន្តឹង​កាន់តែខ្លាំង​នូវ​ច្បាប់​ចរាចរ ព្រោះថា​ថ្ងៃ​នោះ​ជា​ថ្ងៃ​ដែល​មាន​អត្រា​នៃ​គ្រោះថ្នាក់​ចរាចរណ៍​ខ្ពស់​បំផុត​។ សម្រាប់​ប្រទេស​យើង​រដ្ឋាភិបាល​ក៏​គួរតែ​អនុវត្តន៍​តាម​គេ​នោះ​កាន់តែ​ប្រសើរ។

សូម​បងប្អូន​អ្នកដំណើរ​ទាំងឡាយ​មេត្តា​បើកបរ​ដោយ​ប្រុងប្រយ័ត្ន ​និង​ គោរព​នូវ​ច្បាប់​ចរាចរ​ឲ្យ​បាន​គ្រប់​ៗ​គ្នា។ សូម​កុំ​ឲ្យ​លោកអ្នក​ក្លាយខ្លួន​ទៅជា​ឃាតក​នៅ​តាម​ដងផ្លូវ​ឲ្យ​សោះ​ រីឯ​ការ​ជួបជុំ​ផឹកស៊ី​សប្បាយ​សូម​កុំ​ឲ្យក្លាយ​ទៅជា​ហិង្សា​។ ពិសា​គ្រឿង​ស្រវឹង​ដោយមាន​ការទទួលខុសត្រូវ​។​ នេះ​ជាស​ម្តី​លោក សុះ ម៉ាច បន្ត​អំពាវនាវ​ដល់​មហាជន។

ប្រធាន​សមាគម​សិល្បករ​កម្ពុជា​ជិត​ផុត​អាណត្តិ​លោក សុះ ម៉ាច បាន​បន្ថែម​ថា ​សូម​ជូនពរ​ដល់​ជន​រួម​ឈាម​ខ្មែរ​ទាំង​អស់ទាំង​ក្នុង​ និង ​ក្រៅ​ប្រទេស​ទទួលបាន​នូវ​ពុទ្ធិ​ពរ​បួន​ប្រការ​គឺ​អាយុ វណ្ណៈ សុ​ខៈ ព​លៈ សុ​វត្ថិភាព សុភមង្គល សំណាងល្អ ពេញ​មួយឆ្នាំ​គ្រប់ៗ​គ្នា។

សូម​ឲ្យ​ព្រះរាជាណាចក្រ​ខ្មែរ​ទទួល​បាន​នូវ​សុខសន្តិភាព​ និង​ការ​រួបរួម​។ ខ្មែរ​ស្រឡាញ់​ខ្មែរ រួមគ្នា​ធ្វើ​អ្វី​ដែល​ជា​ប្រយោជន៍​ដើម្បី​ជាតិខ្មែរ​ នេះ​ជា​បំណង​ល្អ​ពី​ខ្ញុំព្រះករុណា ខ្ញុំបាទ សុះ ម៉ាច សូមអរ​ព្រះ​គុណ​និង​អរគុណ​៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114